Site icon Kakcent

ជួប​វិបត្តិ​ហិរញ្ញវត្ថុ​តើ​គួរចាប់ផ្តើម​ធ្វើ​អ្វី​មុន​គេ?

ជួប​វិបត្តិ​ហិរញ្ញវត្ថុ​តើ​គួរចាប់ផ្តើម​ធ្វើ​អ្វី​មុន​គេ?

​វិបត្តិ​ហិរញ្ញវត្ថុ​ ​គឺជា​បញ្ហា​មួយ​ដ៏​ស្មុគ​ស្មាញ​បំផុត​មិន​ងាយ​នឹង​ដោះស្រាយ​ចេញ​នោះ​ទេ​ ​ប្រសិនបើ​មនុស្ស​ដែល​ជួប​បញ្ហា​នោះ​មិនសូវ​ចេះ​តស៊ូ​ព្យាយាម​ ​និង​មិន​មាន​សមត្ថភាព​ក្នុង​ការស្វែងរក​ដំណោះស្រាយ​ដើម្បី​រំ​ដោះខ្លួនចេញ​ពី​រណ្ដៅ​បញ្ហា​នេះ​ទេ​នោះ​។​ ​ទាំង​យើង​ទាំង​គេ​ ​មិន​មាន​នរណា​ម្នាក់​ចង់​ជួប​វិបត្តិ​មួយ​នេះ​ឡើយ​ ​តែ​បើ​ជ្រុល​ជា​ជួប​ទៅ​ហើយ​យើង​គួរ​ស្វែងរក​ផ្លូវ​ចេញ​មួយ​ដ៏​ត្រឹមត្រូវ​ ​ដើម្បី​អាចឲ្យ​ខ្លួន​យើង​រួចផុត​ពី​វិបត្តិ​មួយ​នេះ​បាន​។​ ​ខាងក្រោម​ជា​ជំហាន​មួយ​ចំនួន​ដែល​យើង​អាច​ធ្វើ​បាន​នៅពេលដែល​យើង​បាន​ធ្លាក់ខ្លួន​ ​ចូល​ទៅ​ក្នុង​រណ្ដៅ​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​។​

​ជំហាន​ទី​១​ ​ប្រឈមមុខនឹង​បញ្ហា​៖​ ​

នៅពេលដែល​យើង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ ​រឿង​ដំបូង​គេ​ដែល​យើង​គួរ​ធ្វើ​នោះ​គឺ​ការ​ទទួលស្គាល់​ការពិត​ថា​ ​យើង​កំពុង​ជួប​បញ្ហា​មួយ​នេះ​ ​យើង​មិន​ត្រូវ​គេច​វេ​ស​ពី​បញ្ហា​នេះ​ឡើយ​ ​ព្រោះ​ការ​គេច​វេ​ស​វា​មិនបាន​ជួយ​យើង​ឲ្យ​ចេញ​ផុត​ពី​បញ្ហា​មួយ​នេះ​បានទេ​ ​ដូច្នេះ​ហើយ​ត្រូវ​ទទួលស្គាល់​វា​ ​ហើយ​រក​វិធី​ដោះស្រាយ​តាម​បែប​វិជ្ជមាន​ ​ហើយ​ព្យាយាម​រំ​ដោះខ្លួនចេញ​ម្ដង​បន្តិចៗ​នោះ​យើង​នឹង​អាច​រួចផុត​ពី​វិបត្តិ​នេះ​ជាមិនខាន​នៅ​ពេលណា​មួយ​។​


​ជំហាន​ទី​២​ ​បង្កើត​កញ្ចប់​ថវិកា​ ​និង​គ្រប់គ្រង​លំ​ហូរ​សាច់ប្រាក់​ ​៖​

​មូលហេតុ​ចម្បង​ដែល​នាំ​យើង​មក​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​ក៏​អាច​បណ្ដាលមកពី​ការចាយវាយ​របស់យើង​ ​រួម​មាន​ដូចជា​ ​ការកំណត់​ប្រភព​ចំណាយ​មិនបាន​ត្រឹមត្រូវ​ ​និង​ចាយវាយ​តាមតែ​ចិត្ត​របស់​ខ្លួន​ ​និង​គ្មាន​ផែន​ការចាយវាយ​ជាដើម​។​ ​យើង​គួរតែ​ពិនិត្យ​ឡើងវិញ​នូវ​ប្រភព​ចំណាយ​របស់យើង​ ​ឲ្យបាន​ច្បាស់​ថា​ ​ក្នុងចំណោម​ប្រភព​ចំណាយ​ទាំងនោះ​ ​មួយ​ណា​ដែល​យើង​ត្រូវតែ​ចំណាយ​ចាំបាច់​ ​មួយ​ណា​ជា​ចំណាយ​មិន​ចាំបាច់​។​ ​ក្រោយ​ពី​កំណត់​ប្រភព​ចំណាយ​រួចរាល់​ ​យើង​គួរតែ​រៀបចំផែនការ​ថ្មី​មួយ​ផ្ទាល់ខ្លួន​ដែល​សមស្រប​ទៅ​នឹង​ស្ថានភាព​ហិរញ្ញវត្ថុ​យើង​។​


ជំហាន​ទី​៣​ ​បង្កើន​ប្រភព​ចំណូល​៖​

​ដើម្បី​ចេញ​ឲ្យ​ផុត​ពី​វិបត្តិ​ហិរញ្ញវត្ថុ​បាន​គឺ​តម្រូវ​ឲ្យ​យើង​ខិតខំ​ប្រឹងប្រែង​ខ្លាំង​ជាមុន​ ​ព្រោះ​ក្នុង​ដំណាក់កាល​នេះ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់យើង​មិនសូវ​ជា​ល្អ​ប៉ុន្មាន​ទេ​ ​អ៊ីចឹង​ហើយ​ ​បើ​យើង​មិន​ខំ​រកចំណូល​ឲ្យបាន​ច្រើនជាង​មុន​ទេ​ ​មិន​ដឹង​ពេលណា​យើង​បាន​ត្រឡប់មក​រក​ស្ថានភាព​ហិរញ្ញវត្ថុ​ល្អ​ប្រសើរ​វិញ​នោះ​ឡើយ​។​ ​ក្នុង​ពេលនេះ​ ​យើង​គួរ​ស្វែងរក​ការងារ​ក្រៅ​ម៉ោង​បន្ថែម​នៅ​ពេលទំនេរ​ ​អាច​លក់​ផលិតផល​ឬ​សេវាកម្ម​ដែល​យើង​អាច​ធ្វើ​បាន​ ​ហើយ​យើង​ក៏​អាច​លក់​របស់​មួយ​ចំនួន​ដែល​យើង​មិន​ត្រូវការ​ដើម្បី​យក​ចំណូល​ផង​ដែរ​ក្នុង​ករណី​ចាំបាច់​។​


​ជំហាន​ទី​៤​ ​ដោះស្រាយ​បំណុល​៖

​ ​ពេល​ដែល​យើង​មាន​ប្រភព​ចំណូល​សមរម្យ​មួយ​ចំនួន​ហើយ​ ​យើង​គួរតែ​គិតគូរ​ពី​កា​រដោះ​បំណុល​ផ្សេងៗ​ដែល​យើង​មាន​ឲ្យអស់​កាន់តែ​លឿន​កាន់តែ​ប្រសើរ​ ​ព្រោះ​បំណុល​ទាំងអស់​នេះ​នឹង​ធ្វើឲ្យ​យើង​កាន់តែ​ដុនដាប​ទៅ​ៗ​ ​បើសិនជា​យើង​នៅតែ​ដោះ​វា​ចេញ​មិន​អស់​។​ ​យើង​អាច​ប្រើប្រាស់​វិធីសាស្ត្រ​ដោះស្រាយ​បំណុល​តាម​បែប​ ​Snowball​ ​Method​ ​ដែល​ជា​វិធីសាស្ត្រ​មួយ​ដែល​ផ្តោត​លើ​ការ​ដោះស្រាយ​ពី​បំណុល​តូចបំផុត​រហូតដល់​បំណុល​ដែល​ធំ​ជាងគេ​បាន​ផង​ដែរ​។​លើស​ពីនេះទៅ​ទៀត​ក៏មាន​វិធី​សា​ស្រ្ត​ជាច្រើន​ផ្សេងទៀត​ដែល​យើង​អាច​ប្រើ​បាន​ ​ហើយ​វិធីសាស្ត្រ​ទាំងអស់​សុទ្ធតែ​មាន​របៀប​ ​និង​អត្ថប្រយោជន៍​ផ្សេងៗ​គ្នា​។​


​ជំហាន​ទី​៥​ ​ស្វែងរក​ជំនួយ​៖​

​យើង​មិនគួរ​ដោះស្រាយបញ្ហា​ហិរញ្ញវត្ថុ​ដែល​យើង​កំពុង​ជួប​តែម្នាក់ឯង​នោះ​ទេ​ ​យើង​គួរតែ​ស្វែងរក​ ​គ្រួសារ​ ​មិត្តភក្តិ​ ​មនុស្ស​ដែល​យើង​ស្គាល់​ ​និង​ជំនាញ​ហិរញ្ញវត្ថុ​ ​ដើម្បី​ជួយ​យើង​ក្នុង​ប្រឹក្សា​យោបល់​ ​និង​ដោះស្រាយបញ្ហា​ដែល​យើង​កំពុងតែ​ជួបប្រទះ​។​

​ជា​រួមការ​គេច​វេ​ស​ពី​បញ្ហា​ក្នុងពេលដែល​យើង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​មិនមែន​ជា​រឿង​មួយ​ដែល​ល្អ​នោះ​ទេ​ ​យើង​គួរតែ​បើក​ចិត្ត​ទទួលយក​ការពិត​ ​ហើយ​ដោះស្រាយ​វា​ពី​មួយ​ដំណាក់កាល​ទៅ​មួយ​ដំណាក់កាល​ទើប​ជា​រឿង​មួយ​ដ៏​ល្អ​ ​និង​បង្ហាញ​ឲ្យ​ឃើញ​ថា​យើង​ជា​មនុស្ស​រឹងប៉ឹង​ ​ក៏ដូចជា​មាន​ទំនួល​ខុសត្រូវ​ខ្ពស់​ផង​ដែរ​៕

Exit mobile version