តំណក់ប្រេងដំបូងនៅកម្ពុជាត្រូវបានរកឃើញ/ផលិតចេញដំបូងនៅថ្ងៃ ២៩ ធ្នូ ឆ្នាំ ២០២០ ដែលជាព័ត៌មានដ៏ល្អមួយនាចុងឆ្នាំ។ ស្របពេលជាមួយគ្នានោះដែរ ក៏មានមតិជាច្រើនបានលើកឡើងថា «មកដល់ថ្ងៃនេះ ហេតុអីបានជាតម្លៃប្រេងសាំងនៅតែបន្តកើនឡើង ខណៈពេលយើងមានតំណក់ប្រេងហើយនោះ?»
តាមពិតទៅ តំណក់ប្រេងដែលយើងរកបាននោះជា «វត្ថុធាតុដើម» ដោយយើងមិនអាចយកវាទៅចាក់បញ្ចូលយានជំនិះបាននោះទេ។ វាជាប្រភេទប្រេងឆៅ ដែលមុននឹងចេញជាប្រេងឥន្ទនៈ គេត្រូវយកវាទៅចម្រាញ់ជាមុនសិន។ ដោយឡែក ក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន យើងពុំទាន់មានរោងចក្រចម្រាញ់ប្រេងឆៅនោះឡើយ។ នោះបានន័យថា យើងនៅតែបន្តនាំចូលប្រេងឥន្ធនៈ ដែលតម្លៃប្រេងឥន្ធនៈត្រូវបានកំណត់ទៅតាមតម្លៃទីផ្សារអន្តរជាតិ។ ហេតុនេះ តំណក់ប្រេងដំបូងកម្ពុជាពុំបានជះឥទ្ធិពលដល់តម្លៃប្រេងសាំងក្នុងប្រទេសកម្ពុជានោះឡើយ។
បើយើងក្រឡេកទៅមើលតម្លៃប្រេងឆៅក្នុងទីផ្សារអន្តរជាតិមានការកើនឡើងគួរឱ្យកត់សម្គាល់ ដ្បិតថាតម្រូវការប្រេងសាំងមានការកើនឡើងវិញ បន្ទាប់ពីសេចក្ដីប្រកាសរកឃើញនូវវ៉ាក់សាំងជំងឺកូវីឌ ១៩។ ការប្រកាសនេះ ធ្វើឱ្យជំនឿជឿជាក់ប្រជាជនត្រឡប់មក រីឯជំនួញអាជីវកម្មចាប់ផ្ដើមដំណើរការប្រសើរឡើង ដែលកត្តាទាំងនេះហើយដែលធ្វើឱ្យតម្រូវការប្រេងកើនក៏ឡើងដែរ។
គួរបញ្ជាក់ផងដែរថា តម្លៃប្រេងឥន្ទនៈនៅក្នុងឆ្នាំ ២០២០ សម្រាប់ប្រេងសាំងមានតម្លៃ ២៣៥០រៀល ខណៈពេលគិតត្រឹមថ្ងៃទី ២៦ ខែកុម្ភៈនេះ តម្លៃសាំងធម្មតាមានតម្លៃ ៣៥០០រៀលក្នុងមួយលីត្រ៕
ប្រភពស្រាវជ្រាវ៖
- ព័ត៌មានពាណិជ្ជកម្ម (moc.gov.kh) - របាយការណ៍សន្ទស្សន៍ថ្លៃ- ទំនិញចាំបាច់មួយចំនួននៅលើទីផ្សាររាជធានី-ខេត្ត
- http://rac.gov.kh/posts/992
- https://pressocm.gov.kh/archives/69648