ធ្លាប់អត់ អង្គុយអូស Facebook ឬ Instagram សុខៗ ឃើញគេបង្ហោះលក់អីវ៉ាន់ ដូចជាខោអាវ ស្បែកជើង ទឹកអប់ ម្ហូបអាហារ ចាប់ផ្ដើមស្រក់ទឹកមាត់ចង់ចាយលុយ អាងតែមានលុយក្នុងហោប៉ៅ ឬ ABA នៅមិនស្រណុកក្នុងខ្លួននោះអី!
តាមពិតទៅ ទាំងយើង ទាំងគេ ជាពិសេសអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ភាគច្រើនសុទ្ធតែធ្លាប់ទិញអីវ៉ាន់អនឡាញ តិចឬច្រើន ស៊ីសងលើថវិកា និងតម្រូវការ។ អ្នកខ្លះចំណាយរាប់សិប រាប់រយដុល្លារលើទំនិញអនឡាញ រួចតែងត្អូញត្អែរអំពីតម្លៃថ្លៃ ស្រណោះខ្លួនដែលចាយលុយដូចក្រដាស។
ដូច្នេះ ដើម្បីចៀសវាងរអ៊ូស្ដាយក្រោយថាអីវ៉ាន់នេះថ្លៃ អីវ៉ាន់នោះថ្លៃ បន្ទាប់ពីទិញហើយ គប្បីយល់ដឹងពីតិចនិច ៦ យ៉ាងក្នុងការទិញទំនិញតាមប្រព័ន្ធអនឡាញឲ្យអស់លុយតិច៖
១. ជ្រែតម្លៃឲ្យបានច្រើនហាងតាមតែអាចធ្វើទៅបាន
អាជីវកម្មតាមអនឡាញកំពុងរីកដុះដាលដូចផ្សិត ទូទាំងប្រទេសកម្ពុជា។ ដូចនេះ មុននឹងសម្រេចចិត្តថាជាវទំនិញនៅហាងណាមួយ គួរពិនិត្យតម្លៃឲ្យបានច្បាស់លាស់ រួចប្រៀបធៀបឲ្យបានល្អិតល្អន់ទាំងតម្លៃ និងគុណភាព ជាមួយហាងដទៃទៀតដែលលក់ទំនិញយើងចង់បានដូចគ្នា។ ជួនកាល អីវ៉ាន់នោះមានប្រភពដូចគ្នា យកចេញពីឈ្មួញកណ្ដាលឬរោងចក្រតែមួយ ក៏ប៉ុន្តែអាជីវករបានយកមកលក់ក្នុងតម្លៃខុសៗគ្នា ដើម្បីបានប្រាក់ចំណេញរៀងៗខ្លួន។ បើសិនជាអីវ៉ាន់នោះមានភិនភាគស្រដៀងគ្នា គុណភាពប្រហាក់ប្រហែលគ្នា តែតម្លៃខុសគ្នាដូចមេឃហើយនឹងដី ប្រាកដណាស់ថាយើងគួរទិញអីវ៉ាន់ពីហាងណាដែលលក់ធូរថ្លៃជាង។
២. ទិញក្នុងឱកាសពិធីបុណ្យ ឬកម្មវិធីបញ្ចុះតម្លៃ
នៅពេលមានទិវាបុណ្យម្ដងៗ មិនថាក្នុងហាងឬលក់តាមអនឡាញទេ តែងមានការប្រម៉ូសិនបញ្ចុះតម្លៃ ប៉ុន្មានភាគរយអាស្រ័យលើម្ចាស់អាជីវកម្មជាអ្នកកំណត់ ជាពិសេសបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ បុណ្យអុំទូក ឬឆ្លងឆ្នាំសកលជាដើម។ ឧទាហរណ៍ថា អាវយឺតធ្លាប់តែលក់ ៥ដុល្លារ បានបញ្ចុះ ៤០% នៅសល់ ៣ដុល្លារ។
រីឯគុណភាពអីវ៉ាន់ក្នុងពេល discount នេះ ក៏គួរពិនិត្យពិច័យឱ្យបានម៉ត់ចត់ដែរ ឬអានមតិយោបល់របស់អតិថិជនដែលធ្លាប់ទិញមកប្រើប្រាស់ (feedback) ដ្បិតថានៅតាមហាងមួយចំនួនបានយករបស់សល់យូរខែឆ្នាំ មកលក់ឲ្យអតិថិជន ក្រោមរូបភាពជាការលក់លាងឃ្លាំង។
៣. ស្វែងរកម៉ូយជាប្រចាំ
ការដែលមានអ្នកលក់ដែលខ្លួនចូលចិត្ត ពេញចិត្តនឹងផលិតផលរបស់អាជីវករនោះ គួរណាស់តែរក្សាការទាក់ទងជាមួយគាត់ឲ្យបានជិតស្និទ្ធិ។ ទំនាក់ទំនងល្អ គួបផ្សំនឹងការឧស្សាហ៍ជាវទំនិញ ផ្ដល់ការគាំទ្រដល់អាជីវកម្មគាត់ នឹងជំរុញឲ្យគាត់យកចិត្តទុកដាក់លើអតិថិជនពិសេសរបស់គាត់ តាមរយៈការចេញជាកាតសមាជិក VIP, voucher, គូប៉ុងសន្សំពិន្ទុ ឬបញ្ចុះតម្លៃច្រើនជាងអតិថិជនធម្មតា ឬពេលខ្លះថែមទំនិញឲ្យលើសពីបរិមាណដែលយើងបានកម្ម៉ង់ទៀតផង។ លើសពីនេះ ប្រសិនបើពួកគាត់ជឿជាក់ ទុកចិត្តលើយើងពេញទំហឹង ពួកគេអាចនឹងចែករំលែកនូវមេរៀន និងបទពិសោធន៍នៃការលូតលាស់អាជីវកម្ម ផ្ដល់ជាពុទ្ធិដល់យើងក៏ថាបាន។
៤. ទិញក្នុងបរិមាណច្រើន
បើសិនជាអ្នកគិតថា អ្នកត្រូវការទំនិញនោះជាទៀងទាត់ ប្រើប្រាស់ជារៀងរាល់ថ្ងៃ ហេតុអ្វីមិនទិញម្ដងឲ្យបានច្រើនតែម្ដងទៅ? ជាធម្មតា ទិញអីវ៉ាន់ក្នុងចំនួនឲ្យគ្រប់គ្រាន់ ផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃក្នុងរយៈពេលវែង នឹងជួយសន្សំសំចៃថ្លៃចំណាយបានមួយកម្រិតដែរ ព្រោះអីវ៉ាន់បោះដុំ ធូរថ្លៃជាងការទិញរាយ។ ឧទាហរណ៍ដូចសម្ភារៈផ្ទះបាយ សម្ភារៈបន្ទប់ទឹក គ្រឿងក្រអូប គ្រឿងឧបភោគបរិភោគ ឬអាហារសម្រន់ជាដើម។
៥. ទិញរបស់មួយទឹក (second-hand/used products)
មនុស្សមួយចំនួនរមែងមានគំនិតថា របស់មួយទឹកជារបស់ប្រើហើយ ជារបស់ដោយពីគេ ដែលលែងមានគុណភាព និងសោភ័ណភាពដូចដើម។ ការយល់ឃើញបែបនេះគឺមិនខុស ហើយក៏មិនសូវត្រូវដែរ។ ជាក់ស្ដែង ទូរសព្ទដែលយើងប្រើប្រាស់ កំពុងកាន់នៅនឹងដៃ កំពុងដាក់លក់ត្រៀបត្រាតាមហាង ឬអនឡាញ មិនតិចទេដែលជារបស់មួយទឹកពីអាមេរិក ឬសាំងហ្គាពួរ។ តែកុំមើលងាយណា បើប្រើដោយថែ និងប្រុងប្រយ័ត្នខ្ពស់ អាចគង់វង្សជាងទូរសព្ទថ្មីក៏ថាបាន។ របស់មួយទឹក គឺធូរថ្លៃជាងអីវ៉ាន់ថ្មី ហើយម្ចាស់ដើមខ្លះ ប្រើប្រាស់វាបានតែម្ដង ឬពីរដងប៉ុណ្ណោះ ដូចជាគ្រឿងអេឡិចត្រូនិក គ្រឿងសង្ហារិម សម្លៀកបំពាក់កូនក្មេង ឬសៀវភៅជាដើម។
៦. សេវាថ្លៃដឹកជញ្ជូន
ហេតុផលចម្បងរបស់អ្នកចូលចិត្តទិញទំនិញអនឡាញ គឺភាគច្រើនរវល់ ហើយខ្ជិលចំណាយពេលត្រាច់ចរទៅហាង ដោយសារមានអ្នកចាំដឹកអីវ៉ាន់ឲ្យរួចជាស្រេច។ ហាងខ្លះមិនគិតថ្លៃដឹកជញ្ជូនបើសិនជាយើងកុម្ម៉ង់ច្រើន ហាងខ្លះបញ្ជូលថ្លៃដឹកក្នុងទំនិញហើយស្រេច។ ហាងខ្លះទៀតកំណត់ថា បើសិនអតិថិជនចំណាយលើសពីប៉ុន្មានដុល្លារ នោះនឹងឥតគិតថ្លៃលើសេវាដឹកជញ្ជូន។ ថ្លៃដឹកនេះទៀតសោតអាចថ្លៃ ឬថោក អាស្រ័យលើថាគោលដៅដែលយើងចង់ឲ្យគេដឹកមកឲ្យនោះ ឆ្ងាយពីហាងប៉ុនណា (ហាងខ្លះគិតរយៈចម្ងាយជាគីឡូម៉ែត្រ)។
ជាការល្អ អ្នកគួរតែស៊ើបរកពីទំតាំងហាងលក់អនឡាញឲ្យបានច្បាស់លាស់មុនជាមុនសិន ព្រោះជួនកាលវានៅជិតសាលាដែលយើងរៀន ការិយាល័យដែលយើងធ្វើការ ឬហាងកាហ្វេដែលយើងត្រូវទៅ នោះថ្លៃដឹកអាចនឹងថោកជាង បើប្រៀបទៅនឹងទីតាំងផ្ទះរបស់យើង។ ចុះបើហាងនៅកណ្ដាលក្រុង ហើយផ្ទះយើងនៅដល់ជាយក្រុងឯណោះ សាកស្រមៃថាសេវាដឹកជញ្ជូនថ្លៃប៉ុនណាទៅ។
យើងឃើញថា មកទល់ពេលបច្ចុប្បន្ននេះ ភាគច្រើននៃហាងលក់ទំនិញអនឡាញក្នុងក្រុងភ្នំពេញយើង បានសម្រេចយកសេវាថ្លៃដឹកជាមធ្យម ៨០០០រៀល ក្នុងរាជធានីភ្នំពេញ និង១២០០០រៀល ចំពោះអតិថិជនដែលនៅតាមខេត្ត ឬជនបទ។
ជារួមមក ការទិញអីវ៉ាន់អនឡាញអស់លុយច្រើនឬតិច អាស្រ័យលើភាពវ័យឆ្លាត និងការបត់បែនរបស់អ្នក ក្នុងនាមជាអតិថិជន។ យ៉ាងណាមិញ យើងក៏គួរបង្កើនភាពប្រុងប្រយ័ត្នខ្ពស់ទៅលើហាង ឬអ្នករកស៊ីបោកប្រាស់មួយចំនួន ព្រោះរសនិយមរបស់មនុស្សសម័យថ្មីដែលមានទំនោរទិញអីវ៉ាន់អនឡាញ បានបង្កឲ្យជនឆ្លៀតឱកាសមកបន្លំលក់ផលិតផលក្លែងក្លាយ ទំនិញដែលគ្មានគុណភាពស្តង់ដារ គ្មានការអនុញ្ញាត ចុះបញ្ជីត្រឹមត្រូវនៅក្រសួងពាណិជ្ជកម្មជាដើម៕