ប្រសិនបើយើងសិក្សាស្រាវជ្រាវពីរូបិយវត្ថុរបស់ប្រទេសកម្ពុជានៅជំនាន់មុនៗវិញ យើងនឹងដឹងថារូបិយវត្ថុពីមួយជំនាន់ទៅមួយជំនាន់ហាក់ពុំសូវមានការប្រើប្រាស់ឱ្យពេញលេញនោះឡើយទេ ឬពុំមានប្រើប្រាស់រូបិយវត្ថុតែម្ដង រីឯការផលិតរូបិយវត្ថុវិញ ក៏មានភាពលំបាកច្រើន។
បើនិយាយពីការផលិតកាសវិញ យើងឃើញថា មុនរជ្ជកាលព្រះបាទអង្គឌួង គឺនៅដើមសតវត្សន៍ទី១៦ ស្ដេចកនក៏ធ្លាប់ជាព្រះអង្គដែលបានផលិតកាសដាក់ឱ្យប្រើប្រាស់ដូចគ្នា គ្រាន់តែមិនទទួលបានជោគជ័យ រហូតមកដល់រជ្ជកាលព្រះបាទអង្គឌួងនៅស.វ.ទី១៩ ដោយទ្រង់មានទាំងចំណេះដឹង និងទស្សនវែងឆ្ងាយនោះ ក៏បានសម្រេចចិត្តទិញម៉ាស៊ីនសង្កត់ពុម្ពពីប្រទេសអង់គ្លេស
ដើម្បីមកបោះពុម្ពកាស និងត្រូវបានដំឡើងដោយជនជាតិថៃ តែគួរឱ្យស្ដាយការបោះពុម្ពកាសហាក់ពុំសូវមានភាពរលូនដូចអ្នកផលិតបានអះអាងសោះឡើយ។
ដោយហេតុនេះ ព្រះបាទអង្គឌួងក៏បានបញ្ជាឱ្យមន្ត្រីម្នាក់ឈ្មោះ «ព្រះសំអាងហង្ស» ទៅស្រុកសៀមដើម្បីរៀនបោះពុម្ពកាស។ ដើមី្បជាការរំឭកដល់មន្ត្រីសំអាងហង្ស កាសភាគច្រើនដែលត្រូវបានបោះពុម្ពនៅខ្មែរមានដាក់រូបហង្សជាពិសេស។
ព្រះបាទអង្គឌួងក៏បានបោះផ្សាយកាសដែលជានិមិត្តសញ្ញាតំណាងឲ្យម្កុដរាជ្យ និងអត្តសញ្ញាណរបស់កម្ពុជាតាំងពីពេលនោះមកផងដែរ ដោយកាសរបស់ព្រះអង្គឌួងត្រូវបានបោះពុម្ពនៅឆ្នាំ ១៨៥៣ ដល់ឆ្នាំ ១៨៥៤។
ព្រះបាទអង្គឌួងបានខិតខំប្រឹងប្រែង ព្យាយាមបង្រួបបង្រួមជាតិ ជំរុញការអភិវឌ្ឍពាណិជ្ជកម្ម និងបានបោះផ្សាយរូបិយវត្ថុ ប៉ុន្តែការខិតខំរបស់ព្រះអង្គហាក់ពុំសូវទទួលបានផលល្អ ដ្បិតថាប្រទេសកម្ពុជាមានកង្វះខាតច្រើនដូចធនធានលោហៈចាំបាច់ ដែលធម្មតាបានមកពីអណ្ដូងរ៉ែ ឬពាណិជ្ជកម្មបរទេស ក៏ដូចជាកង្វះខាតនៃអ្នកបន្តវេនបោះពុម្ពប្រាក់ ធ្វើឱ្យការប្រឹងប្រែងរបស់ព្រះអង្គ មានឥទ្ធិពលតិចតួចបំផុតដល់សេដ្ឋកិច្ច រហូតសម័យអាណានិគមបារាំងចូលមកដល់៕
ឯកសារស្រាវជ្រាវ និងដកស្រង់ចេញពី៖ សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ)