បដិវត្តន៍ឧស្សាហកម្ម ៤.០ បានញ៊ាំងឲ្យបច្ចេកវិទ្យាមានភាពរីកចម្រើនជានិច្ច ក្នុងការកែប្រែមុខមាត់ពិភពលោក ជាពិសេសសម្រួលដល់ការរស់នៅរបស់ប្រជាជន។ ប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថា ការវិវត្តនៃបច្ចេកវិទ្យាបានផ្ដល់ផលប្រយោជន៍ជាច្រើនដល់បុគ្គលអ្នកប្រើប្រាស់។ ចំណែកប្រជាជនកម្ពុជាយើង ក៏ទទួលរងនូវឥទ្ធិពលវិជ្ជមានពីបច្ចេកវិទ្យានេះផងដែរ។
៥ ចំណុចក្រោមនេះ ជាទិដ្ឋភាពដែលការវិវត្តផ្នែកបច្ចេកវិទ្យាធ្វើឲ្យប្រជាជនខ្មែរយើងរស់នៅក្នុងគន្លងថ្មីនាយុគសម័យឌីជីថល។
១. កម្ម៉ង់អីវ៉ាន់អនឡាញ
ផលិតផល ឬសេវាកម្មនានា កំពុងដាក់លក់តាមបណ្ដាញសង្គមអ៊ីនធឺណែតយ៉ាងឈូឆរគ្រប់ប្រភេទទំនិញ ដើម្បីឆ្លើយតបសេចក្ដីត្រូវការរបស់អតិថិជន រួមមានសម្លៀកបំពាក់ របស់របរប្រើប្រាស់ប្រចាំថ្ងៃ គ្រឿងអេឡិចត្រនិច គ្រឿង Make Up សៀវភៅ សម្ភារសិក្សា ក្នុងកម្មវិធីទូរសព្ទជាច្រើនដូចជា L192, Khmer24, La Rue, MyPhsar ជាដើម។ បើចង់ទិញអីវ៉ាន់ពីបរទេស កាន់តែមានភាពងាយស្រួលទៀត ពោលគឺកុម្ម៉ង់ទិញតាមកម្មវិធី TaoBao ឬវេបសាយ Amazon ឬភ្នាក់ងារផ្សេងទៀត ក្នុងតម្លៃធូរថ្លៃ ដើម្បីយកមកបោះដុំ លក់បន្តបានប្រាក់ចំណេញផ្គត់ផ្គង់ជីវភាពផងដែរ។
២. មធ្យោបាយធ្វើដំណើរ
កំណើនប្រជាជនក្នុងទីក្រុង និងទីប្រជុំជនមានការកើនឡើងគួរឲ្យកត់សម្គាល់ ហេតុនេះការផ្គង់ផ្គង់មធ្យោបាយធ្វើដំណើរក៏ត្រូវបំពេញតម្រូវការឲ្យបានអតិបរមាផងដែរ។ តួយ៉ាងបីឆ្នាំចុងក្រោយនេះ ពលរដ្ឋដែលធ្លាប់តែជិះស៊ីក្លូ រ៉ឺមក ឬម៉ូតូឌុប បានងាកមកប្រើប្រាស់សេវាកង់បី PassApp Taxis, Grab, TADA Cambodia។ល។ ចំណែក ការគិតគូរពីថ្លៃដឹកវិញ ពុំមានការអារកាត់ស្រេចតែចិត្តនោះទេ គឺតាមរយៈការកំណត់ពីទីតាំងដែលយើងកំពុងស្ថិតនៅ និងទីតាំងដែលយើងត្រូវទៅ ទូរសព្ទដៃនឹងវាស់នូវរយៈចម្ងាយនោះ ហើយគុណលុយទៅតាមចម្ងាយចរនេះឯង។
៣. ម្ហូបអាហារ
យើងឃើញថាមួយរយៈនេះ ប្រជាជនខ្មែរយើង ពិសេសក្នុងស្រទាប់យុវវ័យ មានទំនោរមកកុម្ម៉ង់ម្ហូបអាហារ ភេសជ្ជៈ តាមរយៈអេបក្នុងទូរសព្ទដៃ ដូចជា Muuve, Wing, WOWNOW, foodpanda, E-GetS, NHAM24, BLOC ជាដើម ដែលការនិយមបែបនេះមិនធ្លាប់មានពីមុនទេ។ វិស័យកុម្ម៉ង់ម្ហូបតាមប្រព័ន្ធបច្ចេកវិទ្យានេះ កំពុងវាយលុក និងមានប្រជាប្រិយភាពខ្លាំងក្នុងទីផ្សារ។
៤. ការដឹកជញ្ជូនអីវ៉ាន់
បច្ចេកវិទ្យាក្នុងវិស័យគមនាគមន៍ ទាំងផ្លូវទឹក ផ្លូវអាកាសនិងផ្លូវគោក បានក្លាយជាកាតាលីករដ៏សំខាន់មួយ ក្នុងការជំរុញសកម្មភាពពាណិជ្ជកម្មឲ្យកាន់តែរីកចម្រើនឡើង។ ការផ្ញើអីវ៉ាន់ទៅកាន់ ២៥ រាជធានី-ខេត្ត ការដឹកជញ្ជូនទំនិញឆ្លងប្រទេស ពុំមែនជាបញ្ហាទៀតទេ។ លោកអ្នកអាចស្វែងរកសេវាកម្មដឹកជញ្ជូនអីវ៉ាន់ជាច្រើនភ្នាក់ងារតាមអេបទូរសព្ទ ឬវេបសាយផ្សេងៗ ក្នុងរាជធានីភ្នំពេញ ដូចជា Rohas Express, D2D Express, KH Express, DrExpress ជាដើម។
៥. ការទូទាត់ប្រាក់ៈ
ទំនើបកម្មនៃបច្ចេកវិទ្យាបានជំរុញឲ្យការទូទាត់លុយ មិនឆ្លងកាត់ការប្រើប្រាស់សាច់ប្រាក់សុទ្ធនោះទេ (cashless payment) ពោលគឺវាប្រព្រឹត្តទៅដោយការស្កេន QR Code កាតឥណទាន កាតឥណពន្ធជាដើម សកម្មភាពបែបនេះ ក៏មានការគាំទ្រ និងលើកកម្ពស់ពីរដ្ឋាភិបាលផងដែរ។
ជាក់ស្ដែង ធនាគារជាតិជាតិនៃកម្ពុជាបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធបាគងដែលជាប្រព័ន្ធទូទាត់ប្រាក់អេឡិកត្រូនិកផ្ទេរភ្លាមៗពីគណនីធនាគារមួយទៅគណនីធនាគារមួយទៀត ដោយមិនតម្រូវថាត្រូវមានគណនីក្នុងគ្រប់ធនាគារនោះទេ ឲ្យតែធនាគារនោះស្ថិតក្នុងសមាជិកភាពនៃប្រព័ន្ធ «បាគង»។
ស្របពេលដែលបច្ចេកវិទ្យាមានការរីកចម្រើនឥតឈប់ឈរយ៉ាងដូច្នេះ វាក៏ជាផ្នែកមួយដែលធ្វើឱ្យលំហូរសាច់ប្រាក់របស់អ្នកអាចចំណាយច្រើនជាងចំណូលដែរ ដ្បិតថា ការចាយវាយប្រចាំថ្ងៃរបស់យើង វាមានភាពងាយស្រួលទៅៗ ដែលជាហេតុ យើងគួរប្រយ័ត្នប្រយែងចំណុចទាំងនេះ។ ដូចនេះ ដើម្បីឱ្យការចាយវាយលុយកាក់អ្នកមានប្រសិទ្ធភាព អ្នកគួរមានទម្លាប់ ឬច្បាប់នៃការចាយវាយ ដើម្បីសម្រេចបានស្ថេរភាពហិរញ្ញវត្ថុរបស់អ្នក៕