«ស្នេហា នៅត្រូវការពាក្យសម្បថ ពាក្យសន្យាឱ្យគេធានាថានឹងមិនបោះបង់» ហើយបើ
«ពេលចាយលុយទិញផលិតផលថ្លៃៗម្ដងៗ ចេះសួររកប័ណ្ណធានាអ៊ីចេះអ៊ីចុះ កាន់តែថ្លៃ កាន់តែចង់បានការធានាយូរឆ្នាំ»
ចុះម៉េចពេលនិយាយរឿងទិញធានារ៉ាប់រងអាយុជីវិត ធានារ៉ាប់រងសុខភាព និងធានារ៉ាប់រងផ្សេងៗ បែរជាឆ្លើយថា «រកតែលុយផឹកកាហ្វេមិនចង់បានផង ទៅគិតរឿងសេវាធានារ៉ាប់រងអីបាន?»
បើតាមអេដមីនលួចសង្កេតមើល ឃើញថាហេតុផល និងលេសជាច្រើន ដែលយើងម្នាក់ៗតែងលើកយកមកពេលនិយាយដល់សេវាធានារ៉ាប់រងដូចជា៖
“ចាំចាស់ ចាំទិញ”
“អត់មានឈឺអីផង ទិញធ្វើអី”
“រកតែលុយចាយរាល់ថ្ងៃមិនគ្រប់”
“នៅលីវ អត់ត្រូវការ!”
“គិតថាចាញ់បោកក្រុមហ៊ុនធានារ៉ាប់រង” ។ល។
វាជាការគិតរបស់មនុស្សម្នាក់ៗ ណាមួយក៏អាស្រ័យទៅតាមស្ថានភាពហិរញ្ញវត្ថុជាក់ស្ដែងរៀងៗខ្លួន។ ប៉ុន្តែការគិតទាំងអស់ខាងលើនេះគឺជាការគិតខុសដោយអ្នកមិនមានធានារ៉ាប់រង ព្រោះវានឹងហុចផលអវិជ្ជមានដូចជា៖
គ្មានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ
ធានារ៉ាប់រង ផ្ដល់ផលប្រយោជន៍មិនសម្រាប់តែអ្នកម្នាក់ឯងនោះទេ ប៉ុន្តែសម្រាប់ក្រុមគ្រួសាររបស់អ្នកដែរ។ បានន័យថា ធានារ៉ាប់រងដើរតួជាអ្នកសម្របសម្រួលហានិភ័យដែលអាចកើតមានដល់សុខភាពហិរញ្ញវត្ថុរបស់អ្នក និងគ្រួសារអ្នក។ ជាឧទាហរណ៍ ក្នុងករណីអ្នកជួបឧបទ្ទវហេតុដល់អាយុជីវិត ឬបានជួបប្រទះនឹងការខាតបង់ណាមួយ។
ដ្បិតថា វានឹងប៉ះពាល់ដល់ផែនការហិរញ្ញវត្ថុរបស់អ្នក បើអ្នកស្រាប់តែធ្លាក់ខ្លួនឈឺ ហើយត្រូវការលុយកាក់ព្យាបាលជំងឺឥតបានព្រាងទុក។ ហេតុនេះហើយ ការទិញធានារ៉ាប់រងប្រៀបដូចជាការបង្ការ ត្រៀមខ្លួន និងការពារហិរញ្ញវត្ថុផ្ទាល់ខ្លួននិងគ្រួសាររបស់អ្នកផង។
គ្មានផែនការហិរញ្ញវត្ថុសម្រាប់អនាគត
ការទិញធានារ៉ាប់រងគឺជាផ្នែកមួយនៃការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់អនាគត។
ទី១ វាប្រៀបដូចជាកញ្ចប់ប្រាក់សន្សំមួយក្នុងរយៈពេលវែងអ៊ីចឹង។ ជាទូទៅ កញ្ចប់ធានារ៉ាប់រងអាចមានចន្លោះពី ១៥ឆ្នាំឡើងទៅ (សុខភាព ឬអាយុជីវិត)។ បើរាប់ពីពេលបច្ចុប្បន្នទៅ បានន័យថា អ្នកអាចនឹងទទួលបានកញ្ចប់ប្រាក់សន្សំនេះមកវិញពេលដល់កាលកំណត់នៃកញ្ចប់ធានារ៉ាប់រង (ករណីមិនមានបញ្ហាអ្វីកើតឡើង)។
ទី២ វាប្រៀបដូចជាការបម្រុងទុកសម្រាប់តម្រូវការចំពោះហានិភ័យឥតរំពឹងទុកនាថ្ងៃមុខ ដែលអ្នកបានធានាសម្រាប់ខ្លួន និងក្រុមគ្រួសារ។ ប្រសិនបើមានហេតុការណ៍ណាមួយកើតឡើង អនាគតរបស់អ្នកនិងក្រុមគ្រួសារអ្នកនឹងត្រូវបានធានា និងជួយរ៉ាប់រងដោយសារផែនការដែលអ្នកបានត្រៀមពីពេលនេះទៅ។
ការទិញសេវាធានារ៉ាប់រងពុំគួរចាត់ទុកជាបន្ទុកចំណាយមួយទៀតនោះទេ។ ផ្ទុយទៅវិញ វាគួររាប់ជាការការពារខ្លួន ត្រៀមខ្លួន និងការរៀបចំផែនការមួយសម្រាប់អនាគតរបស់លោកអ្នក។
បន្ថែមពីនេះ ដើម្បីយល់ឱ្យកាន់តែច្បាស់ សូមប្រឹក្សាជាមួយភ្នាក់ងារក្រុមហ៊ុនធានារ៉ាប់រងនិងផ្ដល់ឱកាសឱ្យខ្លួនឯងសម្រេចចិត្តសារជាថ្មី៕
© 2021 - 2022 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។