ជិតដាច់ខែ ហើយក៏ជិតដាច់ឆ្នាំ ២០២០ ហើយដែរ យុវវ័យគ្នាយើងណាខ្លះកំពុងដាច់លុយ ឬកំពុងជួបវិបត្តិហិរញ្ញវត្ថុពេលនេះ?
រឿងលុយកាក់ពិតជាសំខាន់ណាស់សម្រាប់យើងម្នាក់ៗ អញ្ចឹងហើយយើងទាំងអស់គ្នាគួរតែដឹងពីវិធីសាស្រ្តគ្រប់គ្រង និងមើលថែវាកុំឱ្យវាពូកែរត់ចោលយើងពេក ជាពិសេសយុវវ័យដែលកំពុងសិក្សា ឬចូលធ្វើការថ្មីថ្មោងដែលមានការចាយវាយច្រើនជាងចំណូល។
ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួនដែលអ្នកគួរតែចេះពីវិធីគ្រប់គ្រងលុយកាក់របស់អ្នក៖
១. ចេះគ្រប់គ្រងខ្លួនឯង
ជាដំបូងអ្នកគួរតែស្គាល់ខ្លួនឯងជាមុនសិនថា តើអ្នកជាប្រភេទមនុស្សដែលមានទម្លាប់ចាយវាយបែបណា ជាប្រភេទមនុស្សសម្ភារៈនិយម ឬមានប៉ុនណាចាយប៉ុណ្ណឹង? ដើម្បីគ្រប់គ្រងខ្លួនឯងបាន អ្នកត្រូវចេះបែងចែកឱ្យដាច់រវាង ចំណាយចាំបាច់ និងចំណាយដែលមិនសំខាន់ ដូចជាការកំណត់លើតម្រូវការ និងចំណង់ដូចគ្នា ដែលយើងបានពិភាក្សាកាលពីអត្ថបទមុនរួចមកហើយ។ ឧទាហរណ៍ ចំណាយសម្រាប់ការធ្វើដំណើរប្រចាំថ្ងៃ ថ្លៃជួលផ្ទះ ថ្លៃម្ហូបអាហារ អាចចាត់ទុកជាចំណាយចាំបាច់ វីឯ ចំណាយលើការមើលកុនចុងសប្តាហ៍ អាចចាត់ទុកថាជាចំណាយតាមចំណង់។
ក្រៅពីនេះ អ្នកគួរកាត់បន្ថយការញុាំបាយក្រៅញឹកញាប់ ការដើរផ្សារទិញទំនិញដែលមិនចាំបាច់ និងទំនោរលើសម្ភារៈនិយម ជាពិសេសចំពោះយុវវ័យដែលតែងតែជ្រើសយកការសប្បាយជាធំមិនបានគិតដល់ផលប៉ះពាល់ដល់ស្ថានភាពសេដ្ឋកិច្ចរបស់ខ្លួននាពេលអនាគត។ ហេតុដូចនេះការចេះគ្រប់គ្រងអារម្មណ៍ គឺពិតជាមានសារៈសំខាន់ដល់ការសម្រេចចិត្តចាយវាយប្រចាំថ្ងៃណាស់។
២. បង្កើតប្រាក់ចំណូលបន្ថែម
ដ្បិតតែអ្នកចេះគ្រប់គ្រងការចំណាយរបស់អ្នកហើយ ប៉ុន្តែពេលខ្លះតម្រូវការរបស់អ្នកវានៅតែមានទំហំធំ ដូច្នេះអ្នកមិនអាចផ្ដោតតែលើការចំណាយតែប៉ុណ្ណោះទេ ការបន្ថែមប្រាក់ចំណូលក៏ជាផ្នែកមួយដែលអ្នកត្រូវគិតគូរដូចគ្នា។ ការបន្ថែមចំណូលអាចមានដូចជា ការស្វែងរកការងារឯករាជ្យ (Freelance) ទៅតាមចំណូលចិត្តរបស់អ្នក ឬពង្រឹងសមត្ថភាពការងារអាជីពរបស់អ្នកដើម្បីបានប្រាក់ខែខ្ពស់ជាងមុន។ ម្យ៉ាងវិញទៀត អ្នកក៏អាចចាប់ផ្ដើមសន្សំលុយកាក់ បន្ទាប់មកប្រើប្រាស់លុយសន្សំនោះ ទៅវិនិយោគក្នុងវិស័យណាមួយដូចជា ភាគហ៊ុន សញ្ញាប័ណ្ណ មាស ឬអចលនទ្រព្យជាដើម្បីទទួលបានប្រាក់ចំណូលអកម្មបន្ថែម។
៣. រៀបចំគម្រោងសាច់ប្រាក់ (Budgeting)
បន្ទាប់ពីកំណត់បាននូវចំណាយ និងចំណូលរួចហើយ ដល់ពេលដែលអ្នកគួររៀបចំវាឲ្យបានច្បាស់លាស់ហើយ ពោលគឺ បែងចែកប្រាក់ដែលយើងមានជារៀងរាល់ខែ ទៅតាមប្រភេទនៃការចំណាយ ដូចជា ចំណាយចាំបាច់ កញ្ចប់ចំណាយសម្រាប់កម្សាន្ត កញ្ចប់ប្រាក់សន្សំសម្រាប់គ្រាមានអាសន្ន និងសម្រាប់ចូលនិវត្តន៍ ជាដើម។
គន្លឺះសំខាន់នោះគឺអ្នកអាចប្រើប្រាស់វិធីសាស្រ្តនៃការរៀបចំថវិការតាមរូបមន្ត ៥០/៣០/២០ ដែលមានន័យថា៖
- ៥០% នៃប្រាក់ចំណូលរបស់អ្នក គួរទុកសម្រាប់ចំណាយលើតម្រូវការចាំបាច់ប្រចាំថ្ងៃ
- ៣០% ទៅលើកញ្ចប់ប្រាក់សម្រាប់ចំណាយលើចំណង់
- ២០% ទៅលើកញ្ចប់ប្រាក់សន្សំ ឬវិនិយោគ
ការបង្កើតគម្រោងនេះមានសារៈសំខាន់ណាស់ក្នុងការតាមដានការចំណាយរបស់អ្នក ចៀសវាងការចាយហួសកម្រិតដោយមិនដឹងខ្លួន។ វាមិនត្រឹមតែជួយឱ្យអ្នកមានទម្លាប់ចាយវាយល្អជាប្រចាំនោះទេ តែថែមទាំងអាចឱ្យអ្នកសល់លុយកាក់សម្រាប់យកទៅវិនិយោគដើម្បីបង្កើនចំណូលបន្ថែមទៀតផង។
៤. កំណត់គោលដៅហិរញ្ញវត្ថុក្នុងរយៈពេលខ្លី និងពេលវែង
បន្ទាប់ពីដឹងនូវលំហូរសាច់ប្រាក់ រូបមន្តរៀបចំគម្រោងសាច់ប្រាក់ រឿងបន្ទាប់ គឺការរៀបចំគោលដៅហិរញ្ញវត្ថុទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែងមួយ។
គោលដៅហិរញ្ញវត្ថុរយៈពេលខ្លីមានដូចជា កញ្ចប់ប្រាក់សម្រាប់គ្រាមានអាសន្ន ដោះស្រាយបំណុល កញ្ចប់ប្រាក់សម្រាប់ធ្វើដំណើរកម្សាន្ត អាពាហ៍ពិពាហ៍ ឬសម្រាប់ទិញទំនិញអ្នកចង់បានជាដើម រីឯគោលដៅហិរញ្ញវត្ថុក្នុងរយៈពេលវែងអាចមានដូចជា ការរៀបចំគម្រោងកញ្ចប់ប្រាក់សម្រាប់ចូលនិវត្តន៍ សន្សំប្រាក់សម្រាប់គោលដៅវិនិយោគ រកស៊ី ឬរៀបចំកញ្ចប់ប្រាក់សម្រាប់បង់រំលស់ដីផ្ទះជាដើម។
៥. បង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុដោយខ្លួនឯង
ដូចគេថា ការសិក្សាគឺគ្មានដែនកំណត់នោះទេ ហើយការបង្កើនចំណេះដឹងនេះក៏មិនសម្តៅទៅលើការសិក្សាយកបរិញ្ញាប័ត្រអ្វីនោះដែរ ប៉ុន្តែអ្នកអាចស្វែងរកចំណេះដឹងបន្ថែមរៀងរាល់ថ្ងៃ ដើម្បីឲ្យចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់អ្នកកាន់តែមានភាពទូលំទូលាយ ជាពិសេសក្នុងពេលជាយុវវ័យបែបនេះ។ សព្វថ្ងៃការស្វែងរកព័ត៌មានពិតជាងាយស្រួលណាស់ អ្នកអាចចាប់ផ្តើមមើលសៀវភៅថ្មីៗទាក់ទងទៅនឹងហិរញ្ញវត្ថុបុគ្គល ឬការវិនិយោគផ្សេងៗនៅតាមទីផ្សារ និងអុីនធើណេត។ អ្នកក៏អាចតាមដានការចែករំលែកចំណេះដឹងល្អៗនៅក្នុងបណ្តាញសង្គមដូចជាគេហទំព័រកាក់សេនជាដើម។
សរុបមកការគ្រប់គ្រងហិរញ្ញវត្ថុពិតជាមិនងាយស្រួលដូចការចាយវាយតាមតែចិត្តចង់នោះទេ ប៉ុន្តែវាក៏មិនពិបាកដល់ថ្នាក់ធ្វើមិនបាននោះដែរ ហើយវាមិនត្រូវការឲ្យអ្នកទៅសិក្សាយកសញ្ញាប័ត្រអីនោះដែរ។ វាគឺជាអ្វីដែលអ្នកគួរចាប់ផ្តើមគិតឡើងវិញ ជាពិសេសក្នុងពេលយុវវ័យនេះ និងព្យាយាមសម្របការរស់នៅទៅតាមគម្រោងចំណូលចំណាយរបស់យើងបន្តិចម្តងៗ អ្នកនឹងរកឃើញការផ្លាស់ប្តូររបស់អ្នកនាំមកនូវសមិទ្ធផលដែលបានមកពីទម្លាប់ល្អនេះផងដែរ៕