សរសេរផែនការអាជីវកម្ម
ការមានផែនការច្បាស់លាស់ អនុញ្ញាតឲ្យសហគ្រិនយល់ច្បាស់ពីផលិតផលឬសេវាកម្មដែលខ្លួនលក់ ដឹងពីគោលដៅដែលត្រូវទៅ និងរបៀបរបបការងារដែលត្រូវបំពេញ ជាពិសេសគឺយល់ច្បាស់ពីសមិទ្ធផលដែលត្រូវសម្រេច។ ផែនការដែលសហគ្រិនត្រូវរៀបចំនេះ ត្រូវផ្ដោតសំខាន់លើធាតុ៣យ៉ាង គឺការវិនិយោគលើពេលវេលា កម្លាំងថាមពល និងលុយ។ ផែនការល្អ នឹងជួយបុកគ្រឹះធុរកិច្ចថ្មីឲ្យមានមូលដ្ឋានរឹងមាំ តែបើផែនការយើងច្របូកច្របល់ ធ្វើខុសក្បួនខ្នាតគ្មានក្បាលកន្ទុយផងនោះ អាចនាំឲ្យមានផលប៉ះពាល់អវិជ្ជមានទៅថ្ងៃមុខ។ នៅពេលដល់ដំណាក់កាលមួយដែលផែនការយើងលែងមានប្រសិទ្ធភាព សឹមប្ដូរទិសដៅថ្មី ឬបត់បែនឲ្យស្របតាមកាលៈទេសៈដែលកំពុងប្រឈម ទើបមិនងាប់ក្រឡា។
កំណត់កញ្ចប់ថវិកាឪ្យបានល្អ Budgeting
ជាសហគ្រិន គួររៀបចំគម្រោងទឹកប្រាក់សម្រាប់ចំណាយផ្សេងៗ មុននឹងចាប់ផ្ដើមបើកទ្វារអាជីវកម្មលោកអ្នក។ ការដែលមិនមានគម្រោងថវិកាច្បាស់លាស់ អាចបណ្ដាលឲ្យធុរកិច្ចថ្មីជួបបរាជ័យ ព្រោះអ្នកមិនដឹងថាអ្នកចាយលុយលើអ្វីខ្លះ ដោយរបៀបណា។ ជាការល្អ អ្នកគួរត្រៀមថវិកាបម្រុងចំនួន៣ខែ ៦ខែ ឬមួយឆ្នាំ អាស្រ័យលើទំហំអាជីវកម្មរបស់លោកអ្នក មុននឹងបើកធុរកិច្ចថ្មី។ ហេតុនេះហើយ ទើបយើងគួររៀបចំ budget ឲ្យបានច្បាស់លាស់ ដ្បិត start-up នឹងមិនអាចបង្កើនប្រាក់ចំណេញនៅឡើយទេ ក្នុងប៉ុន្មានខែ ឬឆ្នាំដំបូងៗ។
ស្រាវជ្រាវពីតម្រូវការទីផ្សារ Market Research
តើមានទីផ្សារសម្រាប់ start-up របស់ខ្ញុំដែរឬទេ? នេះជាសំណួរដែលគួរចោទសួរខ្លួនឯង មុននឹងសម្រេចចិត្តដំណើរការធុរកិច្ចថ្មីរបស់សហគ្រិនម្នាក់ៗ។ ស្របពេលជាមួយគ្នានោះ បើប្រភេទ start-up របស់អ្នកមានតម្រូវការច្រើន ទីផ្សារប្រកួតប្រជែងអាចនឹងមានខ្ពស់។ ដូចនេះក្នុងនាមជាសហគ្រិនមួយរូប ត្រូវមានចំណុចខ្លាំង ឬលេចធ្លោជាងដៃគូប្រកួត ដើម្បីក្ដោបយកឱកាស ក៏ដូចជាទាក់ទាញអតិថិជនរបស់ខ្លួន។
រៀបចំកែច្នៃយុទ្ធសាស្រ្តទីផ្សារ Market Stratergy
មិនថាផលិតផលរបស់អ្នក ល្អអស្ចារ្យប៉ុនណាក៏ដោយ សហគ្រិនត្រូវសិក្សាឲ្យបានលម្អិតពីយុទ្ធសាស្រ្តទីផ្សារ ដើម្បីយល់ដឹងឲ្យបានពិស្ដារអំពីរបៀបផ្សព្វផ្សាយធុរកិច្ចរបស់ខ្លួនឲ្យដល់កម្រិតកំពូល លេចឮទូទាំងតំបន់ និងទៅដល់គោលដៅអតិថិជនរបស់ខ្លួន។ សព្វថ្ងៃនេះ ដោយសារបច្ចេកវិទ្យាកាន់តែបោះជំហានទៅមុខ មនុស្សងាកមកចាប់អារម្មណ៍លើទីផ្សារឌីជីថល (Digital Marketing) ដូចជាការផ្សព្វផ្សាយ ចែករំលែកតាមប្រព័ន្ធទូរគមនាគមន៍ បណ្ដាញសង្គម វេបសាយជាដើម។ មួយវិញទៀត អ្នកបង្កើត Start-up ក៏គួរកសាងយីហោផ្ទាល់ខ្លួន (Brand) ឲ្យលេចធ្លោ គួរឲ្យទាក់ទាញ ទើបថ្ងៃក្រោយទៅ បើសិនជោគជ័យយើងអាចលក់ Franchise បាន (សិទ្ធិបើកអាជីវកម្មបន្ត)។
កសាងបណ្តាញទំនាក់ទំនងជាមួយមជ្ឈដ្ផានជុំវិញ Networking
ព្យាយាមបង្កើតទំនាក់ទំនងល្អជាមួយមនុស្សជុំវិញ មិនថាដៃគូប្រកួតប្រជែង អ្នកផ្គត់ផ្គង់ ហេរញ្ញិក និងអតិថិជន។ អ្នកអាចចូលរួមក្នុងកិច្ចប្រជុំ សន្និបាត សិក្ខាសាលាផ្សេងៗដើម្បីទទួលបានឱកាសជជែកលែង ប្រឹក្សាយោបល់ ផ្លាស់ប្ដូរគំនិតគ្នាទៅវិញទៅមកជាមួយអ្នកជំនាញ វិនិយោគិន ឬសហគ្រិនដទៃទៀតដែលរកស៊ីក្នុងវិស័យដូចនឹងអ្នក។ “សំដីជាឯក លេខជាទោ” ពោលគឺវោហារសព្ទ និងស្រដីថ្វីមាត់នេះហើយ ដែលអាចលួងលោមបញ្ចុះបញ្ចូលទឹកចិត្តភ្ញៀវ ឬសណ្ដំអ្នកវិនិយោគិនមកបណ្ដាក់ទុនបាន។
ជ្រើសរើសបុគ្គលិក Employees
បុគ្គលិកនិយោជិតគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតក្នុងក្រុមហ៊ុន។ ពួកគេដើរតួនាទីជាទូតសុឆន្ទៈ ជាអ្នកតស៊ូមតិក្នុងធុរកិច្ចថ្មីយើង។ ហេតុនេះ វាពិតជាសំខាន់ណាស់ក្នុងការជ្រើសរើសបុគ្គលិកដែលមានទេពកោសល្យ និងសមត្ថភាព ព្រោះក្នុងក្រុមហ៊ុនមួយត្រូវការអ្នកធ្វើការគ្រប់ជំនាញតាំងពីអ្នកគ្រប់គ្រងធនធាន មនុស្ស គណនេយ្យករ សវនករ អ្នកព័ត៌មានវិទ្យា អ្នកលក់ជាដើម។ បុគ្គលទាំងនេះគួរតែជាអ្នកជំនាញក្នុងឯកទេសពួកគេ មានចំណង់ធ្វើការ និងមានគំនិតសុទិដ្ឋិនិយមមកលើធុរកិច្ចរបស់យើង។
យ៉ាងណាមិញ យើងក៏គួរវិនិច្ឆ័យលើទំហំ Budget របស់យើងផងដែរ ដើម្បីឲ្យសមាមាត្រនឹងការបើកប្រាក់ខែឲ្យបុគ្គលិក (បុគ្គលិកជំនាញ និងមានបទពិសោធន៍ច្រើនរមែងទាមទារប្រាក់ខែខ្ពស់)។
សរុបជារួម ចំណុចសំខាន់ៗទាំងអម្បាលម៉ានដែលបានរៀបរាប់មកនេះ គឺជាការបរិយាយពន្យល់ត្រួសៗតែប៉ុណ្ណោះ រីឯគន្លឹះស៊ីជម្រៅ និងតិចនិចដទៃទៀត គឺបុគ្គលធ្វើ Start-up ជាអ្នកកំណត់ និងបត់បែនខ្លួនឯងទៅតាមស្ថានការណ៍ជាក់ស្ដែង។ ពួកយើងសង្ឃឹមថាខ្លឹមសារខាងលើ នឹងក្លាយជាដើមទុនគំនិតខ្លះៗ ក្នុងការត្រួសត្រាយបំភ្លឺជាមធ្យោបាយដល់អ្នកដែលមានបំណងធ្វើ Start-up។
បញ្ហាដើមទុនដ្បិតតែសំខាន់ប៉ុន្តែគំនិតនៃអាជីវកម្មកាន់តែសំខាន់
Start-up ជាទូទៅប្រមូលដើមទុនពីស្ថាបនិកផ្ទាល់ ឬពេលខ្លះចូលជាមូលនិធិពីសមាជិក Start-up នីមួយៗដើម្បីដំណើរការអាជីវកម្ម។ ភាគច្រើន ពួកគេខ្ចីដើមទុនពីក្រុមគ្រួសារ មិត្តភក្ដិ ឬអ្នកវិនិយោគមូលធន។ បច្ចុប្បន្ន យុវជនយើងចូលចិត្តប្រមូលផ្ដុំគ្នាជាក្រុម ដើម្បីពិភាក្សាបើកធុរកិច្ចថ្មីរួមគ្នាមួយ។ ពួកគេចូលរួមកម្មវិធីប្រណាំងប្រជែងជំរុញសហគ្រិនភាពផ្សេងៗ ជាថ្នូរបានប្រាក់ឧបត្ថម្ភមកធ្វើជាដើមទុនបើកអាជីវកម្ម បើសិនពួកគេមានផែនការអាជីវកម្មរឹងមាំ គួបផ្សំនឹងការច្នៃប្រឌិត គំនិតនវានុវត្តន៍ និងការធ្វើបទបង្ហាញប្រកបដោយភាពទាក់ទាញ ដូចជាកម្មវិធី SmartStart Young Innovator Program ជាដើម។