ជាទូទៅ ដើម្បីទទួលបានកម្ចីពីធនាគារ អ្នកត្រូវបំពេញលក្ខខណ្ឌនានា ដែលធនាគារបានតម្រូវជាមុនសិន តែមុននឹងសម្រេចចិត្តខ្ចីប្រាក់ អ្នកមិនគួរគិតតែពីលក្ខខណ្ឌទាំងនោះតែម្យ៉ាងនោះទេ។ វាមានរឿងរ៉ាវជាច្រើនផ្សេងទៀតដែលអ្នកគួរគិតពិចារណាឲ្យបានដិតដល់ជាមុន ដើម្បីប្រាកដថាការសម្រេចចិត្តខ្ចីប្រាក់ពីធនាគារ ជាជម្រើសដែលត្រឹមត្រូវ និងមិនបង្កបញ្ហាដល់អ្នកនាពេលខាងមុខ។
ខាងក្រោមនេះជាចំណុចមួយចំនួនដែលអ្នកគួរពិចារណាឲ្យបានច្បាស់លាស់មុនសម្រេចចិត្តខ្ចីប្រាក់ពីធនាគារយកមកប្រើប្រាស់។
យល់ដឹងឲ្យបានច្បាស់ពី គោលបំណងនៃកម្ចីរបស់អ្នក
រឿងដំបូងគេដែលអ្នកត្រូវគិត មុនសម្រេចចិត្តខ្ចីប្រាក់ពីធនាគារគឺ “គោលបំណង” របស់អ្នក។ ការស្វែងយល់ពីគោលបំណងនឹងធ្វើឲ្យយើងបានដឹងពីទំហំកម្ចីដែលយើងត្រូវការ ហើយវាក៏ងាយស្រួលដល់យើងក្នុងការរៀបចំខ្លួនសម្រាប់ការសងបំណុលត្រឡប់វិញបានផងដែរ។ តែទោះជាយ៉ាងណា អ្នកត្រូវប្រាកដថានឹងយកកម្ចីនោះមកប្រើតាមគោលដៅដែលយើងបានកំណត់ទុកចៀសវាងប្រើប្រាស់លើអ្វីផ្សេងទៀតដែលអាចមានបញ្ហាដល់ខ្លួនបានផងដែរ។
ស្វែងយល់ពីអាទិភាពទទួលបានកម្ចីតាមរយៈពិន្ទុឥណទានរបស់អ្នក
ពិន្ទុឥណទាន ជារឿងមួយដែលសំខាន់ សម្រាប់អ្នកចង់ខ្ចីប្រាក់ពីធនាគារ ព្រោះវាបានបង្ហាញពី ចំនួនដងនៃការសងត្រឡប់ទាន់ពេល ឬអ្នកនៅមានប្រាក់កម្ចីជាមួយស្ថាប័នធនាគារណាមួយនៅឡើយជាដើម។
ធនាគារមួយចំនួន មានតម្រូវការពិន្ទុឥណទានខ្ពស់មុននឹងផ្ដល់កម្ចីដល់អ្នក ដូច្នេះ ប្រសិនបើយើងមានពិន្ទុឥណទានខ្ពស់នោះ យើងនឹងមានលទ្ធភាពទទួលបានការអនុម័តប្រាក់កម្ចីឆាប់រហ័ស និងមិនទាមទារឲ្យមានការសិក្សាច្រើននោះទេ។ ផ្ទុយទៅវិញ ប្រសិនបើយើងមានពិន្ទុឥណទានទាប យើងអាចនឹងត្រូវបានបដិសេធ ឬមួយក៏តម្រូវឲ្យមានការសិក្សាពីខាងធនាគារច្រើនវែងឆ្ងាយ។
ស្វែងយល់ពីស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួន
យើងអាចនឹងទទួលបានការយល់ព្រមផ្ដល់កម្ចីពីធនាគារ តាមរយៈ ការសិក្សាជាក់ស្ដែងលើលទ្ធភាពសងរបស់យើងតាមរយៈទ្រព្យតម្កល់របស់យើងជាដើម តែយ៉ាងនេះក្ដី យើងក៏ត្រូវសិក្សាឲ្យបានច្បាស់ពីស្ថានភាពហិរញ្ញវត្ថុរបស់យើងខ្លួនឯងជាមុន មុននឹងទទួលយកកម្ចីនោះ។ យើងត្រូវប្រាកដថា ចំណូលរបស់យើងមានភាពទៀងទាត់ ហើយគ្រប់គ្រាន់សម្រាប់ចំណាយចាំបាច់ និងសងបំណុល។
ដោយឡែក អ្នកគួរមានប្រភពចំណូលបន្ថែម ក្រោយពេលទទួលបានកម្ចី ដើម្បីធានាបានថា យើងនឹងមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ការសងត្រឡប់ឲ្យទាន់ពេលវេលា។
ស្វែងយល់ពីធនាគារដែលផ្ដល់កម្ចី
ក្រោយពីដឹងអំពី គោលបំណងកម្ចី អាទិភាព និងលទ្ធភាពសងត្រឡប់រួចហើយ រឿងមួយទៀតដែលយើងត្រូវគិតនោះគឺ ជ្រើសរើសធនាគារ ឬគ្រឹះស្ថានហិរញ្ញវត្ថុណាមួយដែលយើងត្រូវស្នើសុំកម្ចី។ ការជ្រើសរើសនេះ អ្នកគួរស្វែងរកព័ត៌មានឲ្យបានច្រើន និងជ្រើសយកស្ថាប័នណាមួយដែលមានលក្ខខណ្ឌល្អជាងគេ ដូចជា អត្រាការប្រាក់ទាប កម្ចីបានរយៈពេលវែង សេវាកម្មល្អ និងមានភាពងាយស្រួល ដើម្បីស្នើសុំប្រាក់កម្ចីយកមកប្រើ។
ក្រៅពីនេះ លក្ខខណ្ឌមួយចំនួនដែលអ្នកមិនគួររំលងដូចជា តម្លៃសេវា ការផាកពិន័យ ករណីបង់យឺតយ៉ាវជាដើម។ ក្នុងការស្នើសុំប្រាក់កម្ចីទៀតសោត អ្នកក៏គួររើសយកប្រភេទឥណទានឱ្យស័ក្តិសមបំផុតសម្រាប់គោលដៅរបស់អ្នក។
យល់ដឹងពីទម្លាប់ចាយវាយក្រោយពេលមានបំណុល
ទម្លាប់ចាយវាយថ្មីក៏ជារឿងសំខាន់ ព្រោះអ្នកនឹងមិនអាចចាយវាយច្រើនបានដូចមុននោះឡើយ។ ការចាយវាយបែបសន្សំសំចៃ ជាទម្លាប់ថ្មីមួយដែលអ្នកគួរដឹង ដ្បិតថា នៅពេលនេះអ្នកកំពុងមានចំណាយថ្មីបន្ថែម នោះគឺចំណាយលើការបង់ការប្រាក់ទៅឱ្យធនាគារនោះឯង។
ការខ្ចីប្រាក់ពីធនាគារយកមកប្រើប្រាស់ក្នុងគោលបំណងណាមួយជារឿងដែលល្អ វាអាចជួយយើងឲ្យសម្រេចគោលដៅនោះបានឆាប់រហ័ស និងងាយស្រួល។ ប៉ុន្តែយើងចាំបាច់ត្រូវសិក្សាពីលទ្ធភាពខ្លួនឯងដែរ មុននឹងសម្រេចចិត្តខ្ចីប្រាក់ពីធនាគារ តាមរយៈចំណុចមួយចំនួនដែលយើងបានលើកមកបង្ហាញខាងលើ ចៀសវាងបញ្ហានានាដែលអាចកើតមានឡើងក្រោយពេលអ្នកខ្ចីប្រាក់រួចហើយ៕