អ្នកទាំងអស់គ្នាមាននៅចាំជំនាន់តេទូរសព្ទ ១នាទី ៣០០៛ អត់? បើនៅនឹកនៅចាំ ចឹងប្រាកដជានៅចាំប្រព័ន្ធទូរសព្ទចល័តមួយនេះហើយ។
Mobitel ត្រូវបានចាប់កំណើតឡើងនៅឆ្នាំ ១៩៩៧ ដែលជាប្រព័ន្ធទូរសព្ទចល័តដំបូងគេនៅកម្ពុជា លើការផ្ដល់សេវាទូរសព្ទបង់ប្រាក់ជាមុនដោយប្រើកាតកោស ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន CamGSM Co. Ltd សហប្រតិបត្តការណ៍រួមគ្នាជាមួយក្រុមហ៊ុន Millicom International Cellular។
នៅពេលនោះ ទីផ្សារប្រកួតប្រជែងមិនទាន់មានសន្ទុះនៅឡើយទេ ដែលនេះជាកត្តាល្អមួយធ្វើឱ្យក្រុមហ៊ុន Mobitel អាចគ្របដណ្ដប់ទីផ្សារបានយ៉ាងលឿន។ ក្នុងរយៈត្រឹមតែ ២ឆ្នាំប៉ុណ្ណោះ Mobitel ដណ្ដើមបានទីផ្សាររហូតដល់ 55% នៃចំណេកទីផ្សារនៅក្នុងប្រទេសកម្ពុជា។
បន្ទាប់ពីសម្រេចបានសមិទ្ធផលល្អគាប់នេះរួចមក នៅឆ្នាំ ២០០៥ Mobitel ក៏បាននាំយកមកនូវសេវាកម្មប្រព័ន្ធអ៊ីនធឺណែត 3G ដំបូងគេមកកម្ពុជា ជាមួយនឹងសេវាកម្ម MMS Calltune Unlimited Downloads ជាដើម ហើយវាក៏ជាឆ្នាំដែលក្រុមហ៊ុន Mobitel ប្ដូរឈ្មោះមកជា «Cellcard» ផងដែរ។
ជាមួយសេវាកម្មទាំងនេះ ក្រុមហ៊ុនសែលខាត (Cellcard) កាន់តែទទួលបានភាពជោគជ័យ រហូតដល់ឆ្នាំ ២០០៧ ក្រុមហ៊ុននេះកាន់កាប់ 67% ស្របពេលដែលមានការប្រកួតប្រជែងខ្លាំងនៃការចូលរួមទៅក្នុងទីផ្សាររបស់ក្រុមហ៊ុនទូរសព្ទដទៃដូចជាក្រុមហ៊ុន Mfone និង Hello ជាដើម។ ក្នុងឆ្នាំដដែល ក្រុមហ៊ុន CamGSM Co. Ltd បានវិនិយោគទឹកប្រាក់រហូតដល់ ២០០លានដុល្លារសហរដ្ឋអាមេរិច ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជា បណ្តាញសេវាជំនាន់ថ្មី (Next Generation Network)។
នៅឆ្នាំ ២០០៩ ក្រុមហ៊ុន Royal Group បានទិញភាគហ៊ុនរបស់ពី Millicom ហើយបានធ្វើឱ្យក្រុមហ៊ុន CamGSM Co. Ltd ឬ Mobitel ក្លាយជាក្រុមហ៊ុនដំបូងនិងតែមួយគត់នៅកម្ពុជាដែលកម្មសិទ្ធិគ្រប់គ្រងពេញលេញដោយជនជាតិខ្មែរ។ មួយឆ្នាំបន្ទាប់ ក្រុមហ៊ុននេះបានអភិវឌ្ឍសេវាកម្មរបស់ខ្លួនដល់ 3.5G HSPA ហើយបានបង្កើតសេវាកម្មទូទាត់សាច់ប្រាក់ដំបូងបង្អស់នៅក្នុងប្រទេស។
នៅឆ្នាំ ២០១៣ ដៃគូប្រកួតប្រជែងធំរបស់ខ្លួន «Mfone» បានចេញសេចក្ដីប្រកាសទទួលយកនូវកិច្ចព្រមព្រៀង ផ្ទេរអ្នកប្រើប្រាស់ប្រព័ន្ធរបស់ខ្លួនទាំងអស់មកកាន់ប្រព័ន្ធទូរសព្ទចល័ត Cellcard ដែលធ្វើឱ្យចំនួនអ្នកប្រើប្រាស់បណ្តាញទូរសព្ទក្រុមហ៊ុននេះកាន់តែច្រើនឡើង។
បន្ទាប់ពីភាពជោគជ័យក្នុងឆ្នាំបន្តបន្ទាប់នៃការឈ្នះពានរង្វាន់នានាមកពីក្រុមហ៊ុន Ookla និង OpenSignalជាដើម នៅក្នុងឆ្នាំ២០១៥ ក្រុមហ៊ុនទូរសព្ទចល័តនេះ បានសម្ភោធសេវាកម្មអ៊ីនធើណែត 4G LTE។ ក្នុងឆ្នាំបន្ទាប់គឺឆ្នាំ២០១៦ សេវាកម្មអ៊ីនធើណែតនោះបានបង្កើនការគ្របដណ្តប់របស់ខ្លួនដល់ 3000 តំបន់ ហើយ Cellcard ក៏បានបង្កើតគម្រោងភ្ជាប់ដែលមានតម្លៃសមរម្យបំផុតនៅកម្ពុជា ដែលមានឈ្មោះថា Osja Xchange និង Big Love។ ក្នុងឆ្នាំ២០១៧ ជាលទ្ធផល ក្រុមហ៊ុនសែលកាត ទទួលបានកំណើនអតិថិជនរហូតដល់ ១៤% បន្ថែម និងការប្រើប្រាស់អ៊ីនធើណែតមានការកើនឡើងដល់ប្រហែល ៥០០ភាគរយ។
នៅឆ្នាំ ២០១៩ ក្រុមហ៊ុននេះបានបន្តឈ្នះពានរង្វាន់ជាបន្តបន្ទាប់ជាច្រើនក្នុងដំណើរការផ្តល់សេវាកម្មរបស់ខ្លួនដល់អតិថិជន ហើយបានពង្រីកសេវាកម្ម 4G ដល់ ៣១០០ តំបន់។ ក្នុងឆ្នាំ ២០២០ ក្រុមហ៊ុននេះនៅតែបន្តការប្រកួតប្រជែងយ៉ាងស្វិតស្វាញ ដោយបានបង្កើតសេវាកម្មលេងហ្គេមអនឡាញជាដើម។ ការប្រកួតប្រជែងក្នុងទីផ្សារជាមួយនឹងភាពស្វិតស្វាញនិងច្នៃប្រឌិតរបស់ក្រុមហ៊ុននេះនៅតែឈានមុខនិងទាន់នឹងពេលបច្ចុប្បន្ននេះ។
ប្រព័ន្ធទូរសព្ទចល័តដំបូងគេនេះ បើគិតមកដល់ពេលបច្ចុប្បន្ន បានបន្តបម្រើសេវាកម្មរបស់ខ្លួនដល់អតិថិជននៅកម្ពុជាអស់រយៈពេលជាង ២០ឆ្នាំមកហើយ។ វាគឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនរណបធំៗនៅប្រទេសកម្ពុជា ដែលស្ថិតក្រោមអាណាព្យាបាលរបស់ក្រុមហ៊ុន Royal Group ដែលមាននាយកប្រតិបត្តិគឺអ្នកឧកញ៉ាគិត ម៉េង។
យើងឃើញថាក្រុមហ៊ុន Cellcard មកទល់ពេលបច្ចុប្បន្ន នៅតែបន្តឈរជើងដ៏រឹងមាំ និងនៅបន្តបង្កើតមាតិការបស់ខ្លួនថ្មីៗនៅតាមបណ្តាញសង្គមក្តីនិងតាមសេវាកម្មរបស់ខ្លួនថ្មីក្នុងបរិបទនៃការប្រកួតប្រជែង ដែលធ្វើឱ្យសេវាកម្មទូរសព្ទចល័តនៃក្រុមហ៊ុននេះ នៅតែមានអ្នកប្រើប្រាស់យ៉ាងច្រើនយ៉ាងសន្ធឹកសន្ធាប់ ទោះបីជាមានជម្រើសជាច្រើនដែលប្រកួតប្រជែងដោយក្រុមហ៊ុនដទៃក៏ដោយ។
ឯកសារដកស្រង់ចេញពី៖
- https://www.cellcard.com.kh/kh/detail/company-profile/
- https://www.itu.int/.../cs/cambodia/material/KHM%20CS.pdf