សង្ខេបៗពីសេចក្ដីប្រកាសដោយធនាគារជាតិនៃកម្ពុជាលើកិច្ចប្រជុំពិភាក្សាពីបញ្ហាប្រឈមនៃចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូច $1 $2 និង $5 នៅទីផ្សារកម្ពុជា។
មូលហេតុ៖
- ដោយសារស្ថានភាពវិបត្តិសេដ្ឋកិច្ចដែលពិភពលោកក៏ដូចជាប្រទេសកម្ពុជាកំពុងប្រឈម ការអនុវត្តវិធានការនេះគឺដើម្បីរួមចំណែកជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ។ តែការទុកអោយមានចរាចរណ៍ក្រដាសប្រាក់ដុល្លារអាមេរិចប្រភេទតូចនេះអាចជាឧបសគ្គ ទើបគេចង់ជំរុញអោយមានការប្រើប្រាស់ប្រាក់រៀលអោយបានទូលំទូលាយក្នុងចរន្តសេដ្ឋកិច្ច។
- ការថមថយសកម្មភាពសេដ្ឋកិច្ចនេះដែរ ធ្វើអោយតម្លៃប្រាក់រៀលធ្លាក់ចុះធៀបនឹងប្រាក់ដុល្លារអាមេរិក ហើយតម្រូវការប្រាក់រៀលក៏ធ្លាក់ចុះទៅតាមនោះដែរ។
- ដោយហេតុថាធនាគារជាតិនៃកម្ពុជាជាស្ថាប័នតែមួយគត់ដែលមានសិទ្ធិដឹកជញ្ជូនរូបិយប័ណ្ណចេញចូលប្រទេសកម្ពុជា ហើយវាតម្រូវអោយចំណាយពលកម្មនិងថវិកាខ្ពស់ផង ស្របពេលដែលការដឹកជញ្ជូនរូបិយប័ណ្ណចេញចូលប្រទេសកម្ពុជាកាន់តែលំបាក ក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-19នេះទៀតសោត។ ម្យ៉ាងទៀត ធនាគារក្រៅប្រទេសដែលជាដៃគូធ្លាប់តែជួយសម្រួលទទួលយកក្រដាសប្រាក់ដុល្លារអាមេរិកនេះ ក៏បានរឹតបន្តឹងការទទួលនេះ ហើយនិងមានចំនួនតិចទៅៗដែរ។
សេចក្ដីសម្រេច៖
- ធនាគារជាតិនៃកម្ពុជាប្រកាសអោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ យកក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូច(1ដុល្លារ,2ដុល្លារ និង5ដុល្លារ)ទាំងនោះមកប្រគល់ធនាគារជាតិនៃកម្ពុជា ដើម្បីដឹកជញ្ជូនចេញទៅក្រៅប្រទេសដោយមិនគិតថ្លៃសេវា។ ស្របពេលនេះធនាគារជាតិនឹងទុកពេលអោយ3ខែ គិតចាប់ពីថ្ងៃទី 1 ខែមិថុនា ដល់ថ្ងៃទី 31 ខែសីហា ឆ្នាំ2020 តែបន្ទាប់ពីថ្ងៃទី 31 ខែសីហា ឆ្នាំ2020 ទៅ ខាងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនឹងត្រូវរ៉ាប់រងកិច្ចការនេះដោយខ្លួនឯង។
- ធនាគារជាតិនៃកម្ពុជានឹងបន្តពិភាក្សាជាមួយនឹងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដើម្បីកំណត់ពេលវេលាសមស្របក្នុងការផ្អាកទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូចនេះទាំងស្រុង។
- ការអនុវត្តវិធានការនេះ មិនមែនបានន័យថាជាការហាមឃាត់មិនអោយប្រជាជនប្រើប្រាស់ក្រដាសប្រាក់ទាំងនេះក្នុងទីផ្សារឡើយ៕
Source: ធនាគារជាតិ នៃកម្ពុជា (NBC)
ចំណាំ៖ សេចក្ដីប្រកាសនេះគឺបានន័យថា អោយគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុប្រមូល និងប្រគល់ក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទតូច អោយខាងធនាគារជាតិប៉ុណ្ណោះ មិនបានហាមឃាត់មិនអោយមានការប្រើប្រាស់លុយដុល្លារអាមេរិកប្រភេទតូចៗនេះនៅលើទីផ្សារនោះទេ។