ក្រុមហ៊ុនយក្ស NOKIA ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៨៦៥ នៅលើច្រាំងទន្លេ Tammerkoski នៅភាគនិរតីនៃប្រទេសហ្វាំងឡង់។ ដើមដំបូងឡើយក្រុមហ៊ុននេះ ជារោងចក្រផលិតកិនក្រដាសតែប៉ុណ្ណោះ ហើយវាត្រូវឆ្លងកាត់ពេលវេលាអស់ពេលជាងមួយសតវត្សន៍ ទំរាំអភិវឌ្ឍខ្លួនមកដល់ចំណុចកំពូលមួយ។ NOKIA គឺជាក្រុមហ៊ុនទូរសព្ទធំមួយដែលផ្គត់ផ្គង់ទូរសព្ទច្រើនជាងគេបំផុតនៅលើពិភពលោករហូតដល់ឆ្នាំ ២០០៧។ ក្នុងឆ្នាំនេះហើយដែល NOKIA ឈរនៅចំណុចកំពូលបំផុតរបស់ខ្លួន ដែលមានចំណែកទីផ្សារទូរសព្ទដៃរហូតដល់ ៥១% ក្នុងទីផ្សារពិភពលោកនៅពេលនោះ ។
យ៉ាងណាក៏ដោយ អ្វីៗបានផ្លាស់ប្ដូរ នៅពេលដែលវត្តមានក្រុមហ៊ុន Apple និងទូរសព្ទប្រតិបត្តិការ Android បានលេចរូបរាងឡើង។ ចន្លោះពីចុងឆ្នាំ ២០០៧ ដល់ ឆ្នាំ២០១២ ក្រុមហ៊ុនយក្សមួយនេះបានខាតបង់តម្លៃទីផ្សារអស់ប្រមាណ ៩០% ដែលជាទំហំដែលធំមួយ។ នៅខែកញ្ញា ឆ្នាំ ២០១៣ ក្រុមហ៊ុន NOKIA បានសម្រេចចិត្តលក់ជំនួញអាជីវកម្មទូរសព្ទចល័តរបស់ខ្លួនទៅឱ្យក្រុមហ៊ុន Microsoft ក្នុងតម្លៃ $7.2 ប៊ីលានដុល្លារ ($7.2 billion)។
ហេតុផលអ្វីខ្លះ ទើបធ្វើឱ្យក្រុមហ៊ុនយក្សនេះចុះខ្សោយខ្លាំង ហើយយើងម្នាក់ៗ ឬជាពិសេសម្ចាស់អាជីវកម្មអាចរៀនបានអ្វីខ្លះពី NOKIA
១. អំនួត និងភាពជឿជាក់ខ្លួនខ្លាំងជ្រុល (Overconfident)
NOKIA មានភាពជឿជាក់នឹងផលិតផលរបស់ខ្លួនខ្លាំងពេក ដោយមិនព្រមកែលម្អ ឬអភិវឌ្ឍខ្លួនទៅតាមទំនោររបស់អ្នកប្រើប្រាស់។ NOKIA ជឿជាក់ថាអតិថិជននឹងបន្តទិញផលិតផលដែលផលិតក្រោមឈ្មោះយីហោរបស់ខ្លួនដោយមិនគិតពីកត្តាផ្សេងៗឡើយ។ វាជាការពិតក្នុងកម្រិតមួយ ប្រសិនបើគ្មានក្រុមហ៊ុនណាមកប្រកួតជាមួយខ្លួននោះ។ ប៉ុន្តែជាមួយនឹងការលេចមុខ iPhone របស់ក្រុមហ៊ុន Apple និងទូរសព្ទដៃផ្សេងៗរបស់ Huawei ជាដើម។
ជម្រើសសម្បូរបែប និងភាពច្នៃប្រឌិតដែលក្រុមហ៊ុនផ្សេងអាចផ្តល់ដល់អតិថិជននោះហើយ ដែលជាកត្តាធ្វើឱ្យ NOKIA ទទួលបរាជ័យ។ ក្រុមហ៊ុន NOKIA ស្ទើរតែនៅទ្រឹងមួយកន្លែងដោយមិនអភិវឌ្ឍផលិតផលរបស់ខ្លួនឱ្យមានភាពច្នៃប្រឌិត និងទាក់ទាញចិត្តអតិថិជន។ អ្នកអាចសង្កេតឃើញថា ក្នុងករណីនេះក្រុមហ៊ុនគួរតែអភិវឌ្ឍផលិតផលនិងសេវាកម្មគេដើម្បីធ្វើការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនដទៃ។ ទោះបីជាក្រុមហ៊ុន ឬអាជីវកម្មទទួលបានជោគជ័យក៏ដោយ ក៏គេមិនត្រូវបញ្ឈប់ការអភិវឌ្ឈអោយស្របតាមមជ្ឈដ្ឋានឡើយ។
២. បើកចិត្តទទួលយកការសាកល្បងនិងផ្លាស់ប្តូរទៅតាមភាពពេញនិយម (innovation)
នៅពេល Google ចូលទីផ្សារក្នុងឆ្នាំ ២០០៨ ក្រុមហ៊ុនទូរសព្ទជាច្រើនបានជ្រើសរើស Android ធ្វើជាប្រព័ន្ធប្រតិបត្តិការរបស់ទូរសព្ទរបស់គេ ដែលក្នុងនោះក៏មានក្រុមហ៊ុនខ្នាតយក្សដូចជា Samsung និង Huawei ផងដែរ។ ផ្ទុយទៅវិញ NOKIA នៅតែប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការចាស់របស់គេ (Symbian) និងមានភាពស្ទាក់ស្ទើរក្នុងការផ្លាស់ប្តូរវា។ នៅឆ្នាំ ២០១១ ទើប NOKIA សម្រេចចិត្តធ្វើសហប្រតិបត្តិការជាមួយក្រុមហ៊ុន Microsoft ហើយបង្កើត Windows Phone ប៉ុន្តែនៅតែមិនប្រើប្រាស់ប្រព័ន្ធ Android ។
ការផ្លាស់ប្តូរនេះបានធ្វើអោយក្រុមហ៊ុននេះឈានជើងដល់ចំណុចបញ្ចប់មួយនៅឆ្នាំ ២០១៣ ដោយត្រូវបានលក់ទៅក្រុមហ៊ុន Microsoft។ បច្ចុប្បន្ននេះ Android គ្របដណ្តប់ទីផ្សារប្រតិបត្តិការរបស់ទូរសព្ទដៃរហូតដល់ជាង ៨០ភាគរយ ខណៈពេលដែល ប្រព័ន្ធប្រតិបត្តិការ Windows ត្រូវបានបិទ។ នៅឆ្នាំ២០១៤ ទើបទូរសព្ទដៃ NOKIA តម្រង់ទិសដៅខ្លួនមកប្រព័ន្ធប្រតិបត្តិការដ៏ពេញនិយម Android វិញ ដែលវាហួសពេលទៅហើយសម្រាប់ ម៉ាកយីហោ NOKIA ក្នុងការប្រឡូកខ្លួនប្រកួតប្រជែងជាមួយក្រុមហ៊ុនដទៃ។ ប្រសិនបើ NOKIA បើកចិត្តទទួលការផ្លាស់ប្តូរ និងអភិវឌ្ឍខ្លួនបានលឿនបន្តិច គេប្រហែលជាមិនធ្លាក់មកចំណុចនេះឡើយ។
៣. ពង្រឹងផ្នែកលក់និងទីផ្សារ
ដោយសារតែការផ្តោតទីលើតែផ្នែកផលិតកម្មនិងផ្នែកមួយចំនួនខ្លាំងពេក ក្រុមហ៊ុន NOKIA មិនបានពង្រឹងផ្នែកទីផ្សារខ្លួនអោយសមស្របនឹងមជ្ឍដ្ឋានប្រកួតប្រជែងជាមួយក្រុមហ៊ុនផ្សេងឡើយ។ នេះក៏ជាហេតុផលមួយដែលធ្វើអោយក្រុមហ៊ុននេះឱនក្បាលចុះ។ ផលិតផលបច្ចេកវិទ្យាល្អ ក៏ត្រូវការអ្នកជំនាញទីផ្សារ និងលក់ល្អៗដូចគ្នាដែរ ទើបផលិតផលងាយនឹងលក់ចេញ។ ភាពជោគជ័យរបស់ក្រុមហ៊ុន Apple, Huawei, Xiaomi, OnePlus អាចឆ្លុះបង្ហាញពីភាពខ្លាំងនៃផ្នែកទីផ្សាររបស់គេដែលជាកាតាលីករនាំផ្លូវទៅរកភាពត្រចះត្រចង់ផ្នែកអាជីវកម្មរបស់គេ។
ទីផ្សារនិងផ្នែកលក់ក៏មានសារៈសំខាន់ ដូចគ្នាទៅនឹងការច្នៃប្រឌិតនិងបច្ចេកវិទ្យានិងផលិតកម្មដែរ ។ ផលិតផល ឬសេវាកម្មអ្នកមានភាពល្អអស្ចារ្យលើសគេឯងយ៉ាងណាក៏ដោយ ប្រសិនបើផ្នែកលក់និងផ្នែកទីផ្សាររបស់អ្នកនៅមានកម្រិត ទីផ្សារប្រកួតប្រជែងលក់អ្នកក៏ពិបាកនឹងចុះចំណោមគេដែរ។
យើងឃើញថា ការជោគជ័យនៃអាជីវកម្មមិនមែនអាចស្ថិតនៅស្ថិតស្ថេរជារៀងរហូតនោះទេ។ គេក៏ត្រូវចេះសម្របខ្លួនតាមសង្គមនិងភាពប្រកួតប្រជែង ក៏ដូចជាតម្រូវការរបស់អតិថិជនផងដែរ។ គេអាចរៀនសូត្រច្រើនពីបទពិសោធន៍របស់ក្រុមហ៊ុននានាទាំងភាពជោគជ័យនិងបរាជ័យដើម្បីអភិវឌ្ឍគំនិតអាជីវកម្មនាពេលអនាគត៕
Edited: ព័ត៌មានសំខាន់ៗខាងលើ ត្រូវបានដកស្រង់ចេញពីប្រភព៖
- គេហទំព័រក្រុមហ៊ុន NOKIA (History of NOKIA)
- The Verge "Microsoft buying Nokia's phone business in a $7.2 billion bid for its mobile future"
- Summit "Where Nokia Went Wrong: 5 Costly Business Lessons"
- The Verge "This is Nokia X: Android and Windows Phone collide"