ប្រឹងប្រែងធ្វើការ រកស៊ីពីមួយខែទៅមួយខែ មួយឆ្នាំទៅមួយឆ្នាំ ចុងបញ្ចប់មិនដែលមានសល់អ្វីក្រៅពីបំណុល និងវិក័យបត្រដែលចាយពីដើមខែសោះ។ នេះមកពីការគ្រប់គ្រងលើការចំណារបស់យើងមិនបានធ្វើឡើងត្រឹមត្រូវ ហើយប្រសិនបើយើងនៅតែបន្តធ្វើឲ្យរឿងនេះកើតឡើងជារឿយៗទៀតនោះ មិនយូរទេយើងនឹងជួបបញ្ហាផ្សេងៗក្រៅពីជួបបំណុល និងវិក័យបត្រដែលយើងធ្លាប់ជួបពីមុននោះទៅទៀត។ ចង់ដឹងអត់ថាជួបអីខ្លះ តោះ! ស្វែងយល់ទាំងអស់គ្នា៖
‣ បង្កើតបំណុលសម្រាប់ខ្លួនកាន់តែច្រើន៖
ពេលដែលយើងមានទម្លាប់ចាយវាយលើសពីអ្វីដែលយើងរកបាននោះ មិនយូរទេយើងនឹងត្រូវជាប់បំណុលជាច្រើនជុំវិញខ្លួនរបស់យើង ព្រោះថាបើលុយដែលយើងរកបានចាយមិនគ្រប់ ហើយចាយមិនចេះសន្សំសំចៃផងនោះ តើមានអ្វីទៀតក្រៅពីខ្ចីលុយគេ? ការខ្ចីប្រាក់ពីអ្នកដទៃអាចត្រឹមជួយយើងបានមួយរយៈពេលខ្លីតែប៉ុណ្ណោះ ប្រសិនបើយើងមិនចេះរៀបចំការចាយវាយឲ្យបានត្រឹមត្រូវឡើងវិញនោះទេ យើងនឹងជាប់បំណុលអ្នកដទៃកាន់តែច្រើនឡើងៗជាមិនខាន។
‣ ភាពស្មុគស្មាញ និងបាត់បង់សេរីភាពផ្ទាល់ខ្លួន៖
យើងប្រាកដជាមិនមានអារម្មណ៍ល្អប៉ុន្មាននោះទេ នៅពេលដែលយើងរកចំណូលមិនបានគ្រប់គ្រាន់សម្រាប់ចំណាយដ៏លើសលប់ ហើយមានជំពាក់បំណុលគេច្រើនទៀតផងនោះ។ ថ្វីត្បិតតែយើងគ្រប់គ្នាមិនចង់ជួបស្ថានភាពនេះក៏ដោយ តែធ្វើម៉េចបើយើងជ្រុលដល់ដំណាក់កាលនេះទៅហើយ មានតែបើកចិត្តទទួលវា ហើយខិតខំធ្វើការរកចំណូលបន្ថែមដើម្បីបានដោះបំណុលគេ ដែលនេះហើយជាលទ្ធផលនៃការចាយវាយខ្ជះខ្ជាយមិនចេះគិត ចុងក្រោយគឺយើងបំផ្លាញសេរីភាពខ្លួនឯង មិនមានពេលសម្រាក គឺគិតតែផ្ដល់ពេលវេលាទៅលើការធ្វើការរកចំណូលមកដោះបំណុលប៉ុណ្ណោះ។
‣ មិនមានប្រាក់បម្រុងក្នុងករណីត្រូវការបន្ទាន់៖
ប្រសិនបើយើងជាមនុស្សម្នាក់ដែលមានការគ្រប់គ្រងបានល្អលើផែនការចំណាយនោះ យើងនឹងមានប្រាក់សម្រាប់ចាយវាយគ្រប់គ្រាន់ប្រចាំថ្ងៃមិនតែប៉ុណ្ណោះពេលករណីចាំបាច់ណាមួយកើតឡើងយើងក៏អាចមានប្រាក់បម្រុងខ្លះសន្សំទុកសម្រាប់ប្រើប្រាស់ផងដែរ។ ផ្ទុយទៅវិញ បើការចំណាយរបស់យើងលើសពីចំណូលដែលយើងមាននោះ យើងមិនមានឡើយប្រាក់សម្រាប់បម្រុងទុកពេលមានអាសន្នបែបនេះ ករណីប្រសិនបើមានករណីបន្ទាន់កើតឡើង យើងច្បាស់ជាមានបញ្ហាធំជាមិនខាន។
‣ មិនមានលទ្ធភាពក្នុងការសម្រេចនូវគោលបំណងរបស់ខ្លួន៖
យើងម្នាក់ៗតែងតែមានបំណងប្រាថ្នារៀងៗខ្លួន អ្នកខ្លះចង់បាននេះ អ្នកខ្លះចង់បាននោះ។ សម្រាប់អ្នកមានជីវភាពធូរធារ វាមិនមែនជារឿងពិបាកនោះទេ គេអាចទិញរបស់ទាំងអស់នោះបានភ្លាមៗនៅពេលណាដែលគេចង់បាន តែសម្រាប់អ្នកធ្វើការងារបានប្រាក់ខែតិចតួចវិញ មុននឹងអាចសម្រេចនូវគោលបំណងរបស់ខ្លួនបាន ត្រូវតែសន្សំបន្តិចម្ដងៗពីប្រាក់ខែដែលខ្លួនមាន។ ចុះបើចំណាយប្រចាំថ្ងៃរបស់យើងមិនទាំងគ្រប់ផងនោះ តើមានលុយមកពីណាយកទៅធ្វើរឿងទាំងអស់ហ្នឹង ចឹងមានអ្វីក្រៅពីដេកស្រមៃចង់បានវា ទាំងដឹងច្បាស់ថាគ្មានថ្ងៃអាចកើតឡើងនោះទេ?
‣ បាត់បង់មិត្តភាព និងមនុស្សដែលខ្លួនស្រឡាញ់៖
យើងបានឃើញច្រើនករណីរួចហើយ នាពេលកន្លងមក ពីមិត្តភក្តិដែលធ្លាប់ជិតស្និទ្ធប្រែមកជាសត្រូវនឹងគ្នា ដោយសារតែការខ្ចីបំណុល និងមិនមានលទ្ធភាពសងនេះហើយ។ នៅពេលដែលយើងចាយច្រើនលើសពីអ្វីដែលយើងមាន វាក៏អាចនាំឲ្យយើងបែកបាក់មិត្តភាពរវាងមនុស្សដែលធ្លាប់ស្រឡាញ់រាប់អានគ្នាបានផងដែរ ដ្បិតអីមិនមាននរណាចង់រាប់អានយើងទៀតឡើយនៅពេលដែលយើងមានរឿងមិនល្អកើតឡើងបែបនេះ ដូច្នេះបើមិនចង់ឲ្យករណីនេះកើតឡើងចំពោះខ្លួនទេ គួរតែគិតឡើងវិញពីទម្លាប់ចាយវាយរបស់យើង។
‣ បាត់បង់ការងារដែលខ្លួនពេញចិត្ត ដោយចំណូលមិនគ្រប់គ្រាន់៖
យើងម្នាក់ៗតែងចង់ធ្វើការតាមក្ដីស្រមៃរបស់យើង មានក្រុមការងារល្អ យើងខិតខំបំពេញការងារ និងមិនចង់ចាកចេញពីកន្លែងនោះឡើយ។ ប៉ុន្តែនៅពេលអ្នកចំណាយច្រើនជាងចំណូល រហូតដល់កើនដល់មានបំណុល អ្នកត្រូវបង្ខំដើរកន្លែងការងារផ្សេងដែលផ្ដល់ចំណូលខ្ពស់តាមដែលអាចធ្វើបាន យូរៗទៅ អ្នកធ្វើការដើម្បីតែដោះបំណុលដែលកំពុងមាន។
ឃើញអត់ ក្រៅពីជួបបំណុល និងវិក័យបត្រចាស់ៗ មានរឿងជាច្រើនផ្សេងទៀតដែលយើងនឹងប្រឈមមុខ នៅពេលដែលការចំណាយរបស់យើងហួសអ្វីចំណូលដែលយើងទទួលបាន។ ដូច្នេះ ប្រសិនបើចង់រក្សានូវចំណងមិត្តភាពល្អ ចង់មានសេរីភាពសម្រាប់ខ្លួនឯង អាចបំពេញក្តីស្រមៃ និងមិនចង់បាត់បង់ការងារដែលខ្លួនស្រឡាញ់ យើងគួរតែចេះរៀបចំការគ្រប់គ្រងចំណាយឲ្យបានត្រឹមត្រូវ ជាពិសេសនោះគឺត្រូវចៀសឲ្យផុតពីការចំណាយលើសពីចំណូលរបស់ខ្លួន។ អ្នកក៏អាចស្វែងរកវិធីសាស្ត្រគ្រប់ការការចំណាយមួយ ដែលស័ក្តិសមសម្រាប់ខ្លួនអ្នកបានផងដែរ ដោយចូរទៅអានអត្ថបទមុនៗពីកាក់សេន៕