ស្របពេលដែលបច្ចេកវិទ្យាបានវិវត្តឥតឈប់ឈរ មធ្យោបាយទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលជាច្រើនប្រភេទបានលេចវត្តមានឡើងនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុ។ ចំណែកឯឥរិយាបថនៃការចាយវាយរបស់អ្នកប្រើប្រាស់ ក៏ដូចជាទម្លាប់នៃការទូទាត់ប្រាក់នៅក្នុងទីផ្សារប្រទេសកម្ពុជាក៏បាននិងកំពុងផ្លាស់ប្តូរដូចគ្នា។
យើងឃើញថា នៅលើទីផ្សារប្រទេសយើងបច្ចុប្បន្ន មានហាងទំនិញ និងទីប្រកបអាជីវកម្មជាច្រើន បានសម្របខ្លួនទៅតាមការវិវត្តនៃការបង់ប្រាក់បែបឌីជីថលរួចហើយ ដោយរួមមានដូចជាការទូទាត់តាមកាត (កាតឥណទានឬឥណពន្ធ កាត VISA ជាដើម) ការបង់ប្រាក់ដោយស្កេន QR-Code ការផ្ទេរប្រាក់តាមកម្មវិធីទូរស័ព្ទដៃ។ល។
តើអាចទេ ដែលការទូទាត់ដោយប្រើសាច់ប្រាក់(ក្រដាសលុយ)នឹងត្រូវកាត់បន្ថយ ហើយជំនួសឱ្យដោយការទូទាត់មិនប្រើសាច់ប្រាក់ ឬតាមបែបឌីជីថលជំនួសវិញ?
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ខ្លះនៃការប្រើប្រាស់ប្រព័ន្ធឌីជីថលដើម្បីទូទាត់ប្រាក់៖
១. សុវត្ថិភាព និងងាយស្រួលយកតាមខ្លួន
ការទុកសាច់ប្រាក់សុទ្ធជាប់តាមខ្លួនប្រឈមនឹងហានិភ័យនៃការបាត់បង់ ជាពិសេសគឺអំពើចោរកម្មបើយើងធ្វេសប្រហែសខ្លួន ព្រោះថាលុយសុទ្ធ តែបាត់ហើយមិនងាយរកឃើញវិញទេ។ តែសម្រាប់ការប្រើប្រាស់ប្រព័ន្ធឌីជីថលវិញ ទោះអ្នកបាត់កាតទូទាត់ប្រាក់ណាមួយ ឬបាត់ទូរស័ព្ទដែលមានភ្ជាប់គណនីធនាគារក្នុងកម្មវិធីទូរស័ព្ទអ្នក ប៉ុន្តែអ្នកអាចរាយការណ៍ទៅខាងធនាគារភ្លាមៗដើម្បីបិទដំណើរការកាតឬកុងធនាគារក្នុងកម្មវិធីទូរស័ព្ទរបស់អ្នក នោះអ្នកនឹងធានាបានសុវត្ថិភាពនៃលុយកាក់របស់អ្នកបាន។
២. ងាយស្រួលតាមដានការចាយវាយ
មែនទែនទៅ ទោះបីជាអ្នកឧស្សាហ៍តាមដានការចាយវាយរបស់ខ្លួនប៉ុនណា ក៏ពេលខ្លះនៅភ្លេចកត់ត្រាឬរក្សាទុកវិក្ក័យបត្រម្ដងម្កាលដែរ។ ការចាយតាមប្រព័ន្ធឌីជីថលកាន់តែផ្ដល់ភាពស្រួលក្នុងការតាមដានចំណាយ តាមរយៈ History Transaction Records។ អញ្ចឹង ទោះយើងជាមនុស្សពូកែភ្លេចយ៉ាងណា ក៏នៅមានប្រវត្តិប្រតិបត្តិការសម្រាប់ផ្ទៀងផ្ទាត់ដែរ។
៣. ភាពងាយស្រួលក្នុងការផ្ទេរសាច់ប្រាក់
កាលពីមុន ដើម្បីផ្ទេរប្រាក់បាន ត្រូវស្វែងរកសេវាកម្មផ្ញើលុយ បន្ទាប់មករកទីតាំងដើម្បីផ្ញើទៀត។ កំហុសអាចកើតឡើងនៅពេលយើងផ្ញើទៅកាន់លេខខុស ខុសលេខកូដទទួល ឬមានកត្តាជាច្រើន ហើយត្រូវចាយបន្ថែមលើសេវាកម្មទៀត។ ប៉ុន្តែការផ្ទេរប្រាក់រវាងគណនីក្នុងធនាគារតែមួយ ពុំមានការគិតថ្លៃសេវាកម្មនោះឡើយ។ រីឯការផ្ទេរប្រាក់ក៏មានការធានាត្រឹមត្រូវ បើទោះបីជាអ្នកធ្លោយកំហុសណាមួយពេលផ្ញើលុយ ក៏អ្នកនៅតែអាចរាយការណ៍ទៅភ្នាក់ងារធនាគារដើម្បីបិទដំណើរការផ្ទេរប្រាក់បានភ្លាមៗ ឬរកដំណោះស្រាយណាមួយបាន។
៤. ការទទួលបង់ប្រាក់តាមប្រព័ន្ធឌីជីថលមានស្ទើរតែគ្រប់ទីកន្លែង
មកដល់ថ្ងៃនេះ ស្ទើរតែគ្រប់ទីកន្លែងទៅហើយ ដែលទទួលការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល មិនថាការបង់លុយ ទទួលលុយ ឬការចំណាយផ្សេងៗ។ មែនទែនទៅ មកដល់ថ្ងៃនេះយើងត្រឹមមានទូរសព្ទមួយគ្រឿងក្នុងដៃ ជាមួយកម្មវិធីបង់ប្រាក់របស់ធនាគារណាមួយ ក៏យើងលែងភ័យព្រួយរឿងចាយវាយទៀតហើយ ឱ្យតែក្នុងកុងមានទឹកប្រាក់។
៥. សុវត្ថិភាព និងអនាម័យ
ស្របតាមការប្រកាសរបស់អង្គការសុខភាពពិភពលោក (WHO) ក្រដាសលុយគឺជាវត្ថុ ឬភ្នាក់ងារចម្លងមេរោគច្រើនជាងគេ ជាពិសេសកំឡុងកូវីឌ១៩នេះ ក្រដាសប្រាក់គឺជាវត្ថុដែលមានគ្រោះថ្នាក់ជាងគេ។ ជំនួសឱ្យការចាប់កាន់ក្រដាសប្រាក់ដោយផ្ទាល់ យើងអាចប្រើប្រាស់ការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល ដោយឈរលើគោលការណ៍រក្សាគម្លាត ក៏ដូចជាមិនប៉ះក្រដាសប្រាក់បានថែមទៀតផង។
៦. ការលើកទឹកចិត្តពីរាជរដ្ឋាភិបាល
ដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងការទូទាត់ប្រាក់ រាជរដ្ឋាបានលើកទឹកចិត្តប្រជាជនឱ្យមានប្រើប្រាស់ប្រព័ន្ធឌីជីថលនេះតាមរយៈការបង់លុយទឹកភ្លើងជាដើម។ ជាពិសេសថ្មីៗនេះ ធនាគារជាតិនៃកម្ពុជាក៏បានប្រកាសចេញនូវកម្មវិធី “បាគង” ដែលជាប្រព័ន្ធទូទាត់ និងផ្ទេរសាច់ប្រាក់តាមប្រព័ន្ធឌីជីថលថ្មីមួយក្នុងប្រទេសកម្ពុជា។ វាប្រព័ន្ធទូទាត់ប្រាក់ ដែលអ្នកអាចផ្ទេរសាច់ប្រាក់ពីធនាគារមួយទៅធនាគារផ្សេងទៀតបានដោយងាយស្រួល៕