ខ្លី តែខ្លឹម!! ចំណាយពេលត្រឹមតែ១នាទី ដើម្បីទទួលបានចំណេះដឹងថ្មីៗ។
អាជីវកម្ម រកសុីអ្វីក៏ដោយសុទ្ធតែតម្រូវឲ្យមានការយកចិត្តទុកដាក់ និងការអត់ធ្មត់ច្រើន តែក៏មានរឿងខ្លះដែលអាជីវករគួរចៀសវាង។
តោះមកមើល រឿង៣យ៉ាងដែលអ្នករកស៊ីគួរចៀសវាង បើមិនចង់ឲ្យអាជីវកម្មដួលរលំ!
មិនយកចិត្តទុកដាក់លើអតិថិជន
នៅពេលអាជីវករមិនយកចិត្តទុកដាក់ ឬមិនខ្វល់ពីសំដីរបស់អតិថិជន វាអាចផ្តល់ផលប៉ះពាល់ដល់អាជីវកម្ម ដូចជាត្រង់សេវាកម្មគុណភាពមិនល្អ ធ្វើឲ្យអតិថិជនមានការអាក់អន់ចិត្ត មិនត្រឡប់មកទិញទំនិញ ឬប្រើប្រាស់សេវាកម្មរបស់យើងម្ដងទៀត។ បទពិសោធន៏ និងមតិយោបល់អតិថិជនមានសារសំខាន់ណាស់សម្រាប់អាជីវកម្ម ព្រោះនេះជាផ្នែកធំមួយនៃការនាំប្រាក់ចំណូលចូលអាជីវកម្ម ជួយផ្សព្វផ្សាយ ទាក់ទាញអតិថិជនថ្មីៗ និងជួយកែលម្អអាជីវកម្មឲ្យកាន់តែប្រសើរ។
ធ្វេសប្រហែសរឿងលុយកាក់
ការធ្វេសប្រហែសរឿងលុយកាក់អាចមានដូចជា គ្មានគម្រោងចាត់ចែងលុយត្រឹមត្រូវ ចំណាយច្រើនជាងចំណូល ចំណាយលើអ្វីដែលមិនមែនជាតម្រូវការ ឬខ្វះលុយបម្រុងទុកសម្រាប់ពេលមានអាសន្នជាដើម។ អាជីវករមិនគួរណាធ្វេសប្រហែសបែបនេះទេ ព្រោះបើមានបញ្ហារឿងលុយកាក់ដែលពិបាកដោះស្រាយ នោះវាអាចមានការប៉ះពាល់ដល់អាជីវកម្ម អាចឈានដល់ការជំពាក់បំណុល ឬរហូតដល់ក្ស័យធនទៀតផងក៏ថាបាន។
គ្មានផែនការអាជីវកម្មបម្រុងទុក
ពេលយើងចាប់ផ្តើមដំណើរការបើករកសុីដំបូង យើងគួរមានផែនការបម្រុងទុកដែរ។ ការរៀបចំផែនការបម្រុងទុក ឬ Plan B អនុញ្ញាតឱ្យអាជីវកម្មមានផ្លូវដើរផ្សេងទៀត ក្នុងករណីគម្រោងដើមមិនប្រព្រឹត្តទៅដូចការរំពឹងទុក ឬពេលមានស្ថានការណ៍ ឬបញ្ហាថ្មីណាមួយមកបង្អាក់ពាក់កណ្ដាលទី។ បើយើងមិនបានរៀបផែនការបម្រុងទេ វាអាចផ្តល់ផលលំបាក រាំងស្ទះដល់ដំណើរការអាជីវកម្មដែលធ្វើឲ្យខាតបង់ពេលវេលា និងថវិកាផងដែរ៕
© 2022 - 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
សូមទាក់ទងមកពួកយើង ប្រសិនបើអ្នកចង់យកមាតិកាយើងទៅប្រើប្រាស់បន្ត។