កាលពីមួយសប្ដាហ៍មុន សារព័ត៌មានអន្តរជាតិល្បីៗទូទាំងសកលលោកបានចុះផ្សាយពីមហាសេដ្ឋីលេខ១ថ្មី ដែលចូលមកជំនួសតំណែងលោក Jeff Bezos ប្រធានប្រតិបត្តិក្រុមហ៊ុន Amazon នោះគឺលោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង Space X ដែលមានទឹកប្រាក់សរុប ១៨២.៤ពាន់លានដុល្លារ (ដោយគិតត្រឹមថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២០)។
ហេតុផលចម្បងដែលញ៊ាំងឱ្យលោក Elon Musk វ៉ាដាច់គេក្នុងបញ្ជីចំណាត់ថ្នាក់មហាសេដ្ឋីកំពូលៗក្នុងពិភពលោកនោះ ដោយសារតម្លៃភាគហ៊ុនរបស់ Tesla មានការកើនឡើងថ្លៃយ៉ាងគំហុក ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។ កត្តាអ្វីខ្លះដែលធ្វើឱ្យភាគហ៊ុនរបស់លោកមានតម្លៃកើនឡើងខ្លាំងយ៉ាងនេះ?
#ខាងក្រោមនេះជាសមិទ្ធផលត្រួសៗដែលលោកសម្រេចបានមុននឹងក្លាយជាមហាសេដ្ឋីលំដាប់ទី១លើពិភពលោក
• ក្នុងឆ្នាំ ១៩៩៥ លោកបានបង្កើតក្រុមហ៊ុន Zip2 ដែលជាក្រុមហ៊ុនរៀបចំផែនទីនៃអាជីវកម្មក្នុងតំបន់ និងលក់ព័ត៌មានទាំងនេះទៅឱ្យក្រុមហ៊ុនកាសែតអនឡាញ។ ក្រោយមក នៅឆ្នាំ ១៩៩៩ ក្រុមហ៊ុនកុំព្យូទ័រ Compaq បានទិញក្រុមហ៊ុន Zip2 ក្នុងទំហំទឹកប្រាក់ ៣០៧ លានដុល្លារ។
• នៅឆ្នាំដដែលនេះ លោកបានបង្កើត X.com ដែលជាក្រុមហ៊ុនផ្ដល់សេវាហិរញ្ញវត្ថុអនឡាញ ក្រោយមកក្លាយជាក្រុមហ៊ុន PayPal ទូទាត់ចំណាយ និងផ្ទេរប្រាក់តាមអនឡាញ។ សក្ដានុពល PayPal ត្រូវបានក្រុមហ៊ុន eBay ចាប់អារម្មណ៍ និងសម្រេចទិញក្នុងតម្លៃ ១.៥ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ ២០០២។ ក្រុមហ៊ុនយក្ស PayPal បានក្លាយជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ eBay។ ពេលនោះលោកទទួលបានទឹកប្រាក់ ១៨០ លានដុល្លារពីការលក់នេះ។
• ក្នុងឆ្នាំ ២០០២ លោកបានបើកក្រុមហ៊ុន SpaceX ជាមួយលុយ ក្នុងទំហំ ១០០លានដុល្លារ។ រឿងរ៉ាវដ៏ជូរចត់នៅពីក្រោយភាពជោគជ័យនៃក្រុមហ៊ុន SpaceX ដែលជាក្រុមហ៊ុនឯកជនដំបូងគេបង្អស់ក្នុងវិស័យអវកាស គឺដើមឡើយ លោក Elon Musk បានផលិតរ៉ុកកែតម៉ាស៊ីនមួយ (Falcon 1) ចំនួន៣គ្រឿងជាមួយទឹកលុយដែលលោកបានត្រៀម ហើយការសាកល្បងទាំង៣លើក សុទ្ធតែបរាជ័យ ។ នៅពេលនោះ ក្រុមហ៊ុនលោកបានប្រឈមនឹងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ ស្ទើរតែក្ស័យធនទៅហើយ។ ប៉ុន្តែលោកពុំបានបោះបង់ក្ដីស្រមៃលោកនោះឡើយ។ ការសម្រេចចិត្តផលិតរ៉ុកកែតទី៤ ទទួលបានផ្លែផ្កាជាវិជ្ជមាន ក្នុងការបាញ់បង្ហោះទៅទីអវកាសបានជោគជ័យ។
ក្រុមហ៊ុនដែលបម្រុងនឹងបាត់ឈ្មោះ បានកសាងកិត្តិនាមរបស់ខ្លួនឡើងវិញជាមួយនឹងប្រាក់ចំណូល និងទុនវិនិយោគច្រើនសន្ធឹកសន្ធាប់ពីវិនិយោគិន ព្រមទាំងកិច្ចសន្យាក្នុងការបាញ់បង្ហោះផ្កាយរណបទៅក្នុងគន្លងតារាវិថី បញ្ជូនទំនិញទៅស្ថានីយ៍អវកាសអន្តរជាតិ ជាពិសេសកិច្ចសន្យាជាមួយទីភ្នាក់ងារណាសាឆ្នាំ ២០០៨ ក្នុងការបញ្ជូនអវកាសយានិកទៅក្នុងលំហ។
ភាពជោគជ័យជាបន្តបន្ទាប់ក្នុងការបាញ់បង្ហោះរ៉ុកកែត បានកសាងនូវទំនុកចិត្តដ៏ខ្លាំងក្លាពីសំណាក់សាធារណជន ចំពោះស្ថិរភាព និងវិវឌ្ឍនភាពរបស់ក្រុមហ៊ុន SpaceX ដែលជាហេតុដើមចម ធ្វើឱ្យភាគហ៊ុន Space X ឡើងតម្លៃខ្លាំង។
• ដោយឡែក សម្រាប់ក្រុមហ៊ុន Tesla គឺជាក្រុមហ៊ុនដែលលោកបង្កើតឡើងក្នុងឆ្នាំ ២០០៣ មានឈ្មោះថា Tesla Motors ក្រោយមកប្តូរឈ្មោះទៅជា Tesla ដែលមានឯកទេសខាងផលិតកម្មរថយន្តដើរដោយអគ្គិសនី មិនប្រើសាំង។ យានយន្តនេះ បើកលក់ជាសាធារណៈនៅឆ្នាំ ២០១០ ដោយរកចំណូលបាន ២២៦លានដុល្លារ។
• ក្នុងឆ្នាំ ២០០៦ លោកបានផលិតរថយន្តមួយឈ្មោះ Roadster ដែលអាចបង្កើនល្បឿនពី ០ ដល់ ៩៧ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើពេលតិចជាង ៤វិនាទី និងអាចធ្វើដំណើរបានចម្ងាយ ៣៩៤ គីឡូម៉េត្រ ពេលសាកថ្មម្ដង។
• ម្យ៉ាងទៀត ក្នុងការជួយលើកកម្ពស់ការថែរក្សានិរន្តរភាពបរិស្ថាន តម្រូវការរថយន្តអគ្គិសនីមានការកើនឡើងជាលំដាប់ ដែលជាបុព្វហេតុនៃការឡើងថ្លៃគួរឲ្យកត់សម្គាល់របស់ហ៊ុន Tesla។ ក្រោយពី Tesla បញ្ចូលក្នុងទីផ្សារភាគហ៊ុន S&P 500 ជាផ្លូវការកាលពីថ្ងៃ ២១ ធ្នូ ២០២០ ភាគហ៊ុនរបស់ Tesla បានកើនឡើងយ៉ាងគំហុក។ តួយ៉ាង ហ៊ុន Tesla បានកើនឡើង ៨.២% គិតជាតម្លៃស្មើនឹង ៨៨០.០២ ដុល្លារក្នុងមួយហ៊ុន ហើយតម្លៃទីផ្សារមូលធននីយកម្មកើនដល់ ៨៣៤.១៧ ពាន់លានដុល្លារអាមេរិក (គិតត្រឹមថ្ងៃ ៨ មករា ២០២០) និងឈរនៅលំដាប់ទី៥ក្នុងផ្សារហ៊ុនS&P 500 ។
បច្ចុប្បន្ន មហាសេដ្ឋី Elon Musk គឺជានាយកប្រតិបត្តិ ជាស្ថាបនិក និហជាអ្នកប្រឹក្សាយោបល់នៃក្រុមហ៊ុន SpaceX, Tesla, The Boring City, Neuralink, Open AI។ លោកបានក្លាយជានិមិត្តរូប ដាមដិតសណ្ឋិតក្នុងក្រអៅបេះដូងនៃសហគ្រិនវ័យក្មេង បញ្ញាជន អ្នកដឹកនាំ និងវិនិយោគិនគ្រប់រូប។ ស្នាដៃជាច្រើនរបស់លោកក្នុងសតវត្សទី២១ នេះនឹងត្រូវបានកត់ត្រាក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ដែលមហាជនគ្រប់រូបគួរយកតម្រាប់តាម និងរៀនសូត្រ ដកស្រង់បទពិសោធន៍ពីលោកឲ្យបានច្រើន៕
ប្រភពព័ត៌មានស្រាវជ្រាវ និងដកស្រង់ចេញពី៖
- Tesla’s stock data
- THE WORLD'S REAL-TIME BILLIONAIRES - Forbes
- “Elon Musk becomes world's richest person as wealth tops $185bn”. BBC
- “Elon Musk Is Now The Richest Person In The World, Officially Surpassing Jeff Bezos”. Forbes.
- “Elon Musk Biography” BIOGRAPHY.