PDCA គឺជាវិធីសាស្ត្រ ៤ ជំហានដដែលៗវិលជុំ សម្រាប់ធ្វើកំណែលម្អ និងផ្លាស់ប្តូរនៅក្នុងកិច្ចការណាមួយដើម្បីឈានទៅរកភាពល្អប្រសើរ។ វាមិនមែនសំដៅតែទៅលើការប្រើប្រាស់ក្នុងផ្នែកពាណិជ្ជកម្ម ឬមុខជំនួញនោះឡើយ តែវាថែមទាំងអាចប្រើប្រាស់ទៅលើការងារ ការសិក្សា និងជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។
ពាក្យ PDCA តំណាងអោយពាក្យភាសាអង់គ្លេសចំនួន ៤គឺ Plan (គ្រោង) Do (អនុវត្ត) Check (ពិនិត្យ) និង Act (ចាត់វិធានការណ៍)។ អ្នកអាចប្រើវិធីសាស្ត្រ PDCA នេះជាប្រចាំថ្ងៃ ប្រចាំសប្ដាហ៍ ឬប្រចាំខែក៏បាន៖
‣ គ្រោង (Plan)៖
វាជាដំណាក់ការដំបូងដើម្បីរៀបចំការងារ គោលដៅអាជីវកម្ម ឬការងារដែលយើងចង់សម្រេចឱ្យបានច្បាស់លាស់។ ដើម្បីឱ្យគម្រោងកាន់តែមានប្រសិទ្ធភាព អ្នកគួរចេះបំបែកការងារនោះទៅជាចំណែកតូចៗ មួយជំហានៗ ដើម្បីងាយស្រួលគ្រប់គ្រង និងតាមដានការងាររបស់អ្នក។
‣ អនុវត្ត (Do)៖
បន្ទាប់ពីបាន រៀបចំគោលដៅ បែងចែកការងារជាចំណុចតូចៗរួចមកហើយនោះ វាជាពេលដែលអ្នកត្រូវអនុវត្តផែនការទាំងនោះ។ ពេលអនុវត្តនូវការងារនីមួយៗ យើងគួរកត់ត្រាពីបញ្ហានិងឧបសគ្គដែលបានកើតមានឡើងកំឡុងពេលនិងក្រោយដំណើរការនៃការងារនីមួយៗ។ បន្ទាប់មក យើងយកវាមកសិក្សា និងត្រួតពិនិត្យ ក៏ដូចជាវាយតម្លៃអំពីសមិទ្ធផលការងាររបស់យើង។
‣ ពិនិត្យ (Check)៖
ក្រោយពីដាក់ផែនការ និងអនុវត្តនូវការងាររួចមក វាជាពេលដែលអ្នកចាប់ផ្ដើមពិនិត្យសាឡើងវិញថា តើការងារដែលអ្នកបានធ្វើនេះ ពិតជាសមស្រប ឬប្រព្រឹត្តត្រូវទៅតាមផែនការរបស់អ្នកមែនឬទេ ឬម្យ៉ាងវិញទៀត ការងារដែលអ្នកកំពុងដោះស្រាយ មានបញ្ហា ឬកំហុសអ្វីដែលអ្នកត្រូវកែលម្អចេញ។
‣ ចាត់វិធានការណ៍ (Act)៖
ក្រោយពីពិនិត្យ និងរកឃើញពីបញ្ហាណាមួយដែលអ្នកចង់កែប្រែរួចមក អ្នកអាចនឹងចាប់ផ្ដើមកែប្រែកំហុស និងដោះស្រាយបញ្ហាទាំងនោះ ដើម្បីឱ្យគម្រោងការងាររបស់អ្នកទទួលបានជោគជ័យតាមអ្វីដែលអ្នកបានគ្រោងទុក។ ប៉ុន្តែអ្នកក៏ត្រូវចាំដែរថា ប្រសិនបើលទ្ធផលពិសោធន៍នោះមិនសមនឹងបំណងរបស់អ្នកទេ អ្នកអាចត្រឡប់ទៅចំណុចទី១សាជាថ្មីដោយយកបទពិសោធន៍ពីភាពបរាជ័យក្នុងការសាកល្បងនោះបង្កើតជាគម្រោងម្តងទៀតនិងអនុវត្តតាមជំហានបន្តបន្ទាប់។
យើងឃើញហើយថា PDCA គឺវដ្ដដែលមិនចេះចប់មិនចេះហើយ ដើម្បីអោយយើងអភិវឌ្ឍអ្វីមួយដើម្បីសម្របខ្លួនក្នុងការប្រកួតប្រជែង និងកែតម្រូវសេវាកម្ម ឬផលិតផលខ្លួនអោយកាន់តែល្អប្រសើរឡើង។ វាពិតជាមានសារសំខាន់ក្នុងវិស័យការងារនិងអាជីវកម្មដើម្បីឈានជើងទៅរកភាពជោគជ័យក្នុងទីផ្សារប្រកួតប្រជែងក្នុងឆ្នាំ ២០២១ នេះ៕