ការសន្សំគឺជាអ្វីដែលអ្នកត្រូវការដើម្បីសម្រេចផែនការហិរញ្ញវត្ថុផ្ទាល់ខ្លួន។ តែតើអ្នកដឹងដែរទេ ថាការសន្សំសំចៃច្រើនហួសហេតុក៏ជាបញ្ហាដែរ។ ដូចនេះធ្វើម៉េចបានអាចដឹងថា អ្នកកំពុងតែសន្សំសំចៃជ្រុលហួស?
១. ប្រើពេលគិតយូរពេកមុនចាយវាយ
តាមពិតទៅ វាជារឿងល្អមួយដែលអ្នកចេះគិតគូរ និងមានផែនការច្បាស់លាស់មុនចំណាយ។ ប៉ុន្តែបើប្រើពេលគិតគូរពេក ក្បិតក្បៀតពេក ក៏មិនមែនជារឿងល្អប៉ុន្មានដែរ ព្រោះអាចរារាំងអ្នកពីការទិញសូម្បីតែរបស់ចាំបាច់។ បែបនេះគេហៅថា "Compulsive Saving" ហើយវាជាប់ពាក់ព័ន្ធនឹងបញ្ហាចិត្តសាស្ត្រ ដែលអ្នកគួរស្វែងរកជំនួយ ឬការប្រឹក្សាជាមួយអ្នកជំនាញ។
២. មិនទាន់មានការវិនិយោគ ហើយលុយបម្រុងសម្រាប់គ្រាអាសន្នច្រើនពេក
ប្រសិនបើអ្នកមានសាច់ប្រាក់ច្រើនដាក់សន្សំនៅធនាគារ ឬកូនជ្រូក ហើយមិនបានយកទៅវិនិយោគ (អចលទ្រព្យ មាស ភាគហ៊ុន។ល។) នេះក៏ចាត់ទុកជាការសន្សំលើសលុបមួយ ព្រោះជានិច្ចកាលការសន្សំមិនឈ្នះអតិថិផរណា ដូចការវិនិយោគទេ។ ចំណែកឯលុយបម្រុងសម្រាប់គ្រាអាសន្ន (Emergency Fund) គួរមានសម្រាប់ផ្គត់ផ្គង់ចំណាយប្រចាំថ្ងៃពី៣ខែ ទៅ៦ខែទៅបានហើយ បើលើសពីនេះ អ្នកជំនាញឱ្យដំបូន្មានថា “មិនចាំបាច់”។
៣. បដិសេធមិនចូលរួមក្នុងកម្មវិធីជួបជុំផ្សេងៗ
ប្រសិនបើអ្នកបដិសេធមិនចូលរួមការជួបជុំយូរៗម្តងជាមួយមិត្តភក្តិ ក្រុមការងារ ឬគ្រួសារ និងព្យាយាមផ្ដាច់ខ្លួនពីទំនាក់ទំនងសង្គម មានន័យថា អ្នកកំពុងតែសន្សំសំចៃខុសទំនង។ អ្នកខំធ្វើការនឿយហត់ដើម្បីរកលុយ ដូច្នេះអ្នកគួរចំណាយលើអ្វីផ្សេងៗ (ការជួបជុំជាដើម) ដើម្បីឱ្យស្រឡះខួរក្បាល សប្បាយរីករាយ និងមានតុល្យភាពជីវិត-ការងារ។ បើអ្នកបារម្ភខ្លាចថាខ្លួនឯងចាយច្រើនជ្រុលលើថ្លៃកម្សាន្ដ អ្នកអាចពិចារណាវិធីសាស្ត្រគ្រប់គ្រងលុយ ៥០/៣០/២០ បាន។ (សូមស្វែងយល់បន្ថែមតាមតំណភ្ជាប់ https://www.facebook.com/kakcentkh/posts/387346169570380)
៤. សុខចិត្តសន្សំលុយតែមិនទូទាត់បំណុល
អ្នកមិនគួរគិតតែសន្សំ ហើយមិនទូទាត់បំណុលឲ្យអស់ទេ ជាពិសេសបំណុលធនាគារ ឬកាតក្រេឌីត។ ដូចជាបំណុលកាតក្រឌីត បើអ្នកទូទាត់បំណុលកាតក្រេឌីតដោយការបង់ផ្ដាច់ មុនថ្ងៃផុតកំណត់ អាចជួយសន្សំថ្លៃការប្រាក់ ព្រោះបើគិតទៅ អត្រាការប្រាក់ដែលយើងបានពីលុយសន្សំនៅធនាគារ តិចជាងអត្រាការប្រាក់នៃកម្ចី ឬបំណុល នេះជាផលចំណេញ ឬខាត?
ការសន្សំយូរពេក លើសពីការកំណត់ពេក ខុសទំនងពេក គឺមិនល្អឡើយដល់សុខភាពផ្លូវចិត្ត និងសុខភាពហិរញ្ញវត្ថុ។ លោកអ្នកគួរបែងចាត់ចែងប្រាក់ចំណូល ចាយវាយប្រកបដោយភាពសមហេតុផល ព្រមទាំងយកលុយទៅបង្កើតលុយ (វិនិយោគ) ទើបជាការល្អ៕
© 2022 - 2023 KAKCENT | រក្សាសិទ្ធិដោយកាក់សេន
ឯកសារយោង