ប្រាក់បញ្ញើ ឬគណនីបញ្ញើមានកាលកំណត់ (Fixed Deposit Account) គឺជាប្រភេទគណនីដែលលោកអ្នកអាចធ្វើការសន្សំប្រាក់ ក្នុងរយៈពេលកំណត់ណាមួយ ដោយទទួលបានអត្រាការប្រាក់ខ្ពស់ជាងគេ បើប្រៀបធៀបទៅនឹងគណនីសន្សំទូទៅ។
ប្រភេទគណនីមានកាលកំណត់នេះ អាចមានរយៈពេលកំណត់មួយសម្រាប់ប្រាក់បញ្ញើរបស់អតិថិជនរបស់ពួកគេ ដែលជាមធ្យមអាចពី 3ខែ ដល់ 5ឆ្នាំ អាស្រ័យតាមស្ថាប័នធនាគារនីមួយៗ។ ចំណែកអត្រាការវិញទៀតសោត វាអាស្រ័យលើរយៈពេល និងរូបិយប័ណ្ណ អាចជាប្រាក់ដុល្លា ប្រាក់រៀល ឬប្រាក់បាតជាដើម។ ស្ថាប័នខ្លះទៀតផ្ដល់អត្រាការប្រាក់ 1% សម្រាប់៣ខែសម្រាប់ប្រាក់ដុល្លា និង អត្រា 3% សម្រាប់ប្រាក់រៀល។
ឧទាហរណ៍ថា អាណាព្យាបាលមួយចំនួន ពួកគាត់មានបំណងចង់រក្សាទុកប្រាក់ក្នុងធនាគាររយៈពេលវែង ដើម្បីផ្គត់ផ្គង់ការរៀនសូត្រកូនរបស់គាត់នាពេលអនាគតនោះ គណនីបញ្ញើមានកាលកំណត់ក៏ជាជម្រើសមួយល្អផងដែរ។
ដើម្បីឱ្យកាន់ងាយស្រួលយល់ ឧទាហរណ៍ដូចជា លោក កាក់សេន មានគម្រោងចង់រក្សាទុកប្រាក់ចំនួន $5,000 សម្រាប់កូនរបស់គាត់បន្តថ្នាក់ឧត្ដមសិក្សាក្នុងរយៈ ១៨ឆ្នាំក្រោយ ដោយលោកចង់បានការធានាមួយថា ប្រាក់នេះនឹងមានសុវត្ថិភាព ទទួលបានការប្រាក់ខ្ពស់ ឬប្រសិនបើក្នុងករណីណាដែលលោកត្រូវការលុយនេះបន្ទាន់ភ្លាមៗ លោកក៏អាចប្រើប្រាស់លុយនេះបាន។
ឬក្នុងករណីមួយទៀតកម្លោះ កាក់សេន ជាមនុស្សដែលគិតគូរពីអនាគតវែងឆ្ងាយ ដោយលោកបានបែងចែកកញ្ចប់ថវិការមួយសម្រាប់អាពាហ៍ពិពាហ៍របស់លោកនាពេល ៥ឆ្នាំខាងមុខ។ លោកចង់រក្សាទុកប្រាក់នេះឱ្យមានសុវត្ថិភាព និងនៅដាច់ដោយឡែកពីគេ ប៉ុន្តែដើម្បីចៀសវាងទុកប្រាក់ចោល លោកក៏បានយកលុយនេះទៅដាក់ក្នុងគណនី Fixed Deposit Account ដើម្បីទទួលបានការប្រាក់បន្ថែមទៀត។
ប៉ុន្តែយ៉ាងណាមិញ លោកកាក់សេន គឺជាប់ក្នុងពន្ធកាត់ទុកដែលអត្រាពន្ធនេះមាន ៦% សម្រាប់និវាសនជន និង១៤% សម្រាប់អនិវាសនជនផងដែរ។
ក្រៅពីគម្រោងរយៈពេលវែង យើងក៏អាចសម្រេចចិត្តយកគម្រោងរយៈពេលខ្លីជាមួយ Fixed Deposit Account ដូចជាគម្រោងកញ្ចប់ប្រាក់សម្រាប់ភរិយាសម្រាលកូន គម្រោងកញ្ចប់ប្រាក់សម្រាប់ទុកធ្វើដំណើរកម្សាន្តជាដើម។
ក្នុងករណីអ្នកត្រូវការលុយបន្ទាន់ភ្លាមៗមុនកាលកំណត់នោះ អ្នកក៏នៅតែអាចស្នើសុំដកប្រាក់នោះមុនបាន ប៉ុន្តែគណនីរបស់អ្នកនឹងត្រូវបានប្ដូរមកជាគណនីសន្សំ (Saving Account) ធម្មតាវិញ ដោយនឹងមិនទទួលបានការប្រាក់តាមកាលកំណត់នោះទេ។
អញ្ចឹង! យើងឃើញថាគណនីបញ្ញើមានកាលកំណត់នេះ ផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនទាំងអត្រាការប្រាក់ សុវត្ថិភាព ការវិនិយោគរយៈពេលវែង និងជាពិសេសនោះ សម្រាប់អ្នកដែលឧស្សាហ៍រអ៊ូថា សន្សំលុយមិនសល់នោះ វិធីសាស្ត្រសន្សំលុយតាម Fixed Deposit គឺជាវិធីសាស្ត្រដែលអ្នកអាចពិចារណាបាន៕