អ្នកទាំងអស់គ្នាមានដឹងឬទេថា សន្សំលុយដាក់កូនជ្រូក គឺជាវិធីសាស្ត្រដំបូងបំផុត បើយើងចង់បង្កើតទម្លាប់សន្សំលុយកាក់។ កាលពីក្មេង បើយើងចង់បានរបស់អ្វីមួយ ត្រូវតែសន្សំ ដោយនៅពេលនោះ កូនជ្រូកដីនេះឯងដែលជាកុងធនាគារផ្ទាល់ខ្លួនយើងម្នាក់ៗ។ សម្រាប់ពេលបច្ចុប្បន្ន ការសន្សំលុយដាក់កូនជ្រូកនៅតែសំខាន់ដដែល បើទោះបីជាធនាគាររីកដូចផ្សិតក៏ដោយព្រោះ៖
១. បង្កើតទម្លាប់សន្សំលុយកាក់
និយាយថា “សន្សំលុយៗ” វាស្រួលនិយាយទេ ប៉ុន្តែពេលធ្វើទើបវាពិបាក ជាពិសេសពេលដែលអ្នកមិនមានទម្លាប់សន្សំលុយកាក់។ អញ្ចឹង! មូលដ្ឋានគ្រឹះដំបូង គួររៀនសន្សំលុយដោយដាក់កូនជ្រូកសិន ដ្បិតថាវាមិនសាំញ៉ាំ និងងាយស្រួលរកទិញកូនជ្រូកដីនៅផ្សារទៀតផង។
២. កូនជ្រូកនឹងដាស់តឿនអ្នកឲ្យដាក់ប្រាក់សន្សំជារៀងរាល់ថ្ងៃ
នៅពេលដែលអ្នកមានកូនជ្រូកមួយនៅផ្ទះ វាអាចដាស់តឿនអ្នកឱ្យដាក់ប្រាក់សន្សំជារៀងរាល់ថ្ងៃ ដែលអាចជាទម្លាប់ល្អមួយក្នុងការសន្សំប្រាក់។ អ្នកអាចចាប់ផ្តើមសន្សំប្រាក់បន្តិចម្តងៗជារៀងរាល់ថ្ងៃ ហើយភ្លេចៗខ្លួនក៏ពេញកូនជ្រូកផងក៏ថាបាន។
៣. ល្អសម្រាប់ការសន្សំសំចៃប្រាក់កាសតូចៗពីមួយកាក់មួយសេន
នៅពេលដែលអ្នកទទួលបានប្រាក់អាប់ជាលុយរាយបន្ទាប់ពីទិញទំនិញរួច អ្នកក៏អាចយកលុយនោះទៅញាត់ចូលក្នុងកូនជ្រូកសន្សំលុយរបស់អ្នកដែរ បើទោះបីវាជាចំនួនតិចតួចក៏ដោយ ប៉ុន្តែសន្សំយូរៗទៅក៏អាចនឹងបានច្រើនគួរសម។
៤. ជាឧទាហរណ៍ដ៏ល្អសម្រាប់កូនៗ ឬក្មេងៗក្នុងផ្ទះអ្នក
ក្មេងៗរៀនមើលបំណាំមនុស្សចាស់ អ៊ីចឹង! បើចង់ឱ្យក្មេងៗមានទម្លាប់សន្សំលុយកាក់ លុះត្រាណាតែយើងជាមនុស្សចាស់បង្ហាញឱ្យពួកគេឃើញសិនដែរ។ អ្នកអាចណែនាំពួកគេ ពីសារៈប្រយោជន៍ និងអត្ថប្រយោជន៍នៃការសន្សំលុយកាក់ បន្ទាប់មកណែនាំពួកគេឱ្យចេះសន្សំលុយក្នុងកូនជ្រូក។ វាជាចំនុចចាប់ផ្តើមដ៏ល្អមួយដែលអាចធ្វើពួកគេមានទម្លាប់ចេះសន្សំលុយនៅពេលពួកគេនៅតូចៗ។
អញ្ចឹង! យើងឃើញថា ការសន្សំលុយដាក់កូនជ្រូកនៅតែសំខាន់នាពេលបច្ចុប្បន្ន បើទោះបីជាវិធីសាស្ត្រសន្សំលុយកាក់មានច្រើនរបៀបក៏ដោយ។ ជាចុងក្រោយ នៅពេលអ្នកទាំងអស់គ្នាចង់បានអ្វីមួយនោះ គួរមានទម្លាប់សន្សំដើម្បីទិញវា ប្រសិនបើអ្នកទាំងអស់គ្នាមិនចង់បង្កើតបំណុលមិនល្អណាមួយ៕