ស្វ័យធនភាពសំដៅទៅដល់ការពឹងផ្អែកលើធនធានផ្ទាល់ខ្លួន ហើយប្រទេសណាដែលប្រកាន់យកគោលនយោបាយបែបនេះ នឹងមានប្រព័ន្ធសេដ្ធកិច្ចបិទជិតហើយផ្តាច់មុខបិទការធ្វើពាណិជ្ជកម្ម ខ្វះប្រភពនៃការគាំទ្រ និងបិទជំនួយពីខាងក្រៅ។
តើពីមុនមានប្រទេសណាខ្លះធ្លាប់ប្រើប្រាស់គោលនយោបាយនេះ?
ពីមុន ណាសុីអាឡឺម៉ង់ ប្រទេសជប៉ុន អេស្ប៉ាញ និងបណ្តាប្រទេសអឺរ៉ុបខាងលិច បានពង្រឹងសេដ្ឋកិច្ចរបស់ខ្លួនដោយប្រកាន់យករបបស្វ័យធនភាព។ តួយ៉ាង នៅពេលប្រទេសអាឡឺម៉ង់ស្ថិតក្រោមការគ្រប់គ្រងរបស់ពួកណាស៊ីពីឆ្នាំ ១៩៣៣-១៩៤៥។ ពួកណាស៊ីបានព្យាយាមគ្រប់គ្រងអំណាចរដ្ឋតាមរយៈការពង្រីកពាណិជ្ជកម្មក្នុងតំបន់ ហើយរឹតបន្តឹង និងបំបាត់ពាណិជ្ជកម្មជាមួយអ្នកខាងក្រៅ។ រីឯប្រទេសអេស្ប៉ាញ ១៩៣៩-១៩៧៥ ក្រោមរបបរបស់លោក Francisco Franco ប្រកាន់យកគោលនយោបាយនេះដើម្បីឲ្យប្រទេសមានសុខុមាលភាព បន្ទាប់ពីបំផ្លិចបំផ្លាញដោយសង្រ្គាម ប៉ុន្តែបែរជាធ្វើឲ្យសេដ្ឋកិច្ចថយក្រោយជាងមុនទៅវិញ។
តើស្វ័យធនភាពអាចផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ ទើបប្រទេសមួយចំនួនចាប់យកនយោបាយនេះ?
- គោលនយោបាយនេះអាចរក្សាអត្តសញ្ញាណជាតិ
- មិនរំពឹងជំនួយពីប្រទេសដទៃព្រោះទំនិញ និងសេវាកម្មទាំងអស់ផលិតក្នុងស្រុក
- កាត់បន្ថយផលប៉ះពាល់អវិជ្ជមានដូចជា វិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីពាណិជ្ជកម្មអន្តរជាតិ និងលំហូរមូលធន។ល។
- មានឯករាជ្យក្នុងការបង្កើតគោលនយោបាយសេដ្ឋកិច្ច
តើស្វ័យធនភាពមានគុណវិបត្តិយ៉ាងណាខ្លះ?
- ផលិតផលមានតម្លៃថ្លៃ ដោយសារការផលិតទំនិញ សេវានានា និងកត្តាផលិតកម្មនៅមានកម្រិត
- រារាំងវឌ្ឍនភាពសេដ្ឋកិច្ច
- ធ្វើឲ្យប្រទេសបាត់បង់ទំនាក់ទំនងអន្តរជាតិ និងខ្វះខាតទិដ្ឋភាពសេដ្ឋកិច្ច
- បិទការជួញដូរជាមួយប្រទេសផ្សេង នាំឲ្យមិនមានភាពសម្បូរបែប
មកទល់បច្ចុប្បន្ន មានប្រទេសណាដែលនៅអនុវត្តគោលនយោបាយនេះទេ?
- ពិភពលោកទំនើបបានផ្លាស់ប្តូរទៅរកពាណិជ្ជកម្មសេរី ហើយបច្ចុប្បន្នគ្មានប្រទេសណាមួយប្រកាន់យកគោលនយោបាយនេះពេញលេញទេ។ សូម្បីកូរ៉េខាងជើងដែលត្រូវបានគេចាត់ទុកថាមានសេដ្ធកិច្ចបិទនោះក៏នៅតែមានទំនាក់ទំនងអន្តរជាតិជាមួយចិន និងរុស្ស៊ីហើយបាននាំចូលទំនិញពីប្រទេសទាំងពីរទៀតផង។
ប្រទេណាដែលមានគោលនយោបាយបិទជិត នាំឲ្យមិនមានការវិនិយោគ មិនមានចំណូលចូលជាតិ ទើបគោលគោលនយោបាយនេះ មិនមានការអនុវត្តក្នុងសម័យទំនើប។ សង្គមជឿនលឿនតម្រូវឲ្យមានវិស័យសេដ្ឋកិច្ចបើក បច្ចេកវិទ្យារីកចម្រើន ជាពិសេសគំនិត និងការច្នៃប្រឌិតថ្មីៗពីផ្នែកខាងក្រៅដើម្បីឲ្យប្រទេសមានការអភិវឌ្ឍ និងមានវឌ្ឍនភាពសេដ្ឋកិច្ច។
បន្ថែមពីនេះ គោលគំនិតនៃពាណិជ្ជកម្មសេរីអនុញ្ញាតឱ្យប្រទេសដែលរីកចម្រើនកាន់តែមានសេដ្ឋកិច្ចរឹងមាំ ហើយប្រទេសដែលកំពុងអភិវឌ្ឍអាចផ្លាស់ប្តូរប្រព័ន្ធនយោបាយ និងសេដ្ឋកិច្ច ដើម្បីផ្តល់ជាប្រយោជន៍ដល់ប្រជាជនបន្ថែម។ តម្រូវការ និងការចង់បានរបស់មនុស្សក្នុងសេដ្ឋកិច្ចពិភពលោកទំនើប មានភាពសម្បូរបែប ដូច្នេះការគ្រប់គ្រងគោលនយោបាយបិទបែបនេះមិនអាចទៅរួចទេ៕