ថ្ងៃមុនយើងបាននិយាយម្ដងហើយ ពីអត្ថប្រយោជន៍ចំពោះអ្នកប្រើប្រាស់នៃការទូទាត់ដោយឥតសាច់ប្រាក់តាមប្រព័ន្ធឌីជីថល។ ចុះសម្រាប់ម្ចាស់អាជីវកម្ម ឬសហគ្រិន តើពួកគាត់អាចទាញយកផលប្រយោជន៍ពីការទូទាត់ដោយមិនប្រើសាច់ប្រាក់នេះដោយរបៀបណា?
ការទូទាត់ដោយឥតប្រើសាច់ប្រាក់តាមប្រព័ន្ធឌីជីថលអាចជួយសម្រួលដល់ម្ចាស់អាជីវកម្មបានច្រើនកត្តារួមមានការគ្រប់គ្រងលំហូរចំណូលចំណាយ ចំណេញពេលវេលា មានភាពលឿនរហ័ស ផ្ដល់ភាពងាយស្រួលដល់អតិថិជន និងកាត់បន្ថយហានិភ័យនៃការបាត់បង់លុយកាក់។ ខាងក្រោមនេះគឺជាហេតុផលខ្លះៗដែលម្ចាស់អាជីវកម្មគួរផ្លាស់ប្ដូរទម្លាប់ទៅប្រើបច្ចេកវិទ្យាទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល។
១. ជួយសម្រួលដល់របស់អតិថិជន
រឿងចំបងដែលម្ចាស់អាជីវកម្មគួរផ្ដោតទៅលើក្នុងការផ្ដល់សេវាកម្មដល់អតិថិជន គឺជួយសម្រួលដល់បទពិសោធន៍ដែលអតិថិជននឹងទទួលបានពីអាជីវកម្មរបស់អ្នក រាប់តាំងពីមុនអតិថិជនដើរចូលហាង រហូតដល់ពេលគាត់ចេញត្រឡប់ទៅវិញ។ ការទូទាត់តាមប្រព័ន្ធឌីជីថលនឹងជួយសន្សំពេលវេលាឱ្យអតិថិជនអ្នកចំណាយពេលតិចនៅកន្លែងគិតលុយ ដោយគាត់គ្រាន់តែទូទាត់តាមកាតធនាគារ ឬ QR-Code ដែលអ្នកមានទទួលសម្រាប់ការទូទាត់។
២. ងាយស្រួលគ្រប់គ្រង
ការគ្រប់គ្រងលំហូរសាច់ប្រាក់គឺជាស្នូលសំខាន់នៃអាជីវកម្មទាំងមូល។ តែការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលនឹងជួយសម្រួលដល់អ្នកក្នុងការគ្រប់គ្រងលុយ ជាពិសេសគឺការពារពីការប្រឈមនឹងការបាត់បង់ដោយប្រការណាមួយ។ ជាងនេះទៅទៀត វាក៏ជួយកាត់បន្ថយពេលវេលាដែលត្រូវមកបូកសរុបលុយកាក់ រាប់លុយ ហើយជួនកាលត្រូវរាប់សារចុះសារឡើង នៅពេលដែលច្រឡំ ឬបាត់ចំនួនសាច់ប្រាក់។
ដ្បិតថានូវរាល់តួលេខប្រាក់ចំណូលដែលអតិថិជនបានទូទាត់នឹងត្រូវបានផ្ទេរចូលកុងធនាគាររបស់ម្ចាស់អាជីវកម្មដែលបានបង្កើតសម្រាប់តែទទួលប្រាក់ចំណូលប្រចាំថ្ងៃរបស់អាជីវកម្ម។ អញ្ចឹង ប្រសិនបើប្រភេទអាជីវកម្មដែលត្រូវការបិទបញ្ជីរៀងរាល់ថ្ងៃនោះ ម្ចាស់អាជីវកម្មងាយស្រួលនឹងតាមដាន និងផ្ទៀងផ្ទាត់ប្រតិបត្តិការទូទាត់ក្នុងគណនីធនាគារម្ចាស់អាជីវកម្ម(transaction)ជាមួយនឹងបញ្ជីទិន្នន័យនៅក្នុងហាង។ ដូចនេះ វាក៏ជួយសម្រួលដល់ម្ចាស់អាជីវកម្មមួយផ្នែកធំផងដែរ។
៣. កាត់បន្ថយគ្រោះថ្នាក់
ចំពោះការប្រើប្រាស់ប្រព័ន្ធឌីជីថលដើម្បីទូទាត់សាច់ប្រាក់ក្នុងអាជីវកម្ម រាល់ចំនួនទឹកប្រាក់ទាំងអស់នឹងត្រូវបានផ្ទេរចូលក្នុងកុងធនាគាររបស់អ្នករួចរាល់។ ដូចនេះ វាអាចកាត់បន្ថយហានិភ័យពីការប្រឈមនឹងករណីបាត់បង់ដោយចោរកម្ម ឬរហូតដល់ប្លន់ជាដើម។
ម្យ៉ាងទៀត បើស្របតាមអង្គការសុខភាពពិភពលោក (WHO) ក៏បានលើកទឹកចិត្តឱ្យប្រជាជនកាត់បន្ថយការប្រើប្រាស់ក្រដាសលុយតាំងពីមានវត្តមានជំងឺកូវីដនេះទៀត ដោយហេតុថាវាជាវត្ថុដែលងាយចម្លងមេរោគខ្លាំងជាងគេផង។
៤. ចំណេញពេលវេលា
បុគ្គលិកបម្រើការក្នុងអាជីវកម្ម ឬម្ចាស់អាជីវកម្មផ្ទាល់នឹងចំណេញពេលវេលា ដោយមិនចាំបាច់ត្រូវរាប់លុយ គិតពីអត្រាប្ដូរប្រាក់លុយដុល្លារ ឬខ្មែរ ខ្វះលុយអាប់ ឬត្រូវពិនិត្យមើលលុយពិតឬក្លែងក្លាយជាដើម។ តែបើទូទាត់តាមកាត ឬគ្រាន់តែស្កេនកូដនោះ ថេរវេលានៃការទូទាត់ប្រាក់ម្ដងៗនឹងលឿនជាងមុន គ្រាន់តែពិនិត្យបញ្ជាក់ពីចំនួនទឹកប្រាក់ដែលត្រូវបង់ជាការស្រេច។
លើសពីនេះ ការផ្លាស់ប្ដូរទម្លាប់នៃការទូទាត់ទៅប្រើប្រព័ន្ធឌីជីថល គឺជាឥរិយាបថនៃការជួយលើកកម្ពស់វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា ក៏ដូចជាជួយជម្រុញសេដ្ឋកិច្ចប្រទេសជាតិឆ្ពោះទៅរកសេដ្ឋកិច្ចបែបឌីជីថលផងដែរ៕