ចូលខែថ្មី ប៉ាម៉ាក់ឲ្យលុយចាយ ចាប់ផ្ដើមហ៊ឺហាឡូយឆាយ ស្រាប់តែចុងខែ គក់ទ្រូងទួញសោកប្រាប់ខ្លួនឯងថា “ពុទ្ធោ! លុយខ្ញុំចាយអស់រលីង គ្មានសល់មួយកាក់ មួយសេនសោះ”។ តើនេះបណ្ដាលមកអ្វី? ប្រាកដណាស់គឺ យើងមិនទាន់បានខ្វល់ខ្វាយពីចំណេះដឹងហិរញ្ញវត្ថុនៅឡើយ។ បញ្ហានេះបើស្ដាប់ទៅហាក់បីដូចជាធម្មតា និងកើតឡើងជាញឹកញាប់ទៅហើយចំពោះមនុស្សវ័យជំទង់ តែបើសិនជាលោកអ្នកកាន់តែធ្វេសប្រហែសអំពីរឿងនេះ វាអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពលុយកាក់នៅថ្ងៃក្រោយបាន។
ខាងក្រោមនេះ ជាហេតុផលដែលមនុស្សវ័យជំទង់ដែលមានអាយុចន្លោះ ១០ ទៅ ១៩ឆ្នាំ គួរសិក្សាស្វែងយល់អំពីចំណេះដឹងហិរញ្ញវត្ថុ ( Financial Literacy) ឱ្យបានមុន ដ្បិតថា៖
1. កុំឱ្យធ្លាក់ខ្លួនជាប់បំណុល
យើងដឹងថា បំណុល សំដៅទៅដល់ការយកលុយកាក់នរណាម្នាក់មកចាយវាយជាមុនសិន ទើបសងត្រឡប់ទៅតាមក្រោយ។ កន្លងមក «កាក់សេន» ធ្លាប់បានលើកឡើងរួចមកហើយ ដែលបំណុលចែកជាពីរ គឺបំណុលល្អ និងបំណុលអាក្រក់។
បំណុលល្អ គឺយើងយកលុយទៅបង្កើតលុយ ទិញផ្ទះសម្រាប់វិនិយោគជាដើម ខណៈបំណុលអាក្រក់ដូចជាយកលុយទៅចាយវាយសប្បាយ គ្មានគោលបំណងច្បាស់លាស់ ទិញសម្ភារៈនិយមជាដើម។ ចឹងស្ដែងឱ្យឃើញថា ក្នុងវ័យជំទង់គួរតែរៀនយល់ដឹងពីចំណេះដឹងហិរញ្ញវត្ថុ ចៀសវាងជាប់បំណុលវ័ណ្ឌក នៅពេលអនាគត។
2. ចេះរៀបចំគម្រោងទុកដាក់លុយកាក់ដោយខ្លួនឯង
ទាន់ខ្លួននៅក្មេង វាជាឱកាសល្អដើម្បីរៀនពីវិធីសាស្ត្រគ្រប់គ្រងលុយកាក់។ ការគ្រប់គ្រងលុយកាក់ល្អ នឹងបង្រៀនមនុស្សម្នាក់ឱ្យចេះគ្រប់គ្រងខ្ទង់ចំណូលចំណាយបានត្រឹមត្រូវ មានគោលដៅហិរញ្ញវត្ថុច្បាស់លាស់ ដ្បិតថា ចំណេះដឹងហិរញ្ញវត្ថុនឹងជំរុញឲ្យអ្នកធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុបានត្រឹមត្រូវ ដោយអនុញ្ញាតឲ្យលោកអ្នកកាត់បន្ថយចំណាយទាំងឡាយណាដែលពុំចាំបាច់ បែងចែកឲ្យដាច់ដោយឡែកពីគ្នារវាងចំណង់ និងតម្រូវការ ដាក់កំហិតខ្លួនឯងតើសប្ដាហ៍នេះគួរតែចាយលុយខ្ទង់ប៉ុន្មាន ទើបយើងអាចសល់លុយដើម្បីយកមកសន្សំ ទុកប្រើប្រាស់ពេលមានអាសន្ន ជាវសេវាធានារ៉ាប់រង ឬការវិនិយោគជាដើម។
3. យល់ពីប្រយោជន៍នៃលុយសន្សំ
ប្រសិនបើអ្នកជាឪពុកម្ដាយ ឬម្ចាស់សាម៉ីខ្លួនមិនដឹងពីអត្ថប្រយោជន៍នៃការសន្សំលុយកាក់ទេនោះ អ្នកនឹងមិនដឹងថា «តើគួរសន្សំលុយដើម្បីអីទៅ?»។ ពិតណាស់ ការរៀនសូត្រពីចំណេះដឹងហិរញ្ញវត្ថុក្នុងវ័យជំទង់ នឹងបង្រៀនពួកគេថា «ហេតុអ្វីអ្នកគួរសន្សំ? សន្សំក្នុងគោលបំណងអ្វី?» ការសន្សំមិនមែនធានាតែអត្ថប្រយោជន៍បច្ចុប្បន្នទេ តែវាជះឥទ្ធិពលវិជ្ជមានដល់ថ្ងៃអនាគតទៀតផង។
នៅវ័យជំទង់ លុយដែលរកបានខ្លួនឯង ឬឪពុកម្ដាយជាអ្នកឲ្យក្ដី អ្នកអាចបង្កើតទម្លាប់សន្សំ ដោយសន្សំដើម្បីទិញប្រដាប់ប្រដាសិក្សា បង់ថ្លៃសាលា ទុកសម្រាប់ភារកិច្ចបន្ទាន់ផ្សេងៗជាដើម។ នៅពេលពួកគេយល់ពីអត្ថប្រយោជន៍នៃការសន្សំហើយនោះ នាពេលអនាគត គេនឹងយល់ដឹងពីការសន្សំលុយកាក់ក្នុងគោលបំណងអ្វីមួយដូចជា សន្សំសម្រាប់វិនិយោគ សម្រាប់គ្រាមានអាសន្ន ចូលនិវត្តន៍នោះឯង។
4. មិនងាយចាញ់បោកគេរឿងលុយកាក់
នាសម័យបច្ចុប្បន្ន ជនខិលខូចមានគ្រប់ទីកន្លែង ជាពិសេស ការឆបោករឿងលុយកាក់នេះឯង។ កុមារ និងមនុស្សវ័យជំទង់អាចនឹងងាយរងគ្រោះផ្នែកសុខុមាលភាពផ្លូវកាយ ផ្លូវចិត្ត និងផ្លូវសម្ភារ ពីសំណាក់ជនទុច្ចរិត។ ជនខិលខូចនេះរមែងឆបោក ក្រោមវិធីលួងលោមបញ្ចុះបញ្ចូល ឬគំរាមកំហែងជំរិតទារលុយតាមទីសាធារណៈ តាមប្រព័ន្ធអ៉ីនធឺណែត ឬខលតាមទូរសព្ទឲ្យផ្ទេរលុយឲ្យតាមកុងធនាគារ ឬទៅជួបពួកគេផ្ទាល់ជាដើម។ បើសិនយើងមានកម្សោយផ្នែកចំណេះដឹងហិរញ្ញវត្ថុ គួបផ្សំនឹងស្មារតីតក់ស្លុតផងនោះ ជនខិលខូចទាំងនោះនឹងយកលុយពីយើងដោយងាយស្រួលបំផុត។
5. ចេះគ្រប់គ្រងលុយក្នុងសម័យឌីជីថល
នៅពេលយើងនៅតូចៗ ឪពុកម្ដាយយើងរមែងបង្រៀនយើងឱ្យស្គាល់ក្រដាសប្រាក់រៀល តម្លៃ និងរូបរាង ដើម្បីចាយវាយលុយកាក់នោះឱ្យបានត្រឹមត្រូវ។ មិនខុសគ្នានោះដែរ នាសម័យយុគ្គវិទ្យានេះ វ័យជំទង់ជាវ័យដែលចាប់ផ្ដើមយល់ពីសង្គមឌីជីថល ជាពិសេសគឺការគ្រប់គ្រងលុយកាក់តាមឌីជីថល។
មកដល់ពេលបច្ចុប្បន្ន ការគ្រប់គ្រងលុយកាក់មានច្រើនប្រភេទដែលពួកគេអាចរៀនបានដូចជាក់ ការដាក់ប្រាក់បញ្ញើនៅធនាគារ ការគ្រប់គ្រងផែនការចំណូលចំណាយ សេវាធនាគារក្នុងកម្មវិធីទូរសព្ទដូចជាប្រព័ន្ធបាគង និង ការទូទាត់ប្រាក់ដោយតាមការស្កេន QR-Code ជាដើម។
ជារួមមក ការដែលបុគ្គលវ័យជំទង់មានពុទ្ធិយល់ដឹងផ្នែកហិរញ្ញវត្ថុ គឺមិនត្រឹមតែជួយពន្លឿនប្រសិទ្ធភាពក្នុងការចាយលុយពេលបច្ចុប្បន្នប៉ុណ្ណោះទេ ក៏ប៉ុន្តែវានឹងជំរុញឲ្យមនុស្សវ័យជំទង់រំដោះខ្លួនឆាប់រហ័សពីបំណុល និងទទួលបទពិសោធន៍ Fintech ផងដែរ។ ចុះប្រិយមិត្តអ្នកអាន គិតថាចំណេះដឹងហិរញ្ញវត្ថុខ្លួនអភិវឌ្ឍដល់កម្រិតណាហើយ? កុំចាំបង្អង់យូរ ចាប់ផ្ដើមរៀនសូត្រពីហិរញ្ញវត្ថុពីថ្ងៃនេះតទៅ!