ធ្មេចបើកៗ ថ្ងៃនេះជាថ្ងៃចុងក្រោយនៃឆ្នាំ ២០២០ ហើយ ដែលក្នុងមួយឆ្នាំពេញនេះ មានរឿងរ៉ាវ ព្រឹត្តិការណ៍ជាច្រើនដែលបានកើតឡើងក្នុងប្រទេសកម្ពុជាទាំងរឿងល្អ និងរឿងមិនគួរកើតឡើងសោះ។ ដូច្នេះហើយ ថ្ងៃនេះ កាក់សេន សូមមកសង្ខេបព្រឹត្តិការណ៍ទាំងនោះ ជូនអ្នកទាំងអស់គ្នា៖
• ខែមករា
ចូលដើមឆ្នាំថ្មីភ្លាម ព័ត៌មានដ៏រសើបបំផុតក្នុងប្រទេសកម្ពុជានោះគឺជំងឺកូវីដ ១៩។ នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២០ ប្រទេសកម្ពុជាបានចេញប្រកាសពីករណីវិជ្ជមានកូវីដដំបូងក្នុងប្រទេសកម្ពុជា នៅក្រុងព្រះសីហនុ។ ចាប់ពីចេញព័ត៌មាននេះមក ប្រជាជនចាប់ផ្ដើមមានការប្រុងប្រយ័ត្នខ្ពស់នៅគ្រប់បណ្ដាខេត្តក្រុង ការរក្សាគម្លាតក៏ចាប់ផ្ដើមអនុវត្ត រីឯក្រុងភ្នំពេញក៏ត្រូវបានបិទមិនឱ្យចេញចូលមួយរយៈ។ ភោជនីយដ្ឋាន ក្លឹប សាលារៀន រោងកុន ក៏ត្រូវបានឱ្យផ្អាកដំណើរការ ដោយឡែកសិស្សសាលាតម្រូវឱ្យសិក្សាតាមប្រព័ន្ធអនឡាញជំនួសវិញ។ ព័ត៌មាននេះបានប៉ះពាល់ដល់ប្រទេសកម្ពុជាទាំងលើវិស័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងទាំងចំពោះអាជីវកម្ម ឧស្សាហកម្ម និងប្រជាជនជាច្រើន។
•០៥ កុម្ភៈ ២០២០
ធនាគារ ABA បានប្រកាសបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ។ នាពេលនោះ បណ្ណបំណុល ABA មានចំនួន ២២ ឯកតានិងត្រូវបានជួញដូរនៅថ្លៃ ១០០.៩៣០រៀល ក្នុងមួយឯកតា។
• ១៦ មេសា ២០២០
តម្លៃមាសឡើងថ្លៃគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ៧ ឆ្នាំចុងក្រោយ ចាប់តាំងពីពេលជំងឺកូវីដ ១៩ ផ្ទុះឡើងក្នុងប្រទេសកម្ពុជា។ គិតត្រឹមថ្ងៃទី ១៤ មេសា មាសមានតម្លៃរហូតដល់ ១.៨០០ ដុល្លារក្នុងមួយអោន ខណៈពេលដែលសប្ដាហ៍ទី១ នៃដើមខែ មាសមានតម្លៃត្រឹមតែ ១.៤០០ ដុល្លារក្នុងមួយអោនប៉ុណ្ណោះ។
• ០១ មិថុនា ២០២០
ប្រព័ន្ធទូទាត់ប្រាក់ឌីជីថល ស្មាតលុយ (SmartLuy) បានសម្រេចដាក់ស្នើសុំធនាគារជាតិនូវការរួមបញ្ចូលគ្នាជាមួយនឹង ប្រព័ន្ធទូទាត់ប្រាក់ឌីជីថល ផាយផេ (Pi Pay)។ គេរំពឹងថាការរួមបញ្ចូលគ្នានេះនឹងនាំប្រទេសកម្ពុជាទៅរកភាពវិជ្ជមាន និងការផ្លាស់ប្ដូរនូវប្រព័ន្ធអេកូឡូស៊ីក្នុងការទូទាត់ចំណាយលើប្រព័ន្ធឌីជីថលនៅកម្ពុជា។
• ១២ សីហា ២០២០
អឺរ៉ុបបានសម្រេចដកការលើកលែងពន្ធ EBA ២០% សម្រាប់កម្ពុជា ដែលជាប្រធានបទក្ដៅគគុកមួយ ដ្បិតថាការដកពន្ធមួយនេះ បានប៉ះពាល់ទៅដល់រោងចក្រក្នុងប្រទេសកម្ពុជាច្រើន ជាពិសេសក្នុងកំឡុងពេលជំងឺកូវីដ ១៩នេះទៀត។
• ២៧ សីហា ២០២០
អគ្គនាយកដ្ឋានពន្ធដារបានចេញសេចក្ដីប្រកាសពីការដាក់អនុវត្តពន្ធលើចំណេញមូលធន ២០% ក្នុងប្រទេសកម្ពុជា។ រឿងរ៉ាវពន្ធចំណេញមូលធននេះ ត្រូវបានគេយកមកវិភាគវែកញ៉ែក និងក្លាយជាប្រធានបទដែលគេលើកយកមកនិយាយ ពិភាក្សាក្នុងបណ្ដាញសង្គមផ្សេងៗ។ យ៉ាងណាមិញ ក្រោយពីបានប្រកាសលើពន្ធមួយរយៈ អគ្គនាយកដ្ឋានពន្ធដារក៏បានចេញសេចក្ដីប្រកាសម្ដងទៀតនៅថ្ងៃ ១២ តុលា ឆ្នាំ ២០២០ ដោយពន្យារកាលបរិច្ឆេទអនុវត្តពន្ធចំណេញមូលធនរហូតដល់ថ្ងៃទី ០១ មករា ឆ្នាំ ២០២២ វិញ។
• ២៧ តុលា ២០២០
ប្រទេសកម្ពុជារងគ្រោះទឹកជំនន់ដោយសារភ្លៀងធ្លាក់ជោរជន់។ បើស្របតាមការប្រកាសរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គិតចាប់ពីថ្ងៃទី ០១ កញ្ញា ដល់ថ្ងៃទី ២៧ តុលា ប្រទេសកម្ពុជារងផលប៉ះពាល់ពីគ្រោះទឹកជំនន់ទូទាំង ២០ រាជធានី-ខេត្ត ឬស្មើនឹង ១២១ក្រុង/ស្រុក/ខណ្ឌ ហើយប៉ះពាល់ដល់ទ្រព្យសម្បត្តិប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធ សាលារៀន យ៉ាងធ្ងន់ធ្ងរ។
• ២៨ តុលា ២០២០
ធនាគារជាតិនៃកម្ពុជាបានសម្រេចនូវសមិទ្ធផលដ៏ល្អមួយ នោះគឺការចេញឱ្យប្រើប្រាស់នូវប្រព័ន្ធបាគងដំណើរការ “ជាផ្លូវការ”។ បាគង គឺជាកម្មវិធីទូទាត់ និងផ្ទេរប្រាក់តាមប្រព័ន្ធឌីជីថលមួយ ដែលផ្ដល់ភាពងាយស្រួលដល់ប្រជាជនកម្ពុជាក្នុងការផ្ទេរប្រាក់ពីធនាគារមួយទៅធនាគារផ្សេងមួយទៀត តាមរយៈប្រព័ន្ធបាគង។
• ០៧ ធ្នូ ២០២០
បន្ទាប់ពីជំងឺកូវីដ ១៩ ផ្ទុះឡើង បណ្ដាប្រទេសលើពិភពលោកបានព្យាយាមស្វែងរកដំណោះស្រាយ ក៏ដូចជាបង្កើតវ៉ាក់សាំងការពារជំងឺនេះ។ ជាដំណឹងល្អមួយដ្បិតថា មកដល់ខែធ្នូ វ៉ាក់សាំងក៏បានបង្កើតឡើង និងដាក់លក់ ស្របពេលដែលប្រទេសកម្ពុជាក៏បានសម្រេចត្រៀមថវិការដើម្បីទិញយកវ៉ាក់សាំងនេះដូចគ្នាផងដែរ។
យើងឃើញថា ក្នុងមួយឆ្នាំពេញនេះ មានព្រឹត្តិការណ៍ជាច្រើនបានកើតឡើង ដែលព្រឹត្តិការណ៍ខ្លះក៏ធ្វើឱ្យយើងសប្បាយចិត្ត រីឯខ្លះទៀតផ្ដល់ផលអវិជ្ជមាន និងប៉ះពាល់ដល់ប្រទេសកម្ពុជាទាំងមូល។
ក្រុមការងារ កាក់សេន សង្ឃឹមថា ព័ត៌មានសង្ខបខាងលើនេះ គឺជាព័ត៌មានមួយដែលអាចផ្ដល់អត្ថប្រយោជន៍ជូនមិត្តអ្នកអាន ក៏ដូចជាសារក្រើនរំលឹកបទពិសោធន៍និងមេរៀនដែលយើងអាចចាប់យកបានពីឆ្នាំ ២០២០ កន្លងទៅនេះ។