បើនិយាយដល់ពាក្យ «ខ្ជះខ្ជាយ» នរណាៗក៏ដឹងដែរថាវាមិនមែនជារឿងល្អ ហើយយើងទាំងអស់គ្នាគួរតែចៀសវាង ជាពិសេស ការចាយវាយលុយកាក់ក្នុងកំឡុងពេលមានជំងឺកូវីឌនេះ។ ពេលខ្លះទម្លាប់ចាយវាយលុយកាក់ខ្ជះខ្ជាយ ទោះបីជាគ្រប់គ្នាដឹងថា វាមិនល្អយ៉ាងនេះក្ដី ក៏មនុស្សជាច្រើននៅតែបន្តឲ្យភាពខ្ជះខ្ជាយ មករស់នៅជាមួយខ្លួន រហូតដល់អាចបំផ្លាញយើងដោយមិនដឹងខ្លួនទៀតផង។ ភាពខ្ជះខ្ជាយកើតចេញពីកត្តាផ្សេងៗជាច្រើនដែលមានដូចខាងក្រោមនេះ៖
‣ កត្តាខ្លួនឯង៖
ខ្លួនយើងគឺជាកត្តាដ៏ចម្បងមួយដែលអាចនាំឲ្យមានភាពខ្ជះខ្ជាយ។ វាអាចកើតឡើងបាននៅពេលដែលយើងចាយវាយដោយមិនបានរៀបចំផែនការចាយវាយត្រឹមត្រូវ ដែលនាំឲ្យយើងចំណាយទៅតាមតែចិត្តចង់ ពេលសប្បាយចិត្តក៏ចាយ ពេលសេឍក៏ចាយ និយាយរួមគឺចាយគ្រប់ពេលវេលា គ្រប់ទីកន្លែង រហូតក្លាយជាទម្លាប់តែម្ដង បើមិនបានអស់លុយគឺមិនអស់ចិត្ត។ ម្យ៉ាងវិញទៀត ភាពខ្ជះខ្ជាយក៏បណ្ដាលមកពីការមិនមានគោលដៅច្បាស់លាស់សម្រាប់ខ្លួនឯង ដ្បិតថា នៅពេលដែលយើងមិនមានគោលដៅច្បាស់លាស់ណាមួយ យើងនឹងមិនបានរៀបចំគម្រោងចំណាយសម្រាប់ផែនការនោះបានល្អ ជាហេតុធ្វើឲ្យយើងដកលុយមកចំណាយផ្ដេសផ្ដាស។
‣ កត្តាសង្គម៖
ក្រៅពីខ្លួនយើងដែលជាកត្តាចម្បងនៃភាពខ្ជះខ្ជាយ កត្តាសង្គមដែលយើងរស់នៅក៏ជាផ្នែកដ៏សំខាន់មួយទៀត ដែលធ្វើយើងចាយលុយខ្ជះខ្ជាយ។ ពេលខ្លះដោយសារតែបរិយាកាសដែលយើងរស់នៅពោរពេញទៅដោយការបង្អួតសំញ៉ែងរបស់ល្អៗ ទំនើបៗ ថ្លៃៗ វាក៏ធ្វើឲ្យយើងមានចិត្តចង់បាននូវអ្វីដែលអ្នកដទៃមានដើម្បីបង្ហាញគេថា យើងមិនអន់នោះទេ គេមានអ្វីយើងក៏មានវាដែរ។ ដោយសារតែហេតុផលនេះ ពេលខ្លះយើងភ្លេចគិតថា វាមិនមែនជារបស់ដែរយើងត្រូវការពិតប្រាកដនោះឡើយ ដែលជួនកាលយើងបែរជាចាយវាយលុយកាក់ខុសគោលដៅ។ លើសពីនេះ វាក៏អាចនាំឲ្យយើងជួបនូវវិបត្តិហិរញ្ញវត្ថុ នៅពេលយើងព្យាយាមចាយលុយលើរបស់អស់ទាំងនោះលើសពីសមត្ថភាពដែលយើងមាន។
‣ ការមិនឲ្យតម្លៃនៃលុយរាយតូចៗ៖
យើងនឹងមិនសូវខ្វល់ខ្វាយពីលុយរបស់យើងប៉ុន្មាននោះទេ នៅពេលយើងមិនបានឲ្យតម្លៃទៅលើលុយដែលយើងមាននោះ។ ចំណុចតូចមួយដែលយើងតែងតែធ្វើជាប្រចាំនោះគឺ ការទុកដាក់លុយរាយ មួយកាក់មួនសេន ចោលរាយ ព្រោះគិតថា វាជាចំនួនតិចតួច អ្នកខ្លះមិនចង់ទុកលុយរាយនៅក្នុងខ្លួននោះទេ គេគិតថាទុកធ្វើអីនាំតែចង្អៀតហ្នឹង តែជាក់ស្ដែងគេតែងតែត្រូវការលុយរាយអស់ទាំងនោះដើម្បីប្រើប្រាស់សឹងតែគ្រប់ពេល ហើយអ្វីដែលគេធ្វើនោះគឺយកលុយដុំទៅបំបែកថែមទៀត នេះជាភាពខ្ជះខ្ជាយមួយដែលយើងតែងតែធ្វើ។
ដោយឡែក ក្រៅពីកត្តាខ្ជះខ្ជាយខាងលើ កត្តាខ្ជះខ្ជាយផ្សេងៗទៀតដែលអ្នកអាចមើលរំលងតាមរយៈយុទ្ធសាស្ត្រទីផ្សារដែលយើងតែងតែឃើញជាប្រចាំដូចជា ការថែម ការបញ្ចុះតម្លៃ និងប្រូម៉ូតសិននានា ក៏ធ្វើឲ្យយើងសម្រេចចិត្តទិញនូវសម្ភារៈដែលមិនចាំបាច់ដែរ ព្រោះយើងគិតថា ប្រូម៉ូតសិនទាំងអស់នោះមិនមែនចេះតែមាន ហើយវាចំណេញពេលយើងទិញក្នុងការប្រូម៉ូសិន ទាំងដែលរបស់ទាំងនោះ មិនមែនជាតម្រូវការចាំបាច់ នាំឱ្យយើងចាយវាយលុយកាក់ខ្ជះខ្ជាយបន្ថែមទៀត។
ដើម្បីបញ្ចៀសបញ្ហាវិបត្តិហិរញ្ញវត្ថុផ្ទាល់ខ្លួនណាមួយ អ្នកទាំងអស់គ្នាគួរតែសង្កេតមើលសកម្មភាពរបស់អ្នកជាប្រចាំថ្ងៃ ថាតើអ្នកកំពុងធ្វើសកម្មភាពដូចដែលបានរៀបរាប់ខាងលើដែរទេ? បើអ្នកកំពុងធ្វើវា អ្នកគួរតែរៀបចំផែនការចាយវាយឱ្យបានត្រឹមត្រូវ និងរៀនហាមចិត្តខ្លួនឯង កុំឱ្យចាយវាយលុយកាក់លើរបស់ដែលមិនមែនជាតម្រូវការចាំបាច់ ចៀសវាងជួបនូវបញ្ហាហិរញ្ញវត្ថុនៅពេលខាងមុខ៕