អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ឃើញឬធ្លាប់ស្គាល់កន្លែងបញ្ចាំយ៉ាងហោចណាស់ក៏មួយឬពីរដែលតាំងពីតូចរហូតធំដឹងក្ដីមក។ តែដែលចាប់អារម្មណ៍ទេ ហាងបញ្ចាំដែលមានដាក់ស្លាកយីហោរថា “មានទទួលបញ្ចាំ និងទទួល ប្រាតិភោគដោយអនុប្បទាន” ហើយឆ្ងល់អត់ថាពាក្យនេះមានន័យដូចម្ដេច?
បើយោងទៅតាមគេហទំព័រ សាលាត្រាជូ ពាក្យ “ប្រាតិភោគ” មានន័យថា អ្វីៗសម្រាប់ដាក់ធានា (ក្នុងការខ្ចីប្រាក់) ឬ វត្ថុបញ្ចាំ។ រីឯ “អនុប្បទាន” មានន័យថា ការផ្ដល់សិទ្ធិកាន់កាប់ពីបុគ្គលម្នាក់ទៅកាន់បុគ្គលម្នាក់ទៀត តាមរយៈការព្រមព្រៀងណាមួយ។
នោះបានន័យថា “ប្រាតិភោគដោយអនុប្បទាន” គឺសំដៅលើការផ្ដល់សិទ្ធិកាន់កាប់នូវចលនទ្រព្យទៅឱ្យបុគ្គលម្នាក់ទៀត ជាថ្នូរនឹងការទទួលបានប្រាក់ត្រឡប់មកវិញ ជាមួយការព្រមព្រៀងនៃគូភាគីទាំងពីរតាមរយៈការលាយលក្ខណ៍ជាអក្សរក្នុងកិច្ចសន្យាណាមួយ។
អញ្ចឹង! អាជីវកម្មទទួលប្រាក់បញ្ចាំទ្រព្យ និងប្រាតិភោគដោយអនុប្បទាន គឺជាប្រភេទអាជីវកម្មដែលផ្ដល់កម្ចីឥណទានដល់អ្នកត្រូវការលុយកាក់ជាបន្ទាន់ ប៉ុន្តែកូនបំណុលត្រូវមានទ្រព្យធនធានមកធានា (បញ្ចាំ) អាចមានដូចជាទូរសព្ទ ម៉ូតូឡាន គ្រឿងអលង្ការ ឬប្លង់ដីផ្ទះជាដើម ជាថ្នូរនឹងប្រាក់ដែលខ្ចីបាន។
➥ តើប្រវត្តិនៃការទទួលប្រាក់បញ្ចាំនេះមានយូរហើយឬនៅ?
ការទទួលប្រាក់បញ្ចាំនេះ មានប្រវត្តិជាង ៣០០០ឆ្នាំមកហើយ ដោយវាចាប់ផ្ដើមដំបូងនៅក្នុងប្រទេសចិន ដោយផ្ដល់ប្រាក់កម្ចីដល់កសិករ ឬអាជីវកម្មខ្នាតតូច។ យ៉ាងណាមិញ គេក៏បានរកកំណត់ត្រាពីការដាក់ទ្រព្យបញ្ចាំនេះពីក្រិចបុរាណ និងនៅទូទាំងចក្រភពរ៉ូមផងដែរ។
➥ តើអាជីវកម្មទទួលបញ្ចាំទ្រព្យ និងប្រាតិភោគដោយអនុប្បទាន ជាប្រភេទអាជីវកម្មស្របច្បាប់ដែរឬទេ?
បើស្របតាមការប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នូវរាល់អាជីវកម្មដែលទទួលប្រាក់បញ្ចាំត្រូវតែសុំការអនុញ្ញាតិ ឬមានអាជ្ញាប័ណ្ណត្រឹមត្រូវពីក្រសួង ដើម្បីដំណើរការអាជីវកម្មដោយស្របច្បាប់បាន។ អាជីវកម្មស្របច្បាប់គឺដើម្បីអាចរក្សាបាននូវសណ្ដាប់ធ្នាប់សង្គម ចៀសវាងម្ចាស់អាជីវកម្មទទួលទ្រព្យបញ្ចាំពីករណីលួចប្លន់ជាដើម។
➥ តើអាជីវកម្មនេះទទួលប្រាក់ចំណេញតាមរយៈណា?
កម្ចីដាក់ទ្រព្យបញ្ចាំនេះ អាចមានអត្រាការប្រាក់ចន្លោះពី 2% ទៅ 5% អាស្រ័យតាមទីកន្លែងផ្សេងគ្នា ដោយអ្នកខ្ចីយល់ព្រមបង់ ជាមួយកិច្ចសន្យាក្នុងរយៈពេលណាមួយ (ប្រចាំថ្ងៃ ឬប្រចាំខែ)ជាដើម។
➥ តើវាមានភាពខុសគ្នាដូចម្ដេចខ្លះរវាងកម្ចីនេះនៅហាង និងនៅធនាគារ?
ជាធម្មតា កម្ចីដោយដាក់ទ្រព្យបញ្ចាំនេះ វាអាចសាកសមសម្រាប់អ្នកដែលត្រូវការលុយបន្ទាន់ភ្លាមៗ ដ្បិតថាវាមានភាពរហ័ស ដោយចំណាយពេលវេលាត្រឹមតែប៉ុន្មានម៉ោង ជាមួយឯកសារមួយចំនួន រីឯកម្ចីធនាគារអាចត្រូវការសំណុំឯកសារច្រើន និងអាចចំណាយពេលចន្លោះពី ១ថ្ងៃទៅមួយសប្ដាហ៍ ទើបដំណើរការឯកសារបានរួចរាល់។ យ៉ាងណាមិញ អ្នកខ្ចីគួរពិនិត្យមើលទីតាំង ទីកន្លែង និងលិខិតកិច្ចសន្យាឱ្យច្បាស់លាស់ ចៀសវាងអាជីវកម្មមិនស្របច្បាប់ ដែលអាចធ្វើឱ្យខាតបង់ទ្រព្យធនរបស់អ្នកផងដែរ។
មកដល់សព្វថ្ងៃនេះ យើងឃើញថាអាជីវកម្មទទួលទ្រព្យបញ្ចាំហាក់មានទីតាំងច្រើន មិនថាតែក្នុងរាជធានីភ្នំពេញ ឬតាមបណ្ដាខេត្ត ដែលអាជីវកម្មទាំងនេះអាចជួយសម្រួលដល់បញ្ហាហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋយើងច្រើន ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍជាដើម។
ប្រភពដកស្រង់នៃពាក្យគន្លឹះ៖ សន្ទានុក្រមពាក្យច្បាប់ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និង នីតិរដ្ឋប្បវេណី៕