ចំណូលរដ្ឋគឺជាប្រាក់ចំណូលដែលទទួល ឬប្រមូលបានដោយរដ្ឋាភិបាលមកពីវិស័យផ្សេងៗគ្នា ហើយក៏ជាឧបករណ៍ដ៏សំខាន់មួយនៃគោលនយោបាយសារពើពន្ធរបស់រដ្ឋាភិបាល។ ប្រភពនៃចំណូលរដ្ឋដ៏ចម្បងបំផុតនោះ គឺចំណូលបានមកពីសារពើពន្ធ ពន្ធគយ និងអាករ ដែលនាយកដ្ឋានពន្ធដារ និងនាយកដ្ឋានគយជាអ្នកទទួលខុសត្រូវ ហើយស្ថិតនៅជាបន្ទុកក្រោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
បើយោងទៅតាម ច្បាប់ហិរញ្ញវត្ថុ ប្រភពចំណូលរបស់ព្រះរាជាណាចក្រកម្ពុជា រួមមាន៖
➥ ក.ចំណូលចរន្ត (ចំណូលប្រក្រតី)៖
គឺជាចំណូលសកម្មមានកំណត់ថេរវេលាប្រចាំឆ្នាំ ដែលចំណូលនេះត្រូវបានប្រើប្រាស់ដើម្បីគាំទ្រប្រតិបត្តិការរបស់រដ្ឋ ហើយភាគច្រើនបានពីប្រជាពលរដ្ឋ។
‣ ចំណូលចរន្តរួមមាន៖
១. ចំណូលសារពើពន្ធ៖ ចំណូលពន្ធគយ និងចំណូលពន្ធ និងអាករគ្រប់ប្រភេទ (ឬចំណូលពន្ធគយ និងចំណូលពន្ធដារ) ។
• ចំណូលពន្ធគយ៖ ជាទូទៅត្រូវបានគេស្គាល់ថាជាពន្ធនាំចេញ ឬនាំចូល ដែលត្រូវឆ្លងកាត់មន្រ្តីគយមុននឹងអាចនាំចេញ ឬនាំចូលផលិតផលបាន ដោយតម្រូវឱ្យបង់ប្រាក់ពន្ធវិញជូនរដ្ឋ។
• ចំណូលពន្ធ និងអាករផ្សេងៗ៖ គឺជាចំណូលលើផលិតផល ឬសេវាកម្ម ដែលមានច្រើនប្រភេទ ព្រមទាំងមានចែងអត្រាកំណត់ច្បាស់លាស់នៅក្នុងច្បាប់សារពើពន្ធ។ ឧទាហរណ៍ អាករដែលយើងជួបជាក់ស្តែងប្រចាំថ្ងៃគឺមាន អាករលើតម្លៃបន្ថែម (Value Added Tax) និងពន្ធលើប្រាក់បៀវត្ស។
២. ចំណូលមិនមែនសារពើពន្ធ៖ ចំណូលពីការលក់និង ជួលទ្រព្យសម្បត្តិរដ្ឋ ដូចជាដីសម្បទាន៩៩ឆ្នាំ ព្រមទាំងដីកម្មសិទ្ធិរដ្ឋផ្សេងៗទៀត ឬចំណូលពីលិខិតឆ្លងដែន និងទិដ្ឋាការ ភាស៊ីផ្សារ។
➥ ខ.ចំណូលមូលធន៖
គឺជាចំណូលដុលដែលបានមកពី ប្រភពក្នុង និង ក្រៅប្រទេសរួមមាន៖
១. ជំនួយ (កម្ចី) និងជំនួយឥតសំណង ដែលកម្ពុជាទទួលបានពីបណ្តាប្រទេសនានា រួមមាន៖ ប្រទេសជប៉ុន ចិន សហគមន៍អឺរ៉ុប អូស្រ្តាលី អាមេរិក កាណាដា ។ ល។
២. ជំនួយ (កម្ចី) និងជំនួយឥតសំណង ដែលកម្ពុជាទទួលបានពីបណ្តាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា រួមមាន៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក (WB) ។ ល។
៣. វិនិយោគសាធារណៈដោយហិរញ្ញប្បទានក្នុង និងក្រៅប្រទេសក្នុងលក្ខខណ្ឌអភិវឌ្ឍប្រទេស។
គួរបញ្ជាក់ផងដែរថា បើយោងទៅតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុគិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២០ ចំណូលរដ្ឋសរុបមាន ២ ៦៦២ ៩០៣ លានរៀល ដែលតួលេខមានការថមថយ ពោលគឺសម្រេចបានត្រឹមតែ ៨០,៦៤% នៃច្បាប់ហិរញ្ញវត្ថុតែប៉ុណ្ណោះ ដោយសារតែការរីករាលដាលនៃជំងឺកូវីឌ-១៩។ យ៉ាងណាមិញក្នង ២០២១ នេះ ចំណូលរដ្ឋក្នុងប្រទេស ត្រូវបានគ្រោងថានឹងអាចមានចំនួនសរុប ២១ ៤៤៥ ៤៩២ លានរៀល ផងដែរ។
សរុបមក ចំណូលរដ្ឋពិតជាសំខាន់ណាស់សម្រាប់ទ្រទ្រង់រាល់ការចំណាយរបស់រដ្ឋដេីម្បីជំរុញការអភិវឌ្ឍឲ្យកាន់តែមានការរីកចំរើនរួមមានសេដ្ឋកិច្ចជាតិ សកម្មភាពពង្រីក និងពង្រួមរបស់រាជរដ្ឋាភិបាល សំណង់សាងសង់ហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសយើង។
ប្រភពស្រាវជ្រាវ និងទិន្នន័យដកស្រង់ចេញពី៖
- របាយការណ៍ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាលថ្នាក់ជាតិប្រចាំខែវិច្ឆិកាឆ្នាំ២០២០ (ទិន្នន័យបឋម)
- ច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០០៧