បើនិយាយពីការដាក់ប្រាក់នៅធនាគារ ជាពិសេសការដាក់ប្រាក់រយៈពេលយូរៗ យើងតែងតែឮមតិពីរខុសគ្នា ដែលបង្ហាញពីការយល់ឃើញរបស់ខ្លួនទៅលើរឿងនេះ។ អ្នកខ្លះថាការទុកប្រាក់យូរនៅធនាគារគឺជារឿងមួយដែលល្អ ហើយយើងគួរតែធ្វើព្រោះវាបានទាំងចំណេញការប្រាក់ និងមានសុវត្ថិភាពថែមទៀត។ ចំណែកមតិខ្លះយល់ថា មិនគួរទុកប្រាក់របស់ខ្លួនយូរបែបនេះនៅធនាគារឡើយ ព្រោះវាជាការខាតបង់មួយយ៉ាងធំ។ ប្រាកដណាស់ ការដាក់ប្រាក់រយៈពេលយូរ មានទាំងគុណសម្បត្តិ និងគុណវិបត្តិរបស់វា ដែលយើងគួរតែដឹងមុននឹងសម្រេចចិត្តថា ទុកប្រាក់នៅធនាគាររយៈពេលយូរដែរឬទេ?
គុណសម្បត្តិ
• ទទួលអត្រាការប្រាក់ថេរ៖
នៅពេលដែលយើងមានប្រាក់មួយចំនួន ហើយមិនទាន់ចាំបាច់ប្រើប្រាស់ យើងគួរតែគិតដល់ការដាក់ប្រាក់នៅធនាគារ ដែលវាអាចផ្ដល់ជាផលចំណេញមួយចំនួនជាការប្រាក់ត្រឡប់មកកាន់យើងវិញតាមរយៈការដាក់ប្រាក់នោះ។ ជាទូទៅ យើងអាចទទួលបានអត្រាការប្រាក់ចន្លោះពី 3.5% - 4.5% ក្នុងមួយឆ្នាំសម្រាប់លុយដុល្លា និងពី 4% - 6% សម្រាប់លុយរៀល នៅពេលយើងបើកគណនីមានកាលកំណត់។
• មានសុវត្ថិភាពខ្ពស់ និងងាយតាមដាន៖
ការដាក់ប្រាក់នៅធនាគារ គឺធានាបាននូវសុវត្ថិភាពខ្ពស់បំផុត យើងមិនបារម្ភពីការបាត់បង់ ការខូតខាត នូវសាច់ប្រាក់ដែលយើងមាននោះទេ។ លើសពីនេះទៅទៀត យើងក៏មានភាពងាយ
ស្រួលក្នុងការតាមដានសាច់ប្រាក់របស់យើងផងដែរ ព្រោះធនាគារជាច្រើនបានបង្កើតភាពងាយស្រួលដល់អតិថិជនតាមរយៈការបង្កើតមធ្យាបាយត្រួតពិនិត្យគណនីរបស់យើងស្របទៅតាមបច្ចេកវិទ្យាយ៉ាងទំនើប។
• ផ្ដល់ផលប្រយោជន៍ល្អសម្រាប់គោលដៅសន្សំអ្វីមួយ៖
សម្រាប់អ្នកដែលមានបំណងចង់សន្សំប្រាក់ ដើម្បីសម្រេចគោលបំណងនាពេលអនាគតណាមួយ គួរតែជ្រើសរើសការដាក់ប្រាក់រយៈពេលវែងនៅធនាគារ។ ការដាក់ប្រាក់សន្សំនៅធនាគារមានភាពងាយស្រួលជាខ្លាំងសម្រាប់យើង រាប់ចាប់ពីការបើគណនី ការតាមដានការសន្សំ និងការគ្រប់គ្រងគឺសុទ្ធតែដំណើរការយ៉ាងសាមញ្ញ និងងាយស្រួលបំផុត។
គុណវិបត្តិ
• ពិបាកដកប្រាក់យកមកប្រើប្រាស់ជាបន្ទាន់៖
ថ្វីបើការដាក់ប្រាក់បានផ្ដល់អត្ថប្រយោជន៍មួយចំនួនដល់អ្នកប្រើប្រាស់ក៏ដោយ ប៉ុន្តែវាក៏មានផលវិបាកយ៉ាងខ្លាំងនៅពេលដែលយើងត្រូវការប្រាក់សម្រាប់ប្រើប្រាស់បន្ទាន់ គឺយើងត្រូវធ្វើការស្នើសុំទៅកាន់ធនាគារដែលយើងដាក់ ហើយលុយដែលយើងខំដាក់មកជាយូរនឹងប្ដូរទៅជាគណនីសន្សំធម្មតា និងអាចបាត់បង់ការប្រាក់តែម្ដង។
• បាត់បង់ឱកាសក្នុងការយកប្រាក់ទៅវិនិយោគលើវិស័យផ្សេងៗ៖
ថ្វីបើយើងអាចទទួលបានការប្រាក់ពីធនាគារនៅពេលយើងយកប្រាក់ទៅដាក់ក្នុងរយៈពេលវែងក៏ដោយ ក៏ផលចំណេញនេះនៅមានកម្រិតមួយដ៏ទាបនៅឡើយបើធៀបនឹងការយកប្រាក់នេះទៅវិនិយោគលើប្រភពផ្សេងៗទៀតដូចជា ការធ្វើអាជីវកម្ម វិនិយោគអចលនទ្រព្យ ឬ ភាគហ៊ុនជាដើម ដែលអាចឲ្យយើងទទួលបានផលចំណេញច្រើនលើលពីការដាក់ប្រាក់រយៈពេលវែងនៅធនាគារទៅទៀត។
• ផលចំណេញមិនស័ក្តិសមនឹងពេលវេលាវិនិយោគ៖
ការប្រាក់ដែលទទួលបានពីការដាក់ប្រាក់រយៈពេលវែងនៅធនាគារអាចនឹងមិនស័ក្តិសមសម្រាប់មនុស្សមួយចំនួន ព្រោះពួកគាត់បានយកប្រាក់របស់ខ្លួនមកដាក់សន្សំក្នុងរយៈពេលមួយដ៏យូរ តែផលតបស្នងមកវិញគឺស្ថិតនៅក្នុងចំនួនមួយដ៏តិចតួច ដែលមិនស័ក្តិសមទៅនឹងពេលវេលាដែលគាត់បានយកប្រាក់របស់គាត់មកតម្កល់ទុកនៅធនាគារនោះឡើយ។
ការដាក់ប្រាក់រយៈពេលយូរមានទាំងគុណសម្បត្តិ និងគុណវិបត្តិរបស់វា ដូច្នេះមុននឹងយើងសម្រេចថាដាក់ ឬមិនដាក់ យើងគួរតែគិតឲ្យបានដិតដល់ជាមុន បើយើងពេញចិត្តនូវផលប្រយោជន៍ដែលទទួលបានពីការដាក់ប្រាក់នេះយើងគួរសម្រេចចិត្តដាក់ និងជ្រើសរើសធនាគារមួយណាដែលស័ក្តិសមសម្រាប់យើង តែបើយើងគិតថា យើងមិនអាចទទួលយកបាននូវគុណវិបត្តិរបស់វានោះទេ យើងក៏មិនគួរដាក់ប្រាក់របស់យើងនោះដែរ។