វិបត្តិហិរញ្ញវត្ថុ គឺជាបញ្ហាមួយដ៏ស្មុគស្មាញបំផុតមិនងាយនឹងដោះស្រាយចេញនោះទេ ប្រសិនបើមនុស្សដែលជួបបញ្ហានោះមិនសូវចេះតស៊ូព្យាយាម និងមិនមានសមត្ថភាពក្នុងការស្វែងរកដំណោះស្រាយដើម្បីរំដោះខ្លួនចេញពីរណ្ដៅបញ្ហានេះទេនោះ។ ទាំងយើងទាំងគេ មិនមាននរណាម្នាក់ចង់ជួបវិបត្តិមួយនេះឡើយ តែបើជ្រុលជាជួបទៅហើយយើងគួរស្វែងរកផ្លូវចេញមួយដ៏ត្រឹមត្រូវ ដើម្បីអាចឲ្យខ្លួនយើងរួចផុតពីវិបត្តិមួយនេះបាន។ ខាងក្រោមជាជំហានមួយចំនួនដែលយើងអាចធ្វើបាននៅពេលដែលយើងបានធ្លាក់ខ្លួន ចូលទៅក្នុងរណ្ដៅនៃវិបត្តិហិរញ្ញវត្ថុ។
ជំហានទី១ ប្រឈមមុខនឹងបញ្ហា៖
នៅពេលដែលយើងជួបវិបត្តិហិរញ្ញវត្ថុ រឿងដំបូងគេដែលយើងគួរធ្វើនោះគឺការទទួលស្គាល់ការពិតថា យើងកំពុងជួបបញ្ហាមួយនេះ យើងមិនត្រូវគេចវេសពីបញ្ហានេះឡើយ ព្រោះការគេចវេសវាមិនបានជួយយើងឲ្យចេញផុតពីបញ្ហាមួយនេះបានទេ ដូច្នេះហើយត្រូវទទួលស្គាល់វា ហើយរកវិធីដោះស្រាយតាមបែបវិជ្ជមាន ហើយព្យាយាមរំដោះខ្លួនចេញម្ដងបន្តិចៗនោះយើងនឹងអាចរួចផុតពីវិបត្តិនេះជាមិនខាននៅពេលណាមួយ។
ជំហានទី២ បង្កើតកញ្ចប់ថវិកា និងគ្រប់គ្រងលំហូរសាច់ប្រាក់ ៖
មូលហេតុចម្បងដែលនាំយើងមកជួបវិបត្តិហិរញ្ញវត្ថុក៏អាចបណ្ដាលមកពីការចាយវាយរបស់យើង រួមមានដូចជា ការកំណត់ប្រភពចំណាយមិនបានត្រឹមត្រូវ និងចាយវាយតាមតែចិត្តរបស់ខ្លួន និងគ្មានផែនការចាយវាយជាដើម។ យើងគួរតែពិនិត្យឡើងវិញនូវប្រភពចំណាយរបស់យើង ឲ្យបានច្បាស់ថា ក្នុងចំណោមប្រភពចំណាយទាំងនោះ មួយណាដែលយើងត្រូវតែចំណាយចាំបាច់ មួយណាជាចំណាយមិនចាំបាច់។ ក្រោយពីកំណត់ប្រភពចំណាយរួចរាល់ យើងគួរតែរៀបចំផែនការថ្មីមួយផ្ទាល់ខ្លួនដែលសមស្របទៅនឹងស្ថានភាពហិរញ្ញវត្ថុយើង។
ជំហានទី៣ បង្កើនប្រភពចំណូល៖
ដើម្បីចេញឲ្យផុតពីវិបត្តិហិរញ្ញវត្ថុបានគឺតម្រូវឲ្យយើងខិតខំប្រឹងប្រែងខ្លាំងជាមុន ព្រោះក្នុងដំណាក់កាលនេះស្ថានភាពហិរញ្ញវត្ថុរបស់យើងមិនសូវជាល្អប៉ុន្មានទេ អ៊ីចឹងហើយ បើយើងមិនខំរកចំណូលឲ្យបានច្រើនជាងមុនទេ មិនដឹងពេលណាយើងបានត្រឡប់មករកស្ថានភាពហិរញ្ញវត្ថុល្អប្រសើរវិញនោះឡើយ។ ក្នុងពេលនេះ យើងគួរស្វែងរកការងារក្រៅម៉ោងបន្ថែមនៅពេលទំនេរ អាចលក់ផលិតផលឬសេវាកម្មដែលយើងអាចធ្វើបាន ហើយយើងក៏អាចលក់របស់មួយចំនួនដែលយើងមិនត្រូវការដើម្បីយកចំណូលផងដែរក្នុងករណីចាំបាច់។
ជំហានទី៤ ដោះស្រាយបំណុល៖
ពេលដែលយើងមានប្រភពចំណូលសមរម្យមួយចំនួនហើយ យើងគួរតែគិតគូរពីការដោះបំណុលផ្សេងៗដែលយើងមានឲ្យអស់កាន់តែលឿនកាន់តែប្រសើរ ព្រោះបំណុលទាំងអស់នេះនឹងធ្វើឲ្យយើងកាន់តែដុនដាបទៅៗ បើសិនជាយើងនៅតែដោះវាចេញមិនអស់។ យើងអាចប្រើប្រាស់វិធីសាស្ត្រដោះស្រាយបំណុលតាមបែប Snowball Method ដែលជាវិធីសាស្ត្រមួយដែលផ្តោតលើការដោះស្រាយពីបំណុលតូចបំផុតរហូតដល់បំណុលដែលធំជាងគេបានផងដែរ។លើសពីនេះទៅទៀតក៏មានវិធីសាស្រ្តជាច្រើនផ្សេងទៀតដែលយើងអាចប្រើបាន ហើយវិធីសាស្ត្រទាំងអស់សុទ្ធតែមានរបៀប និងអត្ថប្រយោជន៍ផ្សេងៗគ្នា។
ជំហានទី៥ ស្វែងរកជំនួយ៖
យើងមិនគួរដោះស្រាយបញ្ហាហិរញ្ញវត្ថុដែលយើងកំពុងជួបតែម្នាក់ឯងនោះទេ យើងគួរតែស្វែងរក គ្រួសារ មិត្តភក្តិ មនុស្សដែលយើងស្គាល់ និងជំនាញហិរញ្ញវត្ថុ ដើម្បីជួយយើងក្នុងប្រឹក្សាយោបល់ និងដោះស្រាយបញ្ហាដែលយើងកំពុងតែជួបប្រទះ។
ជារួមការគេចវេសពីបញ្ហាក្នុងពេលដែលយើងជួបវិបត្តិហិរញ្ញវត្ថុមិនមែនជារឿងមួយដែលល្អនោះទេ យើងគួរតែបើកចិត្តទទួលយកការពិត ហើយដោះស្រាយវាពីមួយដំណាក់កាលទៅមួយដំណាក់កាលទើបជារឿងមួយដ៏ល្អ និងបង្ហាញឲ្យឃើញថាយើងជាមនុស្សរឹងប៉ឹង ក៏ដូចជាមានទំនួលខុសត្រូវខ្ពស់ផងដែរ៕