ម្ចាស់អាជីវកម្មនីមួយៗតែងមានបំណងចង់ឱ្យអាជីវកម្មរបស់ខ្លួនជោគជ័យ និងរីកចម្រើនទៅមុខជាលំដាប់ ដែលក្នុងនោះគឺតម្រូវឱ្យម្ចាស់អាជីវកម្មត្រូវរៀនស្វែងយល់ និងយកចិត្តទុកដាក់ទៅលើផ្នែកនីមួយៗឱ្យបានគ្រប់ជ្រុងជ្រោយនៃអាជីវកម្មខ្លួន។ មួយវិញទៀត អ្វីដែលម្ចាស់អាជីវកម្មត្រូវពិចារណាដល់នោះ គឺកត្តានានាដែលម្ចាស់អាជីវកម្មមួយចំនួនមិនសូវបានចាប់អារម្មណ៍ដល់ ដែលជាហេតុធ្វើឱ្យអាជីវកម្មអាចនឹងក្ស័យធនបាន។
ខាងក្រោមនេះ យើងនឹងលើកយកនូវការធ្វេសប្រហែសនានាដែលអាចធ្វើឱ្យអាជីវកម្មក្ស័យធន៖
• ការគ្រប់គ្រងលំហូរសាច់ប្រាក់នៅមានកម្រិត៖
ម្ចាស់អាជីវកម្មត្រូវចាំបាច់តាមដានពីស្ថានភាពហិរញ្ញវត្ថុអាជីវកម្មខ្លួនឱ្យបានទៀងទាត់និងល្អិតល្អន់ ដ្បិតថា បើម្ចាស់អាជីវកម្មមិនបានយកចិត្តទុកដាក់នឹងស្ថានភាពហិរញ្ញវត្ថុខ្លួន ដូចជា ការប្រើប្រាស់ប្រាក់ផ្ទាល់ខ្លួនលាយឡំនឹងប្រាក់អាជីវកម្ម ដែលធ្វើឱ្យម្ចាស់អាជីវកម្មមិនអាចដឹងច្បាស់ពីបរិមាណចំណេញខាត ឬក៏អាចធ្វើឱ្យអាជីវកម្មកាន់តែខាតច្រើនរហូតដល់ក្ស័យធន។ ម្យ៉ាងទៀត ការធ្វើផែនការហិរញ្ញវត្ថុក៏ផ្ដល់សារៈសំខាន់ដល់អាជីវកម្មផងដែរ ដើម្បីអាចផ្គត់ផ្គង់ដល់ការចំណាយនានាទាំងរយៈពេលខ្លី និងរយៈពេលវែងរបស់អាជីវកម្មដែលមានដូចជា ចំណាយលើថ្លៃទឹកភ្លើង សម្ភារៈ បុគ្គលិក និងថ្លៃសេវាកម្មនានាជាដើម។
ជាងនេះទៅទៀត បើម្ចាស់អាជីវកម្មមិនបានកំណត់ផែនការហិរញ្ញវត្ថុឱ្យបានច្បាស់លាស់ទេ តួយ៉ាងដូចជាការចំណាយលើការធ្វើទីផ្សារ ដែលម្ចាស់អាជីវកម្មអាចនឹងលក់ផលិតផលក្នុងតម្លៃធូរថ្លៃ ក្នុងរយៈពេលយូរ ដែលធ្វើឱ្យអាជីវកម្មមិនអាចបង្កើនប្រាក់ចំណូល ហើយដើមទុនកាន់តែខ្សត់ខ្សោយ នេះជាហេតុដែលនាំឱ្យអាជីវកម្មឈានដល់ការបិទទ្វារ។
• មិនយកចិត្តទុកដាក់ជាមួយអតិថិជន និងដៃគូសហការ៖
ជាក់ស្ដែង អតិថិជនបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជួយគាំទ្រដល់ដំណើរការអាជីវកម្មរបស់អ្នក ប្រសិនបើអ្នកមិនយកចិត្តទុកដាក់នឹងអតិថិជនទេ នោះអាចធ្វើឱ្យអាជីវកម្មរបស់អ្នកកាន់តែដុនដាប។ ឧទាហរណ៍ ប្រសិនបើមានអតិថិជនដើរចូលមកកន្លែងអាជីវកម្មរបស់អ្នក តែបុគ្គលិករបស់អ្នកមិនបានសម្ដែងការគួរសម ដោយធ្វើព្រងើយកន្ដើយ និងមិនបានសួរនាំពីតម្រូវការរបស់អតិថិជននោះ ច្បាស់ណាស់ដែលអតិថិជននោះនឹងលែងមកទិញទំនិញឬសេវាកម្មរបស់អ្នកទៀត ទោះបីគុណភាពទំនិញឬសេវាកម្មនោះល្អយ៉ាងណាក៏ដោយ ហើយវាថែមទាំងអាចប៉ះពាល់ដល់កេរ្ដិ៍ឈ្មោះរបស់អាជីវកម្មអ្នកផងដែរ។
ជាងនេះទៅទៀត ម្ចាស់អាជីវកម្មគប្បីពង្រឹងនូវសមត្ថភាពទំនាក់ទំនង និងដោះស្រាយបញ្ហារបស់ខ្លួន ដើម្បីផ្ដល់ភាពងាយស្រួលក្នុងចរចាជាមួយដៃគូអាជីវកម្ម អតិថិន ដើម្បីរកដំណោះស្រាយនានា ក៏ដូចជាពង្រីកបន្ថែមនូវដៃគូអាជីវកម្មដើម្បីឱ្យមានមនុស្សស្គាល់អាជីវកម្មអ្នកកាន់តែច្រើន។
• ការគ្រប់គ្រងបុគ្គលិក និងដំណើរការអាជីវកម្មនៅមានកម្រិត៖
សមត្ថភាពនៃការគ្រប់គ្រងទាំងអាជីវកម្ម និងបុគ្គលិក ពិតជាមានសារៈសំខាន់ណាស់នៅក្នុងការជួយឱ្យអាជីវកម្មនីមួយៗអាចដំណើរការទៅមុខ និងអាចសម្រេចបានដោយជោគជ័យនៃគោលដៅអាជីវកម្មខ្លួន ប្រសិនបើគ្មានការគ្រប់គ្រងច្បាស់លាស់ទេនោះ អាជីវកម្មពិបាកនឹងបន្តទៅមុខជាក់ជាមិនខាន។ តួយ៉ាង នៅក្នុងការគ្រប់គ្រងបុគ្គលិក ប្រសិនបើអ្នកមិនបានបែងចែកបុគ្គលិករបស់អ្នកឱ្យបានត្រឹមត្រូវទៅតាមជំនាញរបស់ពួកគេទេ នោះពួកគេងាយនឹងបោះបង់ និងមិនមានភាពតស៊ូក្នុងការងារឡើយ ហើយអាចបង្កជាហានិភ័យនានាដល់អាជីវកម្មអ្នកទៀតផង។
លើសពីនេះ អ្នកគួរលើកទឹកចិត្តដល់បុគ្គលិករបស់អ្នក តាមរយៈការផ្ដល់ជារង្វាន់ និងការបណ្ដុះបណ្ដាលបន្ថែមដល់បុគ្គលិកអ្នកនូវជំនាញថ្មីៗដើម្បីឆ្លើយតបនឹងតម្រូវការអាជីវកម្ម ដែលសកម្មភាពទាំងនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់អ្នកទៅកាន់បុគ្គលិក ព្រោះថាភាពជោគជ័យនៃអាជីវកម្មគឺមិនអាចទៅរួចបានទេ ប្រសិនបើគ្មានការជួយជ្រោមជ្រែងពីបុគ្គលិកគ្រប់ផ្នែកនោះ។
• មិនមានគោលជំហរច្បាស់លាស់ពេលធ្វើយុទ្ធសាស្ត្រទីផ្សារ៖
ការតាមដានពីស្ថានភាពទីផ្សារពិតជាមានសារៈសំខាន់ណាស់ ព្រោះថាទីផ្សារតែងតែប្រែប្រួលជាប្រចាំ ដែលទាមទារឱ្យម្ចាស់អាជីវកម្មតាមដាន និងស្វែងរកនូវដំណោះស្រាយនានាដើម្បីអាចឆ្លើយតបទៅនឹងការប្រែប្រួលទាំងនេះ។ ជាក់ស្ដែង ការធ្វើទីផ្សារមួយដើម្បីបានជោគជ័យ លុះត្រាណាតែម្ចាស់អាជីវកម្មស្គាល់ពីស្ថានភាពទីផ្សារច្បាស់លាស់ និងអាចកំណត់ពីដែននៃការពង្រីកនៃអាជីវកម្មទីផ្សាររបស់ពួកគេ។ ឧទាហរណ៍ ប្រសិនបើអ្នកបើកដំណើរការអាជីវកម្មលក់គ្រឿងអេឡិចត្រូនិចជាប្រភេទអាជីវកម្មអនឡាញដោយពឹងផ្អែកលើប្រព័ន្ធផ្សព្វផ្សាយជាជំនួយដូចជាហ្វេសប៊ុក instagram។ល។
ដើម្បីឱ្យការធ្វើទីផ្សារទទួលបានប្រសិទ្ធភាព លុះត្រាតែអ្នកត្រូវកំណត់ទិសដៅឱ្យច្បាស់លាស់ជាតួលេខដូចជា ចំនួន Reach ចំនួនលក់ផលិតផល ការចាយវាយលើប្រព័ន្ធផ្សព្វផ្សាយជាដើម បើមិនដូច្នោះទេ ការចំណាយធនធានរបស់អាជីវកម្មនឹងត្រូវខាតបង់ឥតប្រយោជន៍ ដែលអាចធ្វើឱ្យអាជីវកម្មឈានដល់ការក្ស័យធន។
ដើម្បីឱ្យអាជីវកម្មអាចដំណើរការទៅមុខបានដោយរលូន ម្ចាស់អាជីវកម្មគួរចៀសវាងនូវការធ្វេសប្រហែសទាំងនេះ ម្យ៉ាងទៀត ម្ចាស់អាជីវកម្មគប្បីស្វែងយល់បន្ថែមពីការធ្វើផែនការអាជីវកម្ម (Business Planning)។ ជាក់ស្ដែង ការមានផែនការអាជីវកម្មច្បាស់លាស់ អាចធ្វើឱ្យអាជីវកម្មមានមូលដ្ឋានគ្រឹះរឹងមាំ រីឯម្ចាស់អាជីវកម្មក៏កាន់តែយល់ច្បាស់ពីទំនិញឬសេវាកម្មរបស់ខ្លួន អាចដាក់គោលដៅអាជីវកម្មបានត្រឹមត្រូវ និងធ្វើឱ្យការគ្រប់គ្រងនៅក្នុងអាជីវកម្មមានប្រសិទ្ធិភាព ដែលជួយឱ្យអាជីវកម្មសម្រេចបាននូវគោលដៅរបស់ខ្លួន៕
ចុចទីនេះដើម្បីស្វែងយល់បន្ថែមពី: គ្រប់គ្រង់ហានិភ័យសម្រាប់អាជីវកម្ម