កាលពីថ្ងៃមុន យើងបាននិយាយរួចហើយកត្តាអ្វីខ្លះដែលអ្នកគួរគិតគូរសម្រាប់ម្ចាស់អាជីវកម្មថ្មីថ្មោង ដោយថ្ងៃនេះ យើងនឹងលើកយកចំណុចធំមួយមកពិភាក្សានោះគឺ បើចង់បើកអាជីវកម្ម គួរប្រើទីតាំងទីតាំងខ្លួនឯង ឬជួលគេ? រវាងការប្រើទីតាំងខ្លួនឯង និងការជួលគេ វាអាចមានចំណុចល្អ និងចំណុចមិនសូវល្អរៀងៗខ្លួនដូចខាងក្រោម៖
១. ទីតាំងភូមិសាស្ត្រ
ទីតាំងភូមិសាស្ត្រជាកន្លែងដែលសំខាន់បំផុតសម្រាប់ម្ចាស់អាជីវកម្មនីមួយៗ ដែលទីតាំងភូមិសាស្ត្រនេះទៀតសោត វាក៏អាស្រ័យនឹងប្រភេទអាជីវកម្មរបស់អ្នកដូចគ្នាដែរ។ យើងនឹងប្រៀបធ្រៀបរឿងពីរជូនអ្នកទាំងអស់គ្នា៖ អ្នកមានទីតាំងខ្លួនឯងស្ថិតនៅតំបន់ជាយក្រុង មិនមែនជាតំបន់អភិវឌ្ឍន៍ និងមិនសូវមានតំបន់កម្សាន្ត ខណៈពេលដែលអ្នកចង់បើកហាង/តូបកាហ្វេ។ សំណួរដ៏សាមញ្ញនោះគឺ តើអ្នកនឹងសម្រេចចិត្តបោះទុនរកស៊ីអាជីវកម្មកន្លែងដែលគ្មានមនុស្ស ឬយ៉ាងណា? ដូចនេះ អ្នកគួរគិតគូរជួលទីតាំងនៅក្នុងតំបន់ទីប្រជុំជន ទីកន្លែងដែលអាចផ្ដល់ប្រាក់ចំណូលដល់អាជីវកម្មរបស់អ្នកជាក់ជាមិនខាន។
២.គម្រោងកញ្ចប់ថវិកា
ក្នុងនាមជាម្ចាស់អាជីវកម្ម គម្រោងកញ្ចប់ថវិកាពិតជាសំខាន់ណាស់ សម្រាប់ចាត់ចែងការចាយវាយលើផ្នែកនីមួយៗ ដ្បិតថា បើអ្នកមានទីតាំងខ្លួនឯង អ្នកបានកាត់បន្ថយថ្លៃចំណាយរហូតស្ទើរតែពាក់កណ្ដាលនៃថ្លៃចំណាយទូទៅ រីឯការជួលទីតាំងវិញ វាអាចមានតម្លៃថ្លៃ នេះមិនទាន់រាប់បញ្ចូលថ្លៃចំណាយទឹកភ្លើង បុគ្គល សម្ភារៈ និងចំណាយថ្លៃលើរៀបចំហាងនោះឡើយ។
ដូចនេះ ប្រសិនបើអ្នកចង់ចំណាយលុយកាក់លើការជួលទីតាំង សូមប្រាកដថាអ្នកមានប្រាក់ទុនបម្រុងសម្រាប់ទប់ទល់នឹងចំណាយរយៈពេលចន្លោះពី ៣ ទៅ ៦ខែ ឬមួយឆ្នាំឡើង (អាស្រ័យលើប្រភេទអាជីវកម្ម) មុននឹងអ្នកទទួលបានប្រាក់ចំណេញ។
៣. ទីតាំងអំណោយផល
ប្រសិនបើអ្នកសម្រេចចិត្តជួលទីតាំងរួចហើយ រឿងបន្ទាប់ ដែលអ្នកគួរគិតពិចារណានោះគឺ៖
ក. ទីតាំងអំណោយផលសម្រាប់អតិថិជន៖ បានន័យថា ទីតាំងនោះត្រូវតែទីកន្លែងងាយស្រួលក្រឡេកមើលឃើញ មានចំណតសមគួរ មានការឌីគ័រហាងឱ្យត្រូវប្រភេទនៃអាជីវកម្មនោះ។
ខ. តំបន់ដែលអ្នកអាចបង្កើនប្រាក់ចំណូល៖ សំដៅទៅលើការជួលទីតាំងឱ្យត្រូវនឹងប្រភេទអាជីវកម្ម។ គួរកត់សម្គាល់ថា បើទោះបីជាអ្នកជួលទីតាំងកណ្ដាលក្រុងក៏ដោយ ប៉ុន្តែបើប្រភេទផលិតផល សេវាកម្មរបស់អ្នកមិនត្រូវនឹងប្រភេទអថិជន អ្នកនឹងមិនអាចមានលទ្ធភាពបង្កើនប្រាក់ចំណូលបាននោះឡើយ។
៤.ចម្ងាយពីដៃគូប្រកួតប្រជែង
ការជ្រើសយកទីតាំងក្បែរគូប្រជែងដែលមានគោលដៅអតិថិជនដូចគ្នាអាចផ្ដល់ទាំងផលវិជ្ជមាន និង អវិជ្ជមាន។ គេអាចដណើ្ដមភ្ញៀវរបស់យើងបាន ជាពិសេសពេលដែលអាជីវកម្មរបស់គេជាម៉ាកយីហោល្បី ពេលដែលគេបន្ទាបតម្លៃ ឬមានការផ្ដល់ជូនពិសេសផ្សេងៗ។ ផ្ទុយទៅវិញ យើងអាចទទួលបាន ប្រយោជន៍ពីការដាក់ទីតាំងជិតគូប្រជែង ព្រោះអតិថិជនបច្ចុប្បន្នចូលចិត្ត តំបន់អាជីវកម្មដែលមាន ជម្រើសច្រើននៅក្បែរៗគ្នា។ ឧទាហរណ៍ មួយចំនួន មានដូចជាហាងលក់សម្លៀកបំពាក់តាមជួរផ្លូវកម្ពុជាក្រោម ហាងលក់ម៉ូតូតាមបណ្ដោយផ្លូវព្រះសីហនុ និងហាងលក់គ្រឿងសង្ហារឹមតាមផ្លូវទេពផនជាដើម។
៥.លទ្ធភាពលក់អនឡាញ
ម្ចាស់អាជីវកម្មក្នុងសម័យយុគឌីជីថល រមែងមានផ្លូវពីរដើម្បីបើកដំណើរការអាជីវកម្ម ដោយទីមួយគឺជាប្រភេទអាជីវកម្ម Offline (ពឹងលើអតិថិជនស្គាល់ទីតាំង) និងទីពីរ ជាប្រភេទអាជីវកម្មអនឡាញ ដោយអតិថិជនមិនចាំបាច់ស្គាល់ទីតាំងរបស់យើងនោះឡើយ។ ចឹង! ក្នុងករណីអាជីវកម្មរបស់អ្នកអាចដំណើរការអនឡាញបាន ជម្រើសទីតាំងអាជីវកម្មអាចមិនសូវជាបញ្ហា សម្រាប់អ្នកនោះទេ។ ការទិញទំនិញអនឡាញចាប់ផ្ដើមពេញនិយម ដោយសារវាជួយសន្សំសំចៃពេលវេលារបស់អតិថិជន ហើយពួកគាត់អាចមានជម្រើសច្រើន។
សរុបមកវិញ ជួលទីតាំង ឬប្រើប្រាស់ទីតាំងខ្លួនឯង វាអាស្រ័យលើប្រភេទផលិតផល និងសេវាកម្មរបស់អ្នកនោះថា ផលិតផលរបស់អ្នកត្រូវការទីតាំងនៅក្រុងដែរឬយ៉ាងណា។ ដើម្បីជាជំនួយដល់ការសម្រេចចិត្តថានឹងប្រើទីតាំងខ្លួនឯង ឬជួលទីតាំងគេដើម្បីប្រកបអាជីវកម្ម យើងត្រូវស្វែងយល់ពីកត្តាមួយចំនួនដូចមានរៀបរាប់ខាងលើ ដើម្បីឱ្យអាជីវកម្មរបស់ទទួលបានប្រសិទ្ធភាព និងភាពរីកចម្រើន៕